The Cambodia Daily Khmer

អឺរ៉ុប​នៅតែ​មិន​ទាន់​ឈាន​ដល់​កិច្ចព្រមព្រៀង​សន្តិសុខ​សម្រាប់​អ៊ុយក្រែន ព្រោះតែ​រង់ចាំ​ការ​បញ្ជាក់​ជំហរ​ពី​លោក ត្រាំ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុង​កិច្ចប្រជុំ​ស្វែងរក​សន្តិភាព​សម្រាប់​អ៊ុយក្រែន កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៥។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុង​កិច្ចប្រជុំ​ស្វែងរក​សន្តិភាព​សម្រាប់​អ៊ុយក្រែន កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៥។

កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ខែ​សីហា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Marco Rubio បាន​ពិភាក្សា​ជាមួយ​បណ្តា​សមភាគី​អឺរ៉ុប។ ការ​ពិភាក្សា​នោះ ផ្ដោត​ជា​សំខាន់​អំពី​តួនាទី​របស់​អាមេរិក​ក្នុង​ការ​ជួយ​ពង្រឹង​សន្តិសុខ​សម្រាប់​អ៊ុយក្រែន នៅ​ពេល​ដែល​រុស្ស៊ី និង​អ៊ុយក្រែន ព្រម​បញ្ចប់​សង្គ្រាម។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ដកស្រង់​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក ចុះផ្សាយ​នៅ​ថ្ងៃទី​២៦ សីហា នេះ​ថា លោក Rubio បាន​និយាយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស លោក David Lammy រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Andrii Sybiha រដ្ឋមន្ត្រី​ការបរទេស​ហ្វាំងឡង់ អ្នកស្រី Elina Valtonen និង​ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប (EU) អ្នកស្រី Kaja Kallas។

នា​ឱកាស​សន្ទនា​គ្នា​នេះ លោក Sybiha បាន​លើកឡើង​ថា អ៊ុយក្រែន​អរគុណ​ចំពោះ​លោក Rubio សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក និង​ចំពោះ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ សម្រាប់​ភាព​ជា​អ្នក​ដឹកនាំ​បង្កើត​សន្តិភាព តែ​លោក Sybiha សង្កត់​ធ្ងន់​ថា ការ​ធានា​សន្តិសុខ​ដល់​អ៊ុយក្រែន គឺជា​គន្លឹះ​ដ៏​សំខាន់​នៃ​សន្តិភាព​រឹងមាំ​សម្រាប់​អ៊ុយក្រែន។

តើ​យន្តការ​បែប​ណា​ដែល​អាមេរិក និង​អឺរ៉ុប ត្រូវ​ប្រកាន់​យក​ក្នុង​ការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន?

ការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន បាន​ក្លាយ​ជា​ប្រធានបទ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចរចា ដើម្បី​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន។ ក្រុម​មេដឹកនាំ​លោកខាងលិច បាន​សន្យា​ដល់​អ៊ុយក្រែន ជាមួយ​នឹង​ការ​ផ្តល់​ការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន តែ​ត្រូវ​ឆ្លង​ការ​យល់ព្រម​ពី​សហរដ្ឋ​អាមេរិក។

យន្តការ​ទាំងនេះ​ត្រូវ​បាន​ចាត់ទុក​ថា​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​មាត្រា​៥ នៃ​សន្ធិសញ្ញា​អាត្លង់ទិច​ខាងជើង ដែល​ជា​មូលដ្ឋាន​នាំ​ឱ្យ​មាន​ការ​បង្កើត​អង្គការ​យោធា​ណាតូ។

ចំពោះ​ការ​ធានា​សន្តិសុខ​សម្រាប់​ប្រទេស​អ៊ុយក្រែន ដែល​យក​រូបមន្ត​តាម​មាត្រា​៥ នៃ​អង្គការ​យោធា​ណាតូ មាន​ន័យ​ថា សម្ព័ន្ធភាព​ត្រូវ​បំពេញ​កាតព្វកិច្ច​លើក​ទ័ព​អន្តរាគមន៍​ទៅ​ប្រទេស​អ៊ុយក្រែន ប្រសិនបើ​រុស្ស៊ី បើក​ការ​ឈ្លានពាន​អ៊ុយក្រែន ម្ដង​ទៀត។

