សហរដ្ឋអាមេរិក កើនទ័ពជាង ១៦០០០នាក់ ដែលចំនួននេះបូកជាមួយនឹងកងនាវាចម្បាំង កងនាវាផ្ទុកយន្តហោះ USS Gerald Ford កំពុងប្រតិបត្តិការនៅតំបន់សមុទ្រការីបៀន នៃតំបន់អាមេរិកខាងត្បូង ត្រូវដាក់ឱ្យស្ថិតនៅក្រោមយុទ្ធនាការវាយប្រហារកាណូតដឹកគ្រឿងញៀនដែលចេញពីឆ្នេរសមុទ្រប្រទេសវេណេហ្ស៊ុយអេឡា សំដៅទៅសហរដ្ឋអាមេរិក។
តាមបណ្ដាញផ្សាយព័ត៌មាន The Guardian ក្នុងរយៈពេលជិតខែមកនេះ កាណូតចំនួន ១៥គ្រឿងត្រូវបានកម្ទេច ក្នុងនោះស្លាប់មនុស្ស ៦៥នាក់ដែលលោក ត្រាំ អះអាងថាសុទ្ធតែជាភេរវករគ្រឿងញៀន។
នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្ដាញព័ត៌មាន CBS កាលពីថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ត្រាំ មិនបានផ្ដល់ចម្លើយដោយត្រង់ថាវាជាសង្គ្រាមឈ្លានពានអ្វីនោះទេ។ លោកថាជាសង្គ្រាមគ្រឿងញៀន ដែលត្រូវវាយកម្ទេចអង្គការបណ្ដាញគ្រឿងញៀនធំពីរនៅតំបន់អាមេរិកខាងត្បូង គឺអង្គការភេរវកម្មគ្រឿងញៀន Cartels of the Sun និង Tren de Aragua ដែលលោក Nicolas Maduro ត្រូវបានលោក ត្រាំ ចោទថាជាមេខ្លោងដ៏ធំរបស់អង្គការភេរវកម្មពីរនេះ។
អ្នកកាសែតពីបណ្ដាញទូរទស្សន៍ CBS បន្តសួរទៀតថា តើលោកនឹងចាប់ខ្លួន ឬផ្ដួលលោក Nicolas Maduro ពីអំណាចឬទេ? លោក ត្រាំ ឆ្លើយតបថា គេមិនត្រូវគិតថាជាសង្គ្រាមឈ្លានពានទេ។ លោកថាមេខ្លោងគ្រឿងញៀន គឺជាមុខសញ្ញាត្រូវចាប់ខ្លួន។
ជាមួយគ្នានេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានដំឡើងតម្លៃចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដល់ទៅ ៥០លានដុល្លារឱ្យក្រុមណាផ្ដល់ព័ត៌មានទៅភ្នាក់ងារ CIA ឬប៉ូលិស FBI ចូលទៅចាប់ខ្លួនជនផ្ដាច់ការរូបនេះនាំទៅកាត់ទោសនៅអាមេរិក ពីបទមេបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀន ដែលអាមេរិកចោទថាបានធ្វើឱ្យប៉ះពាល់សន្តិសុខសង្គម និងយុវជនអាមេរិក ព្រោះជាមេខ្លោងនាំគ្រឿងញៀនចូលសហរដ្ឋអាមេរិក។
លោក ត្រាំ មានផែនការទម្លាក់លោក Maduro តាំងពីអាណត្តិដំបូងរបស់លោក តែពេលនោះ លោក ត្រាំ មិនទទួលស្គាល់ភាពស្របច្បាប់របស់លោក Maduro ជាប្រធានាធិបតីរបស់ប្រជាជនវេណេហ្ស៊ុយអេឡា នោះទេ ព្រោះលោក Maduro បានឡើងកាន់តំណែងប្រធានាធិបតីដោយសារតែលួចបន្លំការបោះឆ្នោត និងបំបិទសំឡេងគូប្រជែងនយោបាយរបស់លោករាប់រយនាក់ ដោយចាប់ដាក់គុក និងបង្ខំនិរទេសខ្លួន។
