The Cambodia Daily Khmer

ឧកញ៉ា ម៉ុង ឫទ្ធី ងឿងឆ្ងល់​ចំពោះ​អ្នក​ប្រកាស​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ទាំង​ដែល​ខ្លួន​គ្មាន​ជំនាញ​និង​បទពិសោធ​លើ​វិស័យ​កសិកម្ម

ឧកញ៉ា ម៉ុង ឫទ្ធី (អាវ​ក្រហម)

ឧកញ៉ា ម៉ុង ឫទ្ធី (អាវ​ក្រហម)

ឧកញ៉ា ម៉ុង ឫទ្ធី ងឿងឆ្ងល់​ថា អ្នក​តម្រៀប​លុយ​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សម្រាប់​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ដែល​កំពុង​ធ្លាក់​ថ្លៃ ទាំង​ដែល​ខ្លួន​គ្មាន​បទពិសោធ និង​បច្ចេកទេស​លើ​មុខរបរ​ខាង​វិស័យ​កសិកម្ម​ផង​នោះ។

ឧកញ៉ា ម៉ុង ឫទ្ធី ដែល​ប្រកប​មុខរបរ​លើ​វិស័យ​កសិកម្ម​ធំ​បំផុត​នៅ​កម្ពុជា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ វិច្ឆិកា នេះ​ថា រឿង​កសិផល​ឡើង​ថ្លៃ ឬ​ចុះ​ថ្លៃ វា​ជា​រឿង​ធម្មតា​របស់​ពិភពលោក​ទៅ​ហើយ ព្រោះ​លោក​ធ្លាប់​មាន​បទពិសោធ​ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​កន្លង​មក​ហើយ​ថា​បញ្ហា​បែប​នេះ​គឺ​តែងតែ​កើតមាន​ជា​ធម្មតា។

ឧកញ៉ា ម៉ុង ឫទ្ធី លើកឡើង​ថា រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ លោក​បន្ត​ប្រកប​មុខរបរ​នេះ​រហូត បើ​ទោះបីជា​ត្រូវ​ជួប​ឧបសគ្គ​តូច​ធំ​យ៉ាងណាក៏ដោយ ក្នុង​នោះ លោក​តែងតែ​ចំណាយ​លុយ​ជាង ៤០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ប្រមូល​ទិញ​កសិផល​ពី​ប្រជាកសិករ​ជា​រៀង​រាល់​ឆ្នាំ។

លោក​បន្ត​ថា កសិផល​ដែល​លោក​បាន​ទិញ ដូចជា ពោត ដំឡូងមី កន្ទក់ ចុងអង្ករ ពេល​ខ្លះ​ជួយ​ទិញ​ស្រូវ​ស្រាល​យក​មក​កិន​ជា​អង្ករ​សម្រូប​ថែមទៀត សម្រាប់​កែច្នៃ​ធ្វើ​ជា​ចំណី​សត្វ ដោយ​មាន​សាយឡូ និង​ឃ្លាំង​សម្រាប់​ស្តុក​គ្រាប់​ធញ្ញជាតិ​ដែល​មាន​ទំហំ​ប្រមាណ​ជា ១០​ម៉ឺន​តោន​ឯណោះ (១០០០០០​តោន)។

មហាសេដ្ឋី​ខ្មែរ​រូប​នេះ​ងឿងឆ្ងល់​ថា អ្នក​តម្រៀប​លុយ​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សម្រាប់​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ដែល​កំពុង​ធ្លាក់​ថ្លៃ ទាំង​ដែល​ខ្លួន​គ្មាន​បទពិសោធ និង​បច្ចេកទេស​លើ​វិស័យ​កសិកម្ម និង​គ្មាន​មូលដ្ឋានគ្រឹះ ដូចជា ឡ​សម្ងួត សាយឡូ ឃ្លាំង​ស្តុក ម៉ាស៊ីន​កិន​ស្រូវ និង​មិន​មាន​ទីផ្សារ​ផង​នោះ។

