The Cambodia Daily Khmer

អ៊ុយក្រែន ស្នើ​ទិញ​ប្រព័ន្ធ​មីស៊ីល Patriot ចំនួន ២៧​គ្រឿង​ពី​អាមេរិក​ក្នុង​តម្លៃ​ជិត ៣០​ពាន់​លាន​ដុល្លារ

លោក វូឡូឌីមៀ ហ្សេឡេនស្គី (រូប​ឆ្វេង) ប្រធានាធិបតី​អ៊ុយក្រែន និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

លោក វូឡូឌីមៀ ហ្សេឡេនស្គី (រូប​ឆ្វេង) ប្រធានាធិបតី​អ៊ុយក្រែន និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី បាន​និយាយ​ថា ប្រទេស​របស់​លោក​ស្នើ​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ចំនួន ២៧​គ្រឿង​ពី​ក្រុមហ៊ុន​អាមេរិក។ លោក ហ្សេឡេនស្គី បាន​បញ្ជាក់​ដូចនេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​កាសែត The Guardian របស់​អង់គ្លេស ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា។

ការ​វាយប្រហារ​របស់​រុស្ស៊ី នៅ​យប់​នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា បាន​បណ្ដាល​ឱ្យ​រោងចក្រ​ថាមពល​កម្ដៅ​ទាំងអស់​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​រដ្ឋ Centrenergo របស់​អ៊ុយក្រែន ត្រូវ​បាន​បិទ​ទ្វារ។

យោង​តាម​សារព័ត៌មាន Kyiv Independent ក្រុម​មន្ត្រី​អ៊ុយក្រែន បាន​ឲ្យ​ដឹង​ថា ការ​វាយប្រហារ​របស់​រុស្ស៊ី ក៏​បាន​សម្លាប់​មនុស្ស ៣​នាក់ និង​របួស​យ៉ាងហោចណាស់ ១៨​នាក់​នៅ​ក្នុង​តំបន់ Donetsk និង Kherson។

លោក ហ្សេឡេនស្គី បាន​ហៅ​រក​ជំនួយ​ភ្លាមៗ​ពី​សម្ពន្ធភាព​ដែល​ធ្វើ​យ៉ាងណា​ឱ្យ​អ៊ុយក្រែន មាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​សម្រាប់​ប្រឆាំង​មីស៊ីល​បាលិស្ទិក​របស់​រុស្ស៊ី។

ក្នុង​រយៈពេល​មួយ​សប្ដាហ៍​មក​នេះ រុស្ស៊ី បាញ់​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ដោយ​ប្រើ​មីស៊ីល​បាលិស្ទិក​ធុន​ធ្ងន់​ជាច្រើន​រយ​គ្រាប់ ដែល​លំបាក​ក្នុង​ការ​បាញ់​ទម្លាក់ លើកលែង​មីស៊ីល​អាមេរិក Patriot អាច​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព។

លោក ហ្សេឡេនស្គី បញ្ជាក់​ថា អ៊ុយក្រែន​នៅតែ​ត្រូវការ​ជំនួយ​ពី​សម្ពន្ធភាព​បន្ថែម​ទៀត រហូត​ដល់​សង្គ្រាម​ត្រូវ​បាន​បញ្ចប់។ លោក​ប្រធានាធិបតី​អ៊ុយក្រែន រូប​នេះ​បន្ត​ថា រហូត​ដល់​សង្គ្រាម​ត្រូវ​បាន​បញ្ចប់ ទើប​អ៊ុយក្រែន សម​ល្មម​នឹង​មាន​សមត្ថភាព​ការពារ​ដែនអាកាស​របស់​ខ្លួន​ដោយ​ខ្លួនឯង។

បច្ចុប្បន្ន អ៊ុយក្រែន​មាន​ប្រព័ន្ធ​មីស៊ីល Patriot ជិត ២០​គ្រឿង ដែល​បាន​ពី​ជំនួយ​របស់​សហរដ្ឋ​អាមេរិក និង​ពី​ប្រទេស​អាល្លឺម៉ង់ អ៊ីតាលី ហុឡង់ដ៍ ដាណឺម៉ាក និង​ប្រទេស​រ៉ូម៉ានី។ សម្រាប់​អ៊ុយក្រែន លោក ហ្សេឡេនស្គី ថា​ត្រូវការ​រហូត ៣៥​គ្រឿង​ទៅ ៤០​គ្រឿង ឬ​ត្រូវការ​រហូត​រុស្ស៊ី បញ្ចប់​សង្គ្រាម​ឈ្លានពាន។

ប្រព័ន្ធ​មីស៊ីល Patriot ផលិត​នៅ​សហរដ្ឋ​អាមេរិក ក្នុង​មួយ​គ្រឿង​មាន​តម្លៃ ១១០០​លាន​ដុល្លារ​អាមេរិក ហើយ​គ្រាប់​មីស៊ីល​មួយ​គ្រាប់​មាន​តម្លៃ​ជិត ៤​លាន​ដុល្លារ ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​អនុភាព និង​មុខងារ​របស់​វា។ ប្រព័ន្ធ​មីស៊ីល Patriot មាន​សមត្ថភាព​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល និង​បាញ់​ទម្លាក់​យន្តហោះ​យ៉ាង​មាន​ប្រសិទ្ធភាព។

ភ្លាមៗ​ក្រោយពី​អ៊ុយក្រែន ស្វែងរក​ទិញ​ប្រព័ន្ធ​មីស៊ីល Patriot ពី​អាមេរិក រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​ស្នើ​ជួប​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Marco Rubio។

លោក Lavrov បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា រដ្ឋមន្ត្រី​ការបរទេស Marco Rubio និង​រូបលោក យល់​ពី​ភាព​ចាំបាច់​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ព្រោះ​វា​សំខាន់​សម្រាប់​ការ​ពិភាក្សា​លើ​បញ្ហា​អ៊ុយក្រែន និង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ទីក្រុង​មូស្គូ និង​ទីក្រុង​វ៉ាស៊ីនតោន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version