ប៉ុន្តែ ក្រុម​លោកខាងលិច​ក៏​មាន​ជម្រើស​មួយ​ទៀត រួម​គ្នា​ផ្ដោត​លើ​ការ​ពង្រឹង​កម្លាំង​ប្រដាប់​អាវុធ​របស់​អ៊ុយក្រែន ដោយ​គ្មាន​ដែន​កំណត់ ដែល​រុស្ស៊ី អាច​ជំទាស់​ផង​ដែរ តែ​មិន​ដូច​មាត្រា​៥ នៃ​អង្គការ​យោធា​ណាតូ​នោះ​ទេ។ ចំណុច​មួយ​ផ្សេង​ទៀត​ដែល​កំពុង​ត្រូវ​បាន​លើកឡើង​នោះ គឺ​ការ​ដាក់​ពង្រាយ​កងទ័ព​អឺរ៉ុប ចូល​ទៅ​កាន់​ដែនដី​អ៊ុយក្រែន។ ត្រង់​នេះ រុស្ស៊ី​បាន​ជំទាស់​ទៅ​ហើយ ក្រោម​ហេតុផល​ជា​កម្លាំង​ណាតូ។

ដូច្នេះ​ហើយ ក្រុម​លោកខាងលិច​អាច​រក​គោលការណ៍​ណា​មួយ​ដែល​មិនមែន​ជា​រូបមន្ត​ដូច​នឹង​ទ័ព​ណាតូ​នោះ​ទេ ទោះបី​ប្រទេស​ជាង ៣០ នៃ​ក្រុម​ចម្រុះ​សុឆន្ទៈ សុទ្ធសឹងតែ​ជា​សមាជិក​ណាតូ​ក៏ដោយ។

គំនិត​អំពី​ការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន ត្រូវ​បាន​លើកឡើង​ជា​លើកដំបូង​នៅ​ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​ពេល​ទីក្រុង​គៀវ (Kyiv) ស្នើ​ឲ្យ​មាន​ការ​បង្រួម​សន្តិសុខ​ជា​ប្រព័ន្ធ។ ក្រោយ​មក គំនិត​នេះ​ត្រូវ​បាន​ពង្រីក​បន្ថែម​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៣ នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​អង្គការ​ណាតូ នៅ​ទីក្រុង Vilnius នៃ​ប្រទេស​លីទុយអានី ដែល​មេដឹកនាំ​ក្រុម​ប្រទេស G7 មាន​ប្រទេស​ជប៉ុន មួយ​ដែរ បាន​យល់ព្រម​ចេញ​សេចក្តី​ប្រកាស​រួម​ស្ដីពី​ការ​គាំទ្រ​ដល់​អ៊ុយក្រែន។

ក្នុង​ឯកសារ​នោះ ប្រទេស​នីមួយៗ​បាន​កត់សម្គាល់​ថា​នឹង​ធ្វើការ​ជាមួយ​ទីក្រុង​គៀវ ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ទ្វេភាគី​រយៈពេល​វែង​ក្នុង​វិស័យ​សន្តិសុខ។ ជា​លទ្ធផល អ៊ុយក្រែន និង​លោកខាងលិច បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ទ្វេភាគី​ចំនួន ២៨​ប្រទេស ក្នុង​នោះ​ក៏​មាន​ប្រទេស​ជប៉ុន មួយ​ដែរ ទោះជា​ជប៉ុន មិន​ស្ថិត​ក្នុង​អឺរ៉ុប​ក្ដី។

ប្រទេស​ខ្លះ​បាន​កំណត់​ភាគរយ​នៃ​ជំនួយ​ហិរញ្ញវត្ថុ​ជាក់លាក់​ក្នុង​ថវិកា​សម្រាប់​ផ្ដល់​ជំនួយ​សន្តិសុខ​ដល់​ប្រទេស​អ៊ុយក្រែន មាន​ដូចជា ការ​ផ្តល់​អាវុធ ការ​ផ្ដល់​ភស្តុភារ​យោធា ការ​បណ្តុះបណ្តាល​កងទ័ព​អ៊ុយក្រែន។

