The Cambodia Daily Khmer

លោក ហ៊ុន សែន អះអាង​ថា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គ្មាន​សមត្ថកិច្ច​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ខណៈ​អ្នកវិភាគ​នៅតែ​មាន​ចម្ងល់

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែង​ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៥។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែង​ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៥។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា បញ្ហា​ព្រំដែន​កម្ពុជា-ថៃ គឺជា​រឿង​ក្តី​ក្ដាំ​ដែល​ហួស​ពី​សមត្ថកិច្ច​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ខណៈ​កម្ពុជា បាន​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) ទៅ​ហើយ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៥ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើង​ថា បញ្ហា​ព្រំដែន​រវាង​កម្ពុជា-ថៃ បាន​ដើរ​ហួស​ពី​សមត្ថភាព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទៅ​ហើយ ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) ព្រមទាំង​វេទិកា​អន្តរជាតិ​នានា​ដទៃ​ទៀត​ទៅ​ហើយ​នោះ។

លោក ហ៊ុន សែន ជំរុញ​ឱ្យ​អ្នក​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លើក​យក​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ប្ដឹង​ទៅ​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដាក់​សំណើ​ដោយ​ខ្លួនឯង​ដើម្បី​ឱ្យ​ប្រាកដ​ថា តើ​មេដឹកនាំ​ប្រទេស​ទាំងនោះ​ឯកភាព​ឬ​ក៏​អត់។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ បញ្ជាក់​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​មាន​សមត្ថកិច្ច​ក្នុង​ការ​ដោះស្រាយ ឬ​សម្របសម្រួល​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-ថៃ ឡើយ ព្រោះ​កិច្ចព្រមព្រៀង​នេះ​បាន​អស់​សុពលភាព​តាំងពី​សភាធម្មនុញ្ញ បាន​ក្លាយ​ទៅ​ជា​សភា​ជាតិ បង្កើត​រដ្ឋាភិបាល និង​ការ​បញ្ចប់​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា មក​ម្ល៉េះ។

លោក ហ៊ុន សែន គូស​បញ្ជាក់​ថា អ្នក​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លើក​យក​បញ្ហា​ព្រំដែន​ប្តឹង​ថៃ ទៅ​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយសារ​ពួកគេ​មិន​បាន​សិក្សា​ឱ្យ​ជ្រាលជ្រៅ និង​លម្អិត​ទៅ​លើ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ ទើប​ពួកគេ​ចេះ​តែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​តាម​រឿង​ដែល​ពួកគេ​មិន​យល់​បែប​នេះ។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ដោយ​ប្រទេស​ចំនួន ១៨​ប្រទេស ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា ផង ដើម្បី​បញ្ឈប់​ការ​ឈ្លានពាន​ពី​បរទេស​ជិតខាង​មក​លើ​កម្ពុជា ផង ហើយ​ក៏​ដើម្បី​កសាង​កម្ពុជា​ឡើងវិញ​ក្រោយពី​សង្គ្រាម​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ​អស់​ជាច្រើន​ទសវត្សរ៍​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើកឡើង​កាលពី​ថ្ងៃទី​២៣ ខែ​តុលា ក្នុង​ថ្ងៃ​ខួប ៣៤​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថា មិន​ដឹង​ជា​មូលហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​មិន​យក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ទៅ​ដោះស្រាយ​ការ​ឈ្លានពាន​ទឹកដី​ខ្មែរ​ពី​ប្រទេស​ថៃ។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​ពីរ​ផ្នែក ក្នុង​នោះ ផ្នែក​ទី​២ បាន​ចែង​យ៉ាង​ច្បាស់​អំពី​ការ​ធានា​អន្តរជាតិ​ចំពោះ​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា។

អ្នកវិភាគ​នយោបាយ​សង្គម​រូប​នេះ បញ្ជាក់​ថា ការ​ធានា​នេះ​គឺ​រដ្ឋាភិបាល​កម្ពុជា និង​ភាគី​នានា​នៃ​កិច្ចព្រមព្រៀង​នេះ បាន​សន្យា​យ៉ាង​ឱឡារិក​ថា​នឹង​ថែរក្សា ការពារ និង​គោរព​គ្រប់​បែប​យ៉ាង​ទាំងអស់​ដល់​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា។

ចំណែក​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា អះអាង​ក្នុង​ថ្ងៃ​ខួប ៣៤​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែរ​ថា ប្រទេស​បារាំង ដែល​បាន​ធ្វើ​ជា​សហប្រធាន​លើ​កិច្ចព្រមព្រៀង​នេះ នៅតែ​ប្រកាន់ខ្ជាប់​យ៉ាង​ពេញលេញ​ចំពោះ​មរតក​នៃ​គោលការណ៍​នានា​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា សព្វថ្ងៃ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version