The Cambodia Daily Khmer

បុរស​ខ្លាំង​កម្ពុជា​ប្រាប់​ប្រទេស​ម៉ាឡេស៊ី អំពី​ភ្លេង​ខ្មោច​ដែល​ភាគី​ថៃ បំពង​សំឡេង​បន្លាច​ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ឧបនាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក Dato Seri Ahmad Zahid bin Hamidi ក្នុង​ជំនួប​នា​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២៥។

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ឧបនាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក Dato Seri Ahmad Zahid bin Hamidi ក្នុង​ជំនួប​នា​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២៥។

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​មន្ត្រី​ជាន់ខ្ពស់​ប្រទេស​ម៉ាឡេស៊ី អំពី​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ ជាពិសេស​ការ​ចាក់​សំឡេង​ខ្មោច សំឡេង​ព្រឺព្រួច និង​សំឡេង​រំខាន​ផ្សេងៗ​ពី​ភាគី​ថៃ នៅ​ក្នុង​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ដែល​អាច​នឹង​បង្ក​ជា​បញ្ហា​ផុយ​ស្រួយ​ខ្លាំង​អាច​ប៉ះទង្គិច​គ្នា​ឡើងវិញ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ជុំវិញ​ជំនួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Dato Seri Ahmad Zahid bin Hamidi នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ បច្ចុប្បន្ន​នេះ​មាន​ការ​ចាក់​សំឡេង​ខ្មោច និង​សំឡេង​ផ្សេងៗ​ទៀត​ពី​ភាគី​ថៃ ក្នុង​បំណង​រំខាន​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ភូមិ​ទាំង​ពីរ​នេះ ខណៈ​សកម្មភាព​នេះ​បាន​កើតឡើង​ជាច្រើន​យប់​មក​ហើយ។

លោក​អះអាង​ថា ស្ថានភាព​ទូទៅ​នៃ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ គឺជា​កង្វល់ និង​ជា​បញ្ហា​ផុយ​ស្រួយ​ខ្លាំង​បំផុត​ដែល​អាច​នឹង​ប៉ះទង្គិច​គ្នា​ឡើងវិញ។

លោក ហ៊ុន សែន បញ្ជាក់​ថា ប្រទេស​កម្ពុជា មិន​ត្រូវការ​ឲ្យ​ប្រទេស​ណា​មួយ ឬ​ក៏​មិត្ត​របស់​ប្រទេស​កម្ពុជា ថ្កោលទោស​ប្រទេស​ណា​ទេ ព្រោះ​អ្វី​ដែល​ប្រទេស​កម្ពុជា ចង់បាន គឺ​ភាគី​ទាំង​ពីរ​គោរព​បទ​ឈប់​បាញ់​ឲ្យ​មាន​ប្រសិទ្ធភាព និង​ការ​ស្វែងរក​ដំណោះស្រាយ ដើម្បី​ឈាន​ទៅ​រក​ប្រក្រតីភាព​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ ឡើងវិញ។

ពីរ​ថ្ងៃ​មុន​កន្លង​ទៅ​នេះ ប្រធាន​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល IOT ឧត្ដមសេនីយ៍ត្រី Samsul Rizal Bin Musa ពី​កងទ័ព​ជើងគោក​ប្រទេស​ម៉ាឡេស៊ី បាន​ថ្លែង​ប្រាប់​អ្នកកាសែត ដោយ​សរសើរ​ទាហាន​ថៃ ដែល​បាន​គោរព​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ មាន​វិន័យ​តាំងពី​ពលទាហាន ដល់​នាយទាហាន​ជាន់ខ្ពស់ ដោយ​ឥត​បន្លឹមបន្លំ​ឡើយ។

លោក ហ៊ុន សែន គូសបញ្ជាក់​ថា មុខនាទី​ស្នូល​នៃ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ពិត​ជា​មាន​សារសំខាន់​បំផុត​ដែល​ត្រូវ​ធ្វើ​យ៉ាងណា ទាំង​ការ​ធានា​បទ​ឈប់​បាញ់ និង​ការ​ដោះស្រាយ​បញ្ហា​រវាង​កម្ពុជា និង​ថៃ ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​នា​ពេលនេះ។

កាលពី​ប្រទេស​កម្ពុជា ទទួល​មុខនាទី​ជា​ប្រធាន​អាស៊ាន​ដូរ​វេន​នៅ​ឆ្នាំ​២០២២ លោក ហ៊ុន សែន ក៏​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​នៅ​ប្រទេស​ម្ញ៉ាន់ម៉រ ឬ​ភូមា បាន ហើយ​ទទួល​រង​ការ​រិះគន់​ពី​គ្រប់​ទិសទី។