លោក ត្រាំ តែងតែឡើងវាយប្រហារលោក Maduro នៅឯវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិ។
បើដូចការបកស្រាយរបស់លោក ត្រាំ និងវិធានការចេញដីកាចាប់ខ្លួនលោក Maduro ដោយក្រសួងយុត្តិធម៌អាមេរិក វាពិតណាស់សង្គ្រាមគ្រឿងញៀនរបស់លោក ត្រាំ នឹងប្រែក្លាយទៅជាសង្គ្រាមផ្លាស់ប្ដូររបបដឹកនាំនៅវេណេហ្ស៊ុយអេឡា។ ទោះជាយ៉ាងណាក្ដី សង្គ្រាមអាចមានទ្រង់ទ្រាយធំ បើលោក Maduro មិនរត់ចោលប្រទេស ហើយដឹកនាំទ័ពប្រយុទ្ធនឹងកងទ័ពសហរដ្ឋអាមេរិក។
រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានថ្កោលទោសការដាក់ពង្រាយកម្លាំងយោធាសហរដ្ឋអាមេរិក ថាជាការប៉ុនប៉ងផ្ដួលរំលំការដឹកនាំរបស់លោក Maduro ដែលទីក្រុងវ៉ាស៊ីនតោន ចោទថាជាមេខ្លោងនៃពួកឧក្រិដ្ឋជនគ្រឿងញៀន ខណៈលោក Maduro បានច្រានចោលការចោទប្រកាន់នេះ។
ក្នុងស្ថានភាពនេះ កងទ័ពវេណេហ្ស៊ុយអេឡា បានដាក់ពង្រាយក្នុងស្ថានភាពត្រៀមខ្លួនសម្រាប់សង្គ្រាមពេញទំហឹង ដោយដំឡើងប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរុស្ស៊ី ប្រឆាំងនឹងនាវាចម្បាំង។ មីស៊ីលនេះបំពាក់លើយន្តហោះចម្បាំង Sukhoi-30 ជាយន្តហោះផលិតនៅរុស្ស៊ី។
នៅឯព្រឹត្តិការណ៍ជាមួយថ្នាក់ដឹកនាំយោធាវេណេហ្ស៊ុយអេឡា លោក Maduro បាននិយាយថា ប្រទេសរបស់លោកទទួលបានប្រព័ន្ធមីស៊ីលរយៈចម្ងាយខ្លីបាញ់ពីលើស្មាផលិតដោយរុស្ស៊ី គឺមីស៊ីល Igla-S មិនតិចជាង ៥០០០ដើមនោះទេ ដើម្បីការពារដែនអាកាសប្រឆាំងនឹងការឈ្លានពាន។
មីស៊ីល Igla-S ត្រូវបានផលិតឡើងដើម្បីបាញ់ទម្លាក់យន្តហោះដែលហោះទាប ហើយប្រព័ន្ធមីស៊ីលនេះត្រូវបានប្រើប្រាស់ក្នុងសមយុទ្ធយោធារួចហើយកាលពីពេលថ្មីៗនេះ ធ្វើឡើងតាមបញ្ជារបស់លោក Maduro ជាការឆ្លើយតបទៅនឹងសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្បែរដែនទឹកវេណេហ្ស៊ុយអេឡា។ ក្នុងពេលដូចគ្នានេះ លោក Maduro ក៏បានអះអាងថា មានកងជីវពលជាង ៨លាននាក់ត្រៀមខ្លួនដើម្បីការពារប្រទេស។