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ឧកញ៉ា និង​អ្នក​មាន​ទ្រព្យ​មួយ​ចំនួន បាន​ចេញ​មុខ​ប្រកាស​ទិញ​ស្រូវ​ពី​កសិករ​ព្រោងព្រាត បន្ទាប់ពី​តម្លៃ​ស្រូវ​បាន​ធ្លាក់​ចុះ​ក្នុង​ពេល​ប្រមូល​ផល ក្នុង​នោះ ប្រភេទ​ស្រូវ​ខ្លះ​បាន​ធ្លាក់​តម្លៃ​រហូត​ដល់​ទៅ ៥០០​រៀល​ឯណោះ​ក្នុង ១​គីឡូក្រាម។

ជាក់ស្តែង កាលពី​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយក​ក្រុមហ៊ុន វីរៈ ប៊ុនថាំ បាន​ប្រកាស​ទិញ​ស្រូវ​ពី​កសិករ​ប្រមាណ ៣​ម៉ឺន​តោន ក្នុង​តម្លៃ ៩៥០​រៀល​ក្នុង​មួយ​គីឡូក្រាម ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ដែល​កំពុង​ធ្លាក់​ចុះ​នា​ពេលនេះ។

ចំណែក​ឧកញ៉ា នឹម វណ្ណៈ ប្រធាន​ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ដែល​ត្រូវ​ជា​ក្មួយ​ស្រី​បង្កើត​របស់​លោក ហ៊ុន សែន ក៏បាន​ប្រកាស​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ដែរ ដូចជា ប្រភេទ​ស្រូវ O-M-54-51 និង​ស្រូវ​ស្រង៉ែ ចំនួន ១០០​តោន​ក្នុង​តម្លៃ ១​គីឡូ ៨០០​រៀល​សម្រាប់​ស្រូវ​សើម និង​ស្រូវ​ស្ងួត​ក្នុង​តម្លៃ ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ដើម្បី​យក​ទៅ​ចែក​ជូន​កងទ័ព​នៅ​ជួរមុខ​ក្នុង​ម្នាក់ ២៥​គីឡូក្រាម។

រីឯ​ក្រុមហ៊ុន ស្រាបៀរ GANZBERG ក៏បាន​ប្រកាស​ទិញ​ស្រូវ​ពី​កសិករ​ចំនួន ១០០​តោន​ដែរ ក្នុង​តម្លៃ ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​ឧកញ៉ា ទ្រី ដាណា អ្នក​ប្រកប​មុខរបរ​អនឡាញ ក៏បាន​ប្រកាស​ទិញ​ស្រូវ​ពី​កសិករ​ដែរ ដោយ​ផ្តល់​តម្លៃ​ចន្លោះ​ពី ៨០០​រៀល​ទៅ ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​ទៅ​តាម​ប្រភេទ​ស្រូវ។

ជុំវិញ​បញ្ហា​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែ​វិច្ឆិកា អះអាង​ថា តម្លៃ​ស្រូវ​បច្ចុប្បន្ន​នេះ​បាន​ធ្វើ​ឱ្យ​កសិករ​រង​ការ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ដើមហេតុ​ចម្បង​ដែល​នាំ​ឱ្យ​តម្លៃ​ស្រូវ​ក្នុង​ឆ្នាំ​២០២៥ ធ្លាក់​យ៉ាង​គំហុក​បែប​នេះ គឺ​ដោយសារ​ការ​កើន​ឡើង​នៃ​ផលិតកម្ម​ស្រូវ​របស់​បណ្តា​ប្រទេស​ផលិត​ស្រូវ​ធំៗ។

ជុំវិញ​បញ្ហា​នេះ កសិករ​មួយ​ក្រុម​ក្នុង​ខេត្ត​សៀមរាប បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៦ វិច្ឆិកា នេះ​ថា ពួកគាត់​ប្រឈម​នឹង​ការ​ខាតបង់​ធ្ងន់ធ្ងរ​សម្រាប់​ការ​ប្រមូល​ផល​ស្រូវវស្សា​ក្នុង​ឆ្នាំ​នេះ ព្រោះ​ឈ្មួញ​បាន​ទម្លាក់​តម្លៃ​រហូត​ដល់ ៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ជា​ប្រភេទ​ស្រូវ​សើម និង​ត្រូវ​ដឹកជញ្ជូន​ទៅ​រោង​ម៉ាស៊ីន​ដោយ​ខ្លួនឯង​ថែមទៀត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version