ប៉ុន្តែ​កិច្ចព្រមព្រៀង​ទ្វេភាគី គឺ​ភាគច្រើន​មិន​បាន​ផ្តល់​ការ​ធានា​សន្តិសុខ​ពេញលេញ​ក្នុង​ករណី​មាន​ការ​វាយប្រហារ​ថ្មី​ពី​រុស្ស៊ី ឡើយ។ ដូច្នេះ ទើប​មេដឹកនាំ​ត្រូវ​បង្កើត​រូបមន្ត​រួម​មួយ​ក្នុង​ការ​បង្កើត​ជា​មាត្រា​មួយ​ដូច​នឹង​មាត្រា​៥ របស់​ណាតូ។

មាត្រា​៥ នៃ​លក្ខខណ្ឌ​របស់​យោធា​ណាតូ បាន​ចែង​ថា សមាជិក​ណាតូ​ទាំងអស់​ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន គឺ​ត្រូវ​លើក​ទ័ព​អន្តរាគមន៍​ជួយ​ប្រទេស​ណា​មួយ​ដែល​ត្រូវ​បាន​ឈ្លានពាន ដោយ​ចាត់ទុក​ថា​ការ​ឈ្លានពាន​ប្រទេស​សមាជិក​ណាតូ គឺ​ស្មើ​នឹង​ឈ្លានពាន​ដែន​អធិបតេយ្យភាព​ទាំងមូល​របស់​ណាតូ។

ការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន បាន​សិក្សា​ឡើងវិញ​កាលពី​ក្នុង​រដូវរងា ក្រោយ​ពេល​លោក ដូណាល់ ត្រាំ (Donald Trump) ត្រឡប់​មក​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​វិញ។ ព្រោះ​តែ​បារម្ភ​ជំហរ​របស់​លោក ត្រាំ មិន​ច្បាស់លាស់ មិន​ដូច​អតីត​ប្រធានាធិបតី ចូ បៃដិន ហើយ​មើល​ទៅ បាន​ជា​មេដឹកនាំ​លោកខាងលិច​ត្រូវ​បន្ថែម​ការ​ធានា​រឹងមាំ​ខ្លាំង​សម្រាប់​អ៊ុយក្រែន។ ទំនង​ដូច​នេះ​ហើយ បាន​ជា​ប្រធានាធិបតី​បារាំង Emmanuel Macron និង​នាយករដ្ឋមន្ត្រី​អង់គ្លេស Keir Starmer បាន​បើក​ការ​ពិភាក្សា​អំពី​ការ​ដាក់​ពង្រាយ​កងទ័ព​អឺរ៉ុប​នៅ​អ៊ុយក្រែន។

ប៉ុន្តែ​គំរូ​ចុងក្រោយ​សម្រាប់​ការ​ចូលរួម មិន​ទាន់​ត្រូវ​បាន​សម្រេច ទើប​ធ្លាយ​ចេញពី​ក្រោយពី​លោក ត្រាំ ជួប​លោក ពូទីន នៅ​រដ្ឋ​អាឡាស្កា កាលពី​ថ្ងៃទី​១៥ សីហា ក៏​មាន​ការ​កំណត់​ថា​អាច​យក​រូបមន្ត​មាត្រា​៥ នៃ​សន្ធិសញ្ញា​ណាតូ​យក​មក​ពិនិត្យ និង​ធ្វើការ​កែ​ខ្លះៗ​ឡើងវិញ។