ក្រុមអ្នកវិភាគបានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធវេណេហ្ស៊ុយអេឡា ជាង ១២ម៉ឺននាក់ (១២៣០០០នាក់) កំពុងពង្រាយនៅតំបន់ឆ្នេរសមុទ្រ និងតំបន់តាមព្រំដែនជាប់ប្រទេសជិតខាង។ វេណេហ្ស៊ុយអេឡា មានយន្តហោះចម្បាំង Sukhoi-30 MK2 ចំនួន ២៤គ្រឿង ដែលបំពាក់ដោយមីស៊ីលប្រឆាំងនាវា Kh-31 “Krypton”។
វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) បានបញ្ជាក់ថា វេណេហ្ស៊ុយអេឡាក៏បានពង្រឹងអាវុធប្រឆាំងនាវាចម្បាំងផងដែរ។
ក្រៅពីនេះ វេណេហ្ស៊ុយអេឡា មានយន្តហោះចម្បាំង F-16 ចំនួន ២៤គ្រឿង បានទិញពីសហរដ្ឋអាមេរិកកាលពីទសវត្ស១៩៨០ ដែលប្រទេសវេណេហ្ស៊ុយអេឡា មិនស្ថិតនៅក្រោមបក្សសង្គមនិយមរួបរួមរបស់លោក Maduro និងលោក Hugo Chávez នោះទេ តែយន្តហោះ F-16 មានតែជាង ១០គ្រឿងអាចឲ្យដំណើរការបាន។
កាលពីដើមខែកញ្ញា យន្តហោះ F-16 ពីរគ្រឿងរបស់វេណេហ្ស៊ុយអេឡា បានហោះកាត់ជិតនាវាចម្បាំងអាមេរិក USS Jason Dunham កំពុងស្ថិតលើដែនទឹកអន្តរជាតិ។ មន្ត្រីការពារជាតិអាមេរិក បានពណ៌នាសកម្មភាពនេះថាជា “ការបង្ហាញកម្លាំង” និង “ការបង្កហេតុឲ្យតានតឹងយ៉ាងខ្លាំង” ដោយបានព្រមានវេណេហ្ស៊ុយអេឡា ឱ្យប្រយ័ត្នត្រូវបានបាញ់ទម្លាក់ដោយកងនាវាចម្បាំងសហរដ្ឋអាមេរិក ដែលកំពុងដាក់ពង្រាយនៅសមុទ្រការីបៀន ជាប់នឹងសមុទ្រវេណេហ្ស៊ុយអេឡា។
នយោបាយរបស់សហរដ្ឋអាមេរិកនៃរដ្ឋការលោក ដូណាល់ ត្រាំ ចំពោះការផ្លាស់ប្ដូរអំណាចនៅវេណេហ្ស៊ុយអេឡា ត្រូវបានគេចាត់ទុកថាមិនមែនជារឿងសម្ងាត់នោះទេ ហើយយុទ្ធសាស្ត្ររបស់លោក ត្រាំ អាចនឹងធ្វើចលនាយោធាចូលទៅចាប់ខ្លួនលោក Maduro ដែលជារូបភាពនៃការធ្វើរដ្ឋប្រហារយោធា។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio ដែលជាមនុស្សជិតស្និទ្ធនឹងលោក ត្រាំ ប្រធានាធិបតីអាមេរិក បានបង្ហាញច្បាស់ពីជំហរនយោបាយរបស់លោកដែលលោកមើលឃើញអំណាចរបស់លោក Maduro គួរតែត្រូវបានផ្តួលរំលំ។
លោក Rubio បាននិយាយប្រាប់បណ្ដាញផ្សាយព័ត៌មាន Fox News ថា លោក Maduro គឺជា “ជនផ្ដាច់ការដ៏អាក្រក់បំផុត” ហើយនៅពេលសួរថា តើទាមទារឲ្យលោក Maduro ចាកចេញពីប្រទេស ឬក៏ចុះចេញពីអំណាច? លោក Rubio បានឆ្លើយថា ទីក្រុងវ៉ាស៊ីនតោន កំពុងប្រើយុទ្ធសាស្ត្រពីរដើរទន្ទឹមគ្នា គឺសង្គ្រាមគ្រឿងញៀន និងចាប់ខ្លួនមេខ្លោងគ្រឿងញៀន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.