អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម ជំរុញឱ្យលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បង្កើនទំនាក់ទំនងក្នុងក្របខ័ណ្ឌបក្សជាមួយគណបក្សប្រជាជនកម្ពុជា (CPP) ដើម្បីភ្ជាប់យុវជន និងយុវជន ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានបង្ហោះសេចក្តីសង្ខេបព័ត៌មានលើគណនីហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក តូ ឡឹម កាលពីរសៀលថ្ងៃចន្ទ ទី១ ខែកញ្ញា នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
លោក ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ច ២ថ្ងៃចាប់ពីថ្ងៃទី១ និងទី២ ខែកញ្ញា នេះ ទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមខួប ៨០ឆ្នាំនៃបុណ្យឯករាជ្យវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនោះ លោក ហ៊ុន សែន បានអញ្ជើញជួបប្រធានសភាវៀតណាម លោក ជិន ថាញ់មិន ផងដែរ។
លោក ជា ធីរិទ្ធិ បន្តថា អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម បានថ្លែងថា លោកជំរុញបន្ថែមទៀតឱ្យប្រទេសទាំងពីរ ជាពិសេសក្នុងក្របខ័ណ្ឌគណបក្ស បន្តចែករំលែកផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមក។
លោក ជា ធីរិទ្ធ បានឲ្យដឹងបន្ថែមទៀតថា លោក ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះបដិវត្តន៍ខែសីហា កាលពីឆ្នាំ១៩៤៥ ដែលមានអត្ថន័យសម្រាប់ប្រទេសវៀតណាម និងក៏ជាចំណុចសំខាន់មួយដែលកើតមានចលនានៃការតស៊ូដើម្បីទាមទារឯករាជ្យ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
លោក ហ៊ុន សែន ក៏បានលើកពីការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច យោធា ពាណិជ្ជកម្ម ដែលប្រទេសទាំងពីរមានភាពរីកចម្រើននាពេលបច្ចុប្បន្ននេះ។
ក្រុមអ្នកឃ្លាំមើលព្រមានថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម កម្ពុជាមិនទទួលបានប្រយោជន៍អ្វីពីប្រទេសវៀតណាម ទេ។ ជាក់ស្តែង រាល់ជំនួបរវាងមន្ត្រីរដ្ឋាភិបាលវៀតណាម ជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា ម្តងៗ វៀតណាមតែងស្នើសុំឱ្យភាគីកម្ពុជា ជួយសម្រួលការស្នាក់នៅដល់ជនជាតិវៀតណាម ដែលកំពុងរស់នៅដោយខុសច្បាប់តាំងពីជំនាន់លោក ហ៊ុន សែន នៅដឹកនាំ រហូតដល់លោក ហ៊ុន ម៉ាណែត ដឹកនាំបន្តនៅពេលនេះ។
ប្រភពដដែលអះអាងថា បើពិនិត្យលើទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម កន្លងមក គឺមានតែវៀតណាម ទាញយកផលប្រយោជន៍ពីកម្ពុជា តែប៉ុណ្ណោះ សូម្បីតំបន់ត្រីកោណអភិវឌ្ឍន៍ដែលកម្ពុជា វៀតណាម និងឡាវ កំពុងសហការគ្នាដោយការដាក់ខេត្តចំនួន ១៣ ចូលគ្នាសព្វថ្ងៃនេះ ក៏វៀតណាម កំពុងទាញផលប្រយោជន៍ពីខេត្តខ្មែរដែលបានដាក់ចូលក្នុងតំបន់ត្រីកោណនេះដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
