ខណៈដែលមេដឹកនាំអឺរ៉ុប និងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី កំពុងជួបគ្នានៅប្រទេសដាណឺម៉ាក មានការបញ្ចេញព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន Reuters ថាសហភាពអឺរ៉ុប កំពុងដាក់ចុះនូវផែនការបំបែកសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន ដោយរឹបអូសទាំងស្រុងនូវទ្រព្យសម្បត្តិរបស់រុស្ស៊ី នៅអឺរ៉ុប ដែលត្រូវបានបង្កកក្នុងទំហំពី ៣០០ពាន់លានទៅ ៣៥០ពាន់លានដុល្លារអាមេរិក បម្លែងជាហិរញ្ញវត្ថុទៅឱ្យអ៊ុយក្រែន ព្រោះជាការសងការខូចខាតប្រទេសអ៊ុយក្រែន ដោយសារសង្គ្រាមឈ្លានពានរបស់ទីក្រុងមូស្គូ។
ប៉ុន្តែក្នុងគម្រោងនេះ មានការជំទាស់ខ្លះដែរពីមេដឹកនាំប្រទេសមួយចំនួន ដោយទាមទារថា សហភាពអឺរ៉ុប គួរតែអនុវត្តទៅលើទ្រព្យសម្បត្តិរុស្ស៊ី ត្រឹមតែកាត់យកការប្រាក់ពីធនាគារកណ្ដាលរបស់រុស្ស៊ី នៅអឺរ៉ុប ដែលត្រូវបានបង្កកទៅឱ្យអ៊ុយក្រែន។
ទ្រព្យសម្បត្តិរុស្ស៊ី ត្រូវបានបង្កកនៅអឺរ៉ុប
បន្ទាប់ពីរុស្ស៊ី លើកទ័ពឈ្លានពានអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិក និងសម្ពន្ធភាពបានហាមការដកប្រាក់ចេញពីធនាគារកណ្ដាលរបស់រុស្ស៊ី នៅអឺរ៉ុប ដែលមានទំហំ ២៥០ពាន់លានដុល្លារអាមេរិក ដែលសាច់ប្រាក់នេះត្រូវបានសហភាពអឺរ៉ុប បង្កកក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី បង្កសង្គ្រាមឈ្លានពានអ៊ុយក្រែន។
កាលពីថ្មីៗនេះ ធនាគារកណ្ដាលរបស់រុស្ស៊ី នៅអឺរ៉ុប បញ្ជាក់ថា ធនាគារមានទ្រព្យសម្បត្តិពី ៣០០-៣៥០ពាន់លានដុល្លារអាមេរិក ដែលត្រូវបានបង្កក ហើយទ្រព្យសម្បត្តិទាំងអស់នេះជាទុនបម្រុងបរទេសរបស់រុស្ស៊ី មានដូចជាមាសផងដែរ។
ភាគច្រើននៃទ្រព្យសម្បត្តិរបស់រុស្ស៊ី មានច្រើនជាងគេនៅអឺរ៉ុប ហើយបានបម្លែងវាជាសាច់ប្រាក់នៅក្នុងធនាគាររបស់ខ្លួននៅក្នុងប្រទេសបែលហ្ស៊ិក តែធនាគារកណ្ដាលរបស់រុស្ស៊ី មិនមានទិន្នន័យជាក់លាក់ទាក់ទងទៅនឹងទ្រព្យសម្បត្តិអចលនទ្រព្យនោះទេ។
រូបិយប័ណ្ណ និងវិនិយោគទុនរបស់រុស្ស៊ី
