សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក ពិន ប៉ូច ដែលជាមគ្គទេសក៍ទេសចរនៅខេត្តសៀមរាប ក្រោមបទ «រួមគំនិតក្បត់» តាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោកបានបង្ហោះសារបញ្ចេញមតិក្នុងបណ្ដាញសង្គម និយាយអំពីការធ្វើបាតុកម្មនៅប្រទេសនេប៉ាល់ ដោយក្រុមយុវជនសម័យ GenZ។
អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) កាលពីថ្ងៃចន្ទ ទី២០ ខែតុលា បានឲ្យដឹងថា លោក ពិន ប៉ូច អាយុ ៥១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែតុលា ដោយអាជ្ញាធរស្លៀកពាក់ស៊ីវិលមួយក្រុម ខណៈលោកកំពុងស្ថិតនៅក្នុងហាងលក់ដូររបស់ភរិយាលោក នៅមុខផ្ទះក្នុងក្រុងសៀមរាប ហើយបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត។
តាមសេចក្តីប្រកាសរបស់លីកាដូ បានឲ្យដឹងថា លោក ពិន ប៉ូច ត្រូវបានចាប់ខ្លួន បន្ទាប់ពីលោកបាននិយាយអំពីការធ្វើបាតុកម្មនៅប្រទេសនេប៉ាល់។ នៅពីរថ្ងៃក្រោយការឃាត់ខ្លួន លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារ PJ ក្នុងរាជធានីភ្នំពេញ ក្រោមបទ «រួមគំនិតក្បត់» តាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។
អង្គការលីកាដូ បានឲ្យដឹងថា ប្រសិនបើតុលាការរកឃើញថាពិតជាមានកំហុស មគ្គទេសក៍ទេសចររូបនេះនឹងប្រឈមមុខនឹងទោសជាប់ពន្ធនាគារចន្លោះពី ៥ រហូតដល់ ១០ឆ្នាំ។
នៅរសៀលថ្ងៃទី២១ តុលា នេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានថា ការឈានទៅដល់ការចុះឃាត់ខ្លួន គឺធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទរួមគំនិតក្បត់ ធ្វើសកម្មភាពតាមរយៈប្រព័ន្ធប្រព្រឹត្តិកម្មបច្ចេកវិទ្យា និងទូរគមនាគមន៍ និងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក។
ប្រភពដដែលអះអាងថា ការឃាត់ខ្លួនបុរសរូបនេះ ជាការអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ ដោយផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងច្បាស់លាស់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធរឿងនយោបាយនោះឡើយ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានឲ្យដឹងថា សម្រាប់រូបលោក គឺលោកយល់ថាពុំមានអ្វីប្លែកនោះទេ ពីព្រោះអាជ្ញាធរតែងតែប្រើតុលាការចាត់វិធានការទៅលើបុគ្គលណាដែលមានមតិផ្ទុយពីក្រុមរបស់ពួកគេ។
ប្រភពដដែលបានឲ្យដឹងទៀតថា មូលហេតុដែលឃាត់ខ្លួននោះ មកពីមន្ត្រីរដ្ឋាភិបាលខ្លាចពលរដ្ឋនៅក្នុងស្រុកបានឃើញរឿងរ៉ាវនៅប្រទេសនេប៉ាល់ រួចខ្លាចពួកគេយកគំរូតាម ទើបព្យាយាមបំបិទគ្រប់សកម្មភាពទាំងអស់។ លោកថា ប្រទេសកម្ពុជា ងើបមុខមិនរួចលើឆាកអន្តរជាតិទេ ដោយសារប្រព័ន្ធដឹកនាំរដ្ឋដ៏ស្មុគស្មាញ និងចាក់ស្រេះរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។
អង្គការ Freedom House បានចេញសេចក្តីរាយការណ៍របស់ខ្លួនកន្លងមកថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខរៀងទី៨ ក្នុងចំណោមប្រទេសទាំង១១ ក្នុងតំបន់អាស៊ាន ជាប្រទេសល្បីល្បាញខាងគាបសង្កត់សេរីភាពនយោបាយ សេរីភាពបញ្ចេញមតិ សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងបំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
