ក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃ ជុំវិញការបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងថាអាចធ្វើឱ្យកើនឡើងនូវភាពតានតឹង។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៥ កញ្ញា ថា ការចោទប្រកាន់បំភ្លៃខុសពីការពិតពីសំណាក់ភាគីថៃ មកលើកម្ពុជា អំពីការបង្ហោះដ្រូន មិនត្រឹមតែធ្វើឱ្យកើនឡើងនូវភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមកផងដែរ។
ប្រភពដដែលស្នើឱ្យភាគីថៃ ប្រកាន់ខ្ជាប់នូវគោលការណ៍ដែលភាគីទាំងពីរបានឯកភាពគ្នាដោយចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង ដែលជាចំណែកមួយក្នុងការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ព្រោះកម្ពុជាមិនបានបង្ហោះដ្រូនចូលដែនអធិបតេយ្យភាពថៃ ដូចការចោទប្រកាន់ដែលគ្មានការពិតនេះឡើយ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការគោរពបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក៏ដូចជាការអនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់ការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបាននាពេលកន្លងមកនោះ។
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មាន Thai Enquire បានចុះផ្សាយពីមជ្ឈមណ្ឌលប្រតិបត្តិការភូមិភាគ២ ថៃ ដែលបានចេញសេចក្តីប្រកាសព័ត៌មានថា កងកម្លាំងកម្ពុជាបានធ្វើចលនានៅតាមព្រំដែន រួមទាំងបង្ហោះដ្រូនចំនួន ២២គ្រឿង ដែលគេបានមើលឃើញនឹងភ្នែកក្នុងចំណោមដ្រូន ៥៣គ្រឿងផ្សេងទៀតដែលគេមិនអាចមើលឃើញដោយភ្នែក។
ប្រភពដដែល បញ្ជាក់ថា បច្ចុប្បន្ន ទាំងទាហានថៃ និងកម្ពុជា នៅតែដាក់ពង្រាយក្នុងទីតាំងរៀងៗខ្លួន ខណៈកងកម្លាំងថៃ បន្តយាមកាមនៅប៉ុស្តិ៍សង្កេតការណ៍ ដើម្បីតាមដានស្ថានការណ៍យ៉ាងដិតដល់ និងត្រៀមឆ្លើយតបតាមការចាំបាច់គ្រប់ពេលផងដែរ ដើម្បីការពារសន្តិសុខជាតិ។
ជុំវិញបញ្ហានេះ ពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១៥ កញ្ញា នេះថា រាល់ថ្ងៃនេះ ពួកគេតែងឮសំឡេងដ្រូនហោះលើដំបូលផ្ទះជាញឹកញាប់ ហើយពួកគេជឿថា នោះគឺជាដ្រូនរបស់ទាហានថៃ។
ប្រភពពីពលរដ្ឋដដែល អះអាងថា ការដែលពួកគេអះអាងថាដ្រូនទាំងនោះគឺជារបស់កងទ័ពថៃ ដោយសារតែពួកគេសម្គាល់ឃើញថា ចាប់តាំងពីផ្ទុះសង្គ្រាមកម្ពុជា-ថៃ រយៈពេល ៥ថ្ងៃ កាលពីចុងខែកក្កដា មក ដ្រូនបានហោះចូលក្នុងភូមិរបស់ប្រជាជនស៊ីវិលជាបន្តបន្ទាប់ ខណៈមូលដ្ឋានយោធាកម្ពុជាខ្លះក៏ត្រូវរងការវាយប្រហារដោយដ្រូនរបស់ថៃ ដែរ។
ជុំវិញបញ្ហានេះ ក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដោយហាមឃាត់ការបង្ហោះដ្រូនគ្រប់ប្រភេទ ក្រោយពិនិត្យឃើញភាគីថៃ បង្ហោះដ្រូនស៊ើបការណ៍ជារៀងរាល់ថ្ងៃដែលរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជា។
ក្រសួងមហាផ្ទៃកម្ពុជា បានហាមឃាត់មិនឱ្យមានការបង្ហោះដ្រូននៅក្នុងខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តសៀមរាប និងខេត្តកំពង់ធំ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ តទៅ រហូតមានការជូនដំណឹងជាថ្មី៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