ដំណាល​ពេល​គ្នា​នេះ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៣ ខែ​តុលា នេះ​ថា ចាប់តាំងពី​យប់​ថ្ងៃទី​១០ ដល់​យប់​ថ្ងៃទី​១២ ខែ​តុលា នេះ យោធា​ថៃ បាន​ចាក់​បំពង​សំឡេង​ខ្លាំងៗ​ពេញ​មួយ​រាត្រី នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ដូចជា សំឡេង​ភាពយន្ត​ឯកសារ សំឡេង​តន្ត្រី​ចម្រៀង​ថៃ តន្ត្រី​ចម្រៀង​ប្រពៃណី​ខ្មែរ សំឡេង​ព្រះសង្ឃ​សូត្រ​ព្រះធម៌ សំឡេង​ស្មូត្រ និង​សំឡេង​ព្រឺព្រួច​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កាសែត​ថៃ The Nation បាន​ស្រង់​សម្ដី​មន្ត្រី​ជាន់ខ្ពស់​នៃ​ការិយាល័យ​អគ្គព្រះរាជអាជ្ញា​ថៃ (OAG) កាលពី​ថ្ងៃទី​១៣ ខែ​តុលា ដោយ​ព្រមាន​ថា ការ​បន្លឺ​សំឡេង​ខ្មោច​តាមរយៈ​ឧបករណ៍​បំពង​សំឡេង​នៅ​ព្រំដែន​កម្ពុជា-ថៃ អាច​ធ្វើ​ឱ្យ​ប្រទេស​ថៃ រង​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​អនុសញ្ញា​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម (CAT)។

មន្ត្រី​ពី​ការិយាល័យ​អគ្គព្រះរាជអាជ្ញា​ថៃ រូប​នេះ បញ្ជាក់​ថា ការ​បំពង​សំឡេង​ដ៏​គួរ​ឱ្យ​ភ័យខ្លាច ដូចជា សំឡេង​ភាពយន្ត​ខ្មោច សំឡេង​ធុង​ទឹក និង​សំឡេង​យន្តហោះ F-16 ដើម្បី​ប្រឆាំង​នឹង​ជនជាតិ​នៃ​ប្រទេស​កម្ពុជា អាច​ត្រូវ​បាន​គេ​បកស្រាយ​ថា​ជា​ការ​រំលោភ​លើ​កាតព្វកិច្ច​អន្តរជាតិ​ដោយ​ភាគី​ប្រទេស​ថៃ ក្រោម​អនុសញ្ញា​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម (CAT) ដែល​ប្រទេស​ថៃ បាន​ផ្តល់​សច្ចាប័ន​នោះ។

ជាង​នេះ​ទៀត ទីប្រឹក្សា​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​ប្រទេស​ថៃ (Human rights Watch) លោក ស៊ុនណៃ ផាស៊ុក (Sunai Phasuk) បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ថា ការ​ប្រើប្រាស់​សំឡេង​រំខាន​ដែល​ដឹកនាំ​ដោយ​អ្នក​ជាតិ​និយម​ថៃ ឈ្មោះ កានជុម ផាឡាង (Kan Jomphalang) ក្នុង​បំណង​បំភិតបំភ័យ និង​យាយី​ផ្លូវចិត្ត​ប្រជាជន​កម្ពុជា នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ស្នើ​ធ្វើ​ប្រជាមតិ​ថា​តើ​គួរ​លុប ឬ​មិន​លុប​ចោល​អនុស្សរណៈ​យោគយល់​គ្នា MoU ឆ្នាំ​២០០០ និង​ឆ្នាំ​២០០១។ ការ​មិន​ទាន់​ចុះ​សម្រុង​គ្នា គឺ​នៅ​ត្រង់ គួរ​ធ្វើ​ប្រជាមតិ​ក្នុង​ពេល​បោះឆ្នោត​នា​ឆ្នាំ​២០២៦ ខាងមុខ​ជាមួយ​គ្នា​តែ​មួយ​ដង ឬ​ក៏​បោះឆ្នោត​ក្នុង​ពេល​ដោយឡែក​ពី​គ្នា។

អ្នក​ច្បាប់​និយាយ​ថា អនុស្សរណៈ​យោគយល់​គ្នា​ដែល​មិនមែន​ជា​កិច្ចព្រមព្រៀង​អាច​អនុវត្ត​បាន អាច​លុប​ចោល​បាន​តាម​មាត្រា​៥៦ នៃ​អនុសញ្ញា​ក្រុង​វីយ៉ែន ប្រ​ទេស​អូទ្រីស នា​ឆ្នាំ​១៩៦៩។

យ៉ាងណាមិញ មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​ប្រទេស​ថៃឡង់ដ៍ ដដែល បញ្ជាក់​ថា ទង្វើ​បែប​នេះ គឺជា​ការ​ប្រឆាំង​នឹង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ក៏ដូចជា​ច្បាប់​ប្រទេស​ថៃ ផង​ដែរ ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​ថៃឡង់ដ៍ រង​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version