កាលពីថ្ងៃទី២៤ សីហា គឺជាទិវាបុណ្យឯករាជ្យជាតិអ៊ុយក្រែន គឺជាខួបទី៣៤ ដែលសាធារណរដ្ឋអ៊ុយក្រែន សព្វថ្ងៃនេះបានឯករាជ្យពីសហភាពសូវៀត។
ប៉ុន្តែទិវាជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងចំពេលប្រទេសអ៊ុយក្រែន ធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ដែលនៅតែបន្ត បើទោះបីជាមានការប្រឹងប្រែងពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ុន្មានថ្ងៃកន្លងមកនេះ ជំរុញឲ្យមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ ក៏ភាគីរុស្ស៊ី នៅតែមិនបានធ្វើឱ្យរីកចម្រើនទៅរកសន្តិភាពឡើយ។
ទីក្រុងមូស្គូ កំពុងវាយសន្ធប់កាន់តែខ្លាំងគាបសង្កត់អ៊ុយក្រែន ឱ្យប្រគល់ទឹកដីឲ្យខ្លួន ជាពិសេសនៅតំបន់ដុនបាស់។
ក្នុងខួបទី៣៤ នៃទិវាបុណ្យឯករាជ្យជាតិអ៊ុយក្រែន ឆ្នាំនេះ ជាព្រឹត្តិការណ៍ពោរពេញទៅដោយសេចក្តីឈឺចាប់ជាទីបំផុត ព្រោះតែសង្គ្រាមឈ្លានពានរបស់រុស្ស៊ី វាយប្រហារលើអ៊ុយក្រែន កាន់តែមានសភាពធ្ងន់ធ្ងរឡើង។
លោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បានដឹកនាំកម្មវិធីគោរពទង់ជាតិអ៊ុយក្រែន នៅក្នុងបរិយាកាសដ៏សែនក្តុកក្តួល។ តែសេចក្ដីថ្លែងការណ៍របស់លោក ហ្សេឡេនស្គី បានរំលេចនូវខ្លឹមសារ គឺសច្ចាវាយបកទៅលើទីក្រុងមូស្គូ រៀងរាល់ថ្ងៃដោយគ្មានថ្ងៃបញ្ឈប់ឡើយ។
លោកបញ្ជាក់ថា កងទ័ពអ៊ុយក្រែន គ្មានខ្លាចញញើតនឹងសត្រូវឈ្លានពានឡើយ។ ពួកគេកៀកស្មាគ្នាដើម្បីមាតុភូមិជាទីស្រឡាញ់។
សេចក្ដីថ្លែងការណ៍ទៅកាន់កងទ័ពជួរមុខ លោក ហ្សេឡេនស្គី បានលើកឡើងអំពីទង់ជាតិអ៊ុយក្រែន ដែលមានពណ៌ខៀវ និងពណ៌លឿង គឺជាព្រលឹងជាតិនៃប្រជាជាតិអ៊ុយក្រែន ដែលទង់ជាតិនេះត្រូវមានលើកវាឡើងនៅលើទឹកដីអ៊ុយក្រែន ទាំងអស់។
សម្រង់សេចក្ដីថ្លែងការណ៍របស់លោក ហ្សេឡេនស្គី មានដូច្នេះថា៖ «ទង់ជាតិ គឺជាបុព្វហេតុ និងជាសេចក្តីសុបិនរបស់ប្រជាជនអ៊ុយក្រែន គ្រប់រូប ដែលរស់នៅក្នុងទឹកដីដែលពួកចោរឈ្លានពានកំពុងតែគ្រប់គ្រង។ យើងស្រឡាញ់ និងលើកតម្កើងទង់ជាតិរបស់យើង ព្រោះវាជាព្រលឹងជាតិយើង។ ប្រាកដណាស់ថាយើងទាំងអស់គ្នាប្ដេជ្ញាមិនបោះបង់ទឹកដីយើង ទៅឲ្យចោរឈ្លានពានដាច់ខាត ទោះកាលៈទេសៈណាក៏ដោយ។ ទង់ជាតិនេះ ជានិមិត្តរូបដ៏មានតម្លៃក្នុងជម្រៅចិត្តរបស់កងទ័ពយើងកំពុងប្រយុទ្ធជាមួយនឹងការឱបទង់ជាតិ ដើម្បីយកឈ្នះសត្រូវ។ យើងមិនបោះបង់ទង់ជាតិយើងឱ្យសត្រូវជាន់ឈ្លីនោះទេ។ ប្រជាជនអ៊ុយក្រែន ទាំងប្រុសទាំងស្រី ស្ម័គ្រប្រយុទ្ធការពារមិនមែនតែនៅសមរភូមិនោះទេ គឺនៅក្រោយសមរភូមិយើង សាមគ្គីគ្នារួមកម្លាំងគ្នា ព្រោះយើងត្រូវតែការពារជាតិរបស់យើងទាំងមូល។ ជាតិយើងមិនស្លាប់ទេ។ យើងបន្តងើបឈរព្រមគ្នាវាយរុញសត្រូវឈ្លានពានទឹកដីយើង។ យើងគ្មានពេលចាញ់សត្រូវទេ ហើយសត្រូវក៏គ្មានឱកាសឈ្នះយើងដែរ។»
នេះជាសាររបស់លោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី ក្នុងទិវាខួប ៣៤ឆ្នាំ ដែលថ្លែងទៅកាន់ជនរួមជាតិអ៊ុយក្រែន និងទៅកាន់កងទ័ពនៅសមរភូមិមុខ កាលពីថ្ងៃទី២៤ សីហា ជាទិវារំលឹកឯករាជ្យពិតប្រាកដរបស់ប្រជាជាតិអ៊ុយក្រែន ដែលអន្តរជាតិទទួលស្គាល់អ៊ុយក្រែន ជារដ្ឋអធិបតេយ្យពេញលេញក្រោយពីបែកចេញពីសហភាពសូវៀត នៅខែសីហា ឆ្នាំ១៩៩១។
ពិធីនេះប្រារព្ធកាលពីព្រឹកថ្ងៃអាទិត្យ នៅរដ្ឋធានីគៀវ ដើម្បីរំលឹកវិញ្ញាណក្ខន្ធជូនកងទ័ពអ៊ុយក្រែន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ការពារឯករាជ្យ និងបូរណភាពទឹកដីអ៊ុយក្រែន។
ទីលានសាធារណៈនៅទីក្រុងគៀវ ប្រជាជនអ៊ុយក្រែន បានដាក់បាច់ផ្កា អុជទៀន និងដាក់ទង់ជាតិអ៊ុយក្រែន អមជាមួយរូបថតទាហានដែលស្លាប់ និងបាត់ខ្លួន។
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និងប្រេសិតពិសេសរបស់លោក ដូណាល់ ត្រាំ លោក Keith Kellogg ក៏បានទៅចូលរួមដែរ។
នាយករដ្ឋមន្ត្រីកាណាដា ដែលបានជាន់ទីក្រុងគៀវ ជាលើកដំបូង លោកបានប្ដេជ្ញាជួយអ៊ុយក្រែន ប្រយុទ្ធតតាំងដើម្បីឯករាជ្យ និងសន្តិភាព ជាមួយនឹងការបញ្ចេញកញ្ចប់ជំនួយយោធាក្នុងទំហំសាច់ប្រាក់ ៧០០លានដុល្លារ ដែលជំនួយនេះត្រូវបានលោក Mark Carney ប្រកាសជាសាធារណៈនៅពេលលោកធ្វើសេចក្ដីថ្លែងការណ៍ក្នុងទិវាឯករាជ្យជាតិអ៊ុយក្រែន នៅថ្ងៃទី២៤ សីហា នៅចំពោះហ្វូងមហាជនអ៊ុយក្រែន និងចំពោះមុខលោក ហ្សេឡេនស្គី។