ទោះជា​យ៉ាងណា ការ​រៀបចំ​ត្រូវ​បាន​ធ្វើ​យ៉ាង​ម៉ត់ចត់ ហើយ​គណៈកម្មការ​បច្ចេកទេស​ជាច្រើន​បាន​ធ្វើ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន។ មេដឹកនាំ​អឺរ៉ុប ក៏​បាន​ព្យាយាម​ស្វែងរក​ការ​គាំទ្រ​ពី​ទីក្រុង​វ៉ាស៊ីនតោន ផង​ដែរ សម្រាប់​ស្វែងរក​ការ​ការពារ​ដែនអាកាស និង​ការ​ស៊ើបការណ៍​សម្ងាត់ ប៉ុន្តែ​លោក ត្រាំ នៅ​ពេល​នោះ បង្ហាញ​ការ​ចាប់អារម្មណ៍​តិចតួច​បំផុត។

បន្ទាប់ពី​ជួប​ជាមួយ​លោក ត្រាំ លោក​អគ្គលេខាធិការ​ណាតូ Mark Rutte បាន​បញ្ជាក់​ថា ប្រទេស​ចំនួន ៣០ បាន​ធ្វើការ​លើ​ការ​ធានា​សន្តិសុខ​អ៊ុយក្រែន ក្រោយ​រុស្ស៊ី បញ្ឈប់​ការ​ឈ្លានពាន​អ៊ុយក្រែន។

អ្វី​ជា​ការ​ចាប់អារម្មណ៍​ចុងក្រោយ​នេះ នាយករដ្ឋមន្ត្រី​អ៊ីតាលី អ្នកស្រី Giorgia Meloni បាន​លើកឡើង​ថា ត្រូវ​ចែង​ឱ្យ​ច្បាស់​ពី​កាតព្វកិច្ច​បេសកកម្ម​របស់​ក្រុម​ចម្រុះ​សន្តិសុខ​សម្រាប់​អ៊ុយក្រែន។

តាម​អ្នកស្រី Giorgia Meloni ក្រោយពី​សន្តិភាព​ត្រូវ​បាន​ស្ដារ​ឡើងវិញ ជាមួយ​នឹង​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម បើ​រុស្ស៊ី លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ម្ដង​ទៀត គឺ ២៤​ម៉ោង​ប៉ុណ្ណោះ ទ័ព​អឺរ៉ុប​នឹង​ទៅ​ដល់​អ៊ុយក្រែន ហើយ​ចូល​ទៅ​សមរភូមិ​ជួរមុខ​ភ្លាម​ប្រយុទ្ធ​នឹង​កងទ័ព​រុស្ស៊ី។

ជាមួយ​គ្នា​នេះ អ្នកស្រី Hanna Shelest នាយក​កម្មវិធី​សិក្សា​ផ្នែក​សន្តិសុខ​អ៊ុយក្រែន យល់​ថា គំនិត​ផ្ដួចផ្ដើម​មាន​ភាព​ខុស​គ្នា​ច្រើន ប៉ុន្តែ​បច្ចុប្បន្ន​មាន​ការ​ព្យាយាម​បញ្ចូល​គ្នា​ឲ្យ​ទៅ​ជា​រូបមន្ត​តែ​មួយ។

ទោះជា​ភាគច្រើន​កើត​ចេញពី​សហភាព​អឺរ៉ុប​ក៏ដោយ ចំពោះ​សហរដ្ឋ​អាមេរិក​នៅតែ​ជា​អ្នក​សម្រេច​ចុងក្រោយ ស្រប​ពេល​លោក ត្រាំ បាន​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ក្នុង​ចក្ខុវិស័យ​សន្តិសុខ​សម្រាប់​អ៊ុយក្រែន។

យ៉ាងណា បញ្ហា​ចម្បង​មួយ គឺ​ភាព​ច្បាស់លាស់​ក្នុង​ការ​អនុវត្ត​កម្លាំង​ឈរជើង​ផ្ទាល់​នៅ​លើ​ទឹកដី​អ៊ុយក្រែន របស់​កងទ័ព​អាមេរិក ដែល​អឺរ៉ុប​ទាញ​សហរដ្ឋ​អាមេរិក​ចូល​ពាក់ព័ន្ធ​ផ្ទាល់ ខណៈ​លោក ត្រាំ មិន​ទាន់​បញ្ជាក់​ជំហរ​ចុងក្រោយ​របស់​លោក​នៅឡើយ​ទេ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version