នៅដើមឆ្នាំ២០២២ ធនាគារកណ្ដាលរបស់រុស្ស៊ី មានទ្រព្យសម្បត្តិជាក់ស្ដែងដែលបានកត់ត្រាជាក់លាក់ប្រហែលជា ២០៧ពាន់លានដុល្លារអាមេរិក ហើយនៅក្នុងទឹកដីសហរដ្ឋអាមេរិក មាន ៦៧ពាន់លានដុល្លារអាមេរិក។ បន្ថែមពីលើនេះ ទុនបម្រុងបរទេសរបស់រុស្ស៊ី មានប្រាក់ Yen គឺ ៣៦ពាន់លាន Yen។ ប្រាក់ដុល្លារកាណាដា មាន ១៩ពាន់លាន។ ប្រាក់ដុល្លារអូស្ត្រាលី មាន ៦ពាន់លាន និងប្រាក់ដុល្លារសិង្ហបុរី មាន ១៨០០លាន ហើយក្រៅពីនេះ មានរូបិយប័ណ្ណស្វីស និងបារាំង ប្រហែល ១ពាន់លាន។ រូបិយប័ណ្ណទាំងនេះ ជាទុនបម្រុងវិនិយោគរបស់រុស្ស៊ី នៅអឺរ៉ុប។
ទុនបម្រុងបរទេសទាំងនេះ ដែលរុស្ស៊ី ត្រៀមជាទុនវិនិយោគសម្រាប់ដោះដូរជាមួយនឹងប្រទេសចិន អាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស អូទ្រីស និងកាណាដា។
ផែនការរបស់សហភាពអឺរ៉ុប
សហភាពអឺរ៉ុបនៅពេលនេះ កំពុងប្រឹក្សាស្វែងរកគំនិតរួមក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកដើម្បីផ្ដល់ទៅឱ្យអ៊ុយក្រែន ប៉ុន្តែជាកម្ចី។ កម្ចីនេះវាស្ថិតក្នុងគម្រោងដែលប្រទេសអ៊ុយក្រែន ត្រូវទទួលបានជាការសងការខូចខាតពីសង្គ្រាមរបស់រុស្ស៊ី។ គណៈកម្មការអឺរ៉ុប បានប្រកាសថា រុស្ស៊ី អស់ទុនបម្រុងជាផ្លូវការរបស់ខ្លួនហើយនៅពេលនេះ។ មានន័យថា ការប្រាក់ទាំងអស់បានពីការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី នៅអឺរ៉ុប គឺគ្មានទៀតនោះទេ។
តែយ៉ាងណា ផែនការនេះកំពុងជំទាស់ដោយប្រទេសហុងគ្រី។
ចាប់តាំងពីសហភាពអឺរ៉ុប ប្រកាសបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្ដាលរបស់រុស្ស៊ី មាននៅអឺរ៉ុប ប្រទេសអ៊ុយក្រែន ទទួលបាន ៥០ពាន់លានដុល្លារអាមេរិកក្នុងគម្រោងកម្ចី។
ធនាគារដែលអាចផ្ទេរទ្រព្យសម្បត្តិរបស់រុស្ស៊ី នៅអឺរ៉ុប ទៅឱ្យអ៊ុយក្រែន មានតែមូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF។ IMF បានចុះកិច្ចសន្យាទទួលគ្រប់គ្រងមូលនិធិដែលបានមកពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី នៅអឺរ៉ុប មានរយៈពេល ២ឆ្នាំម្ដង នឹងពិនិត្យកិច្ចសន្យាឡើងវិញ។
ឥឡូវនេះ គណៈកម្មការអឺរ៉ុប បានយល់ព្រមនូវសាច់ប្រាក់ ២ពាន់លានដុល្លារអឺរ៉ូ សម្រាប់ជួយផលិតដ្រូនទៅឱ្យអ៊ុយក្រែន។ សាច់ប្រាក់នេះ នឹងត្រូវដកចេញពីធនាគារកណ្ដាលរបស់រុស្ស៊ី នៅអឺរ៉ុប។
ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen និយាយថា ទំហំសាច់ប្រាក់នេះត្រូវបានយល់ព្រមរួចហើយកាលពីក្នុងជំនួបនៅទីក្រុងប្រ៊ុចសែល កាលពីថ្មីៗនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