ក្នុងឱកាសនេះ រដ្ឋាភិបាលន័រវែស សហការជាមួយនឹងអាល្លឺម៉ង់ ក្នុងការផ្ដល់ប្រព័ន្ធការពារផ្លូវអាកាសទៅឲ្យអ៊ុយក្រែន ក្នុងទំហំសាច់ប្រាក់ ៧០០លានដុល្លារ។
នៅមុនមួយថ្ងៃនៃទិវាឯករាជ្យជាតិ ២៤ សីហា ប្រទេសហុឡង់ដ៍ បានបញ្ជូនខែលការពារប៉ាទ្រីយូតមួយគ្រឿងទៀតទៅឱ្យអ៊ុយក្រែន។
រហូតមកដល់ពេលនេះ សង្គ្រាមរបស់រុស្ស៊ី ឈ្លានពានអ៊ុយក្រែន មានរយៈពេលជាង ៣ឆ្នាំ ៦ខែហើយ។ បើទោះជាកងទ័ពរុស្ស៊ី បាត់បង់កើនឡើងជាង ១លាន ៧ម៉ឺននាក់ តែលោក វ៉្លាឌីមៀ ពូទីន នៅតែប្រកាសបន្តសង្គ្រាមវាយកាន់កាប់ទឹកដីអ៊ុយក្រែន។
ផែនការសន្តិភាពរបស់លោក ត្រាំ ដែលលោកសង្ឃឹមខ្លួនឯងថានឹងមានជំនួបត្រីភាគីមួយរវាងលោក ពូទីន និងលោក ហ្សេឡេនស្គី រួមនឹងរូបលោក កំពុងតែធ្លាក់ក្នុងបរាជ័យ ព្រោះលោក ពូទីន មិនព្រមជួបលោក ហ្សេឡេនស្គី ដែលក្រុងមូស្គូ លើកឡើងថាលោក ហ្សេឡេនស្គី មិនមានភាពស្របច្បាប់តំណាងឱ្យប្រជាជនអ៊ុយក្រែន នោះទេ ព្រោះអាណត្តិរបស់លោកជាប្រធានាធិបតីអ៊ុយក្រែន បានអស់សុពលភាពតាំងពីខែមេសា ឆ្នាំ២០២៤។
លោក Sergey Lavrov ប្រមុខការទូតរុស្ស៊ី បានថ្លែងស្ដីបន្ទោសថាមកពីក្រុមប្រទេសលោកខាងលិច គិតតែពីញុះញង់អ៊ុយក្រែន ហើយប្រើកលល្បិចរារាំងដើម្បីកុំឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។
ក្រុមប្រទេសអឺរ៉ុបបានរួមគ្នាខំឱ្យមានយន្តការដើម្បីការពារសន្តិសុខអ៊ុយក្រែន ឲ្យបានរឹងមាំ ក្រោយពីអ៊ុយក្រែន និងរុស្ស៊ី បញ្ចប់សង្គ្រាម ព្រោះអឺរ៉ុបបារម្ភរុស្ស៊ី អាចមានឱកាសឈ្លានពានអ៊ុយក្រែន ជាថ្មីម្ដងទៀត។
ក្រុមប្រទេសអឺរ៉ុបប្រកាសហើយថា អ៊ុយក្រែនត្រូវតែមានអធិបតេយ្យភាពពេញលេញដូចមុនឆ្នាំ១៩៩១ ជាឆ្នាំដែលប្រទេសទាំងពីរ រុស្ស៊ីនិងអ៊ុយក្រែន កំណត់បាននូវខ្សែបន្ទាត់ព្រំដែនរួមជាមួយគ្នា ដែលទទួលស្គាល់ដោយអន្តរជាតិ ក្រោយពីអ៊ុយក្រែន និងរុស្ស៊ី បញ្ចប់ឋានៈជារដ្ឋចំណុះឱ្យសហភាពសូវៀត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
