The Cambodia Daily Khmer

នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា​ការ​បាញ់​ប្រហារ​ពី​ទាហាន​ថៃ ជា​ការ​តបត​ដៃ​ដើម្បី​ការពារ​ខ្លួន​និង​ធ្វើ​បាន​ល្អ​បំផុត

(រូប​កណ្ដាល) លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រី​ប្រទេស​ថៃ

(រូប​កណ្ដាល) លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រី​ប្រទេស​ថៃ

នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា កងកម្លាំង​ថៃ ធ្វើ​បាន​ល្អ​បំផុត​ចំពោះ​ការ​បាញ់​លើ​ពលរដ្ឋ​ខ្មែរ​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស និង​ស្លាប់ ហើយ​ថា​ថៃ មាន​វិធី​ផ្ទាល់ខ្លួន​ក្នុង​ការ​ដោះស្រាយ​រួចរាល់​ហើយ។

កាសែត​ថៃ Thai Enquirer បាន​ចុះផ្សាយ​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា ការ​ផ្ទុះ​អាវុធ​នៅ​តំបន់​ព្រំដែន​ជាប់​នឹង​ភូមិ​ព្រៃចាន់ ឬ បានណងយ៉ាកែវ កាលពី​ថ្ងៃទី​១២ វិច្ឆិកា គឺជា​កាតព្វកិច្ច​ទាហាន​ថៃ ដែល​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ទឹកដី ស្របតាម​បទបញ្ជា​នៃ​កងទ័ព ព្រោះ​ថៃ គ្មាន​ចេតនា​ឈ្លានពាន​នរណា​ម្នាក់​ទេ ប៉ុន្តែ​ថៃ ក៏​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​គំរាមកំហែង​ដល់​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ដែរ។

លោក​បន្ត​ថា ទោះបី​ថៃ សង្ឃឹម​ពី​សន្តិភាព​ក៏ដោយ ក៏​ថៃ ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​ដែរ ជាក់ស្តែង​លោក​បាន​ផ្តល់​សិទ្ធិ​យ៉ាង​ពេញលេញ​ឱ្យ​កងទ័ព​តាំងពី​ថ្ងៃ​ចូល​កាន់​តំណែង​មក​ម្ល៉េះ។

ប្រភព​ដដែល បញ្ជាក់​ថា ថៃ បាន​ត្រៀម​ខ្លួន​ជម្លៀស​ពលរដ្ឋ​រួចរាល់​ហើយ ខណៈ​ទាហាន​ថៃ ក៏បាន​ត្រៀម​យុទ្ធសាស្ត្រ​គ្រប់គ្រាន់​ដែរ ចំណែកឯ​រដ្ឋាភិបាល​បាន​គាំទ្រ​យុទ្ធសាស្ត្រ​ទាំងនោះ​ពេញ​ទំហឹង។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) មក​ដល់​មណ្ឌល​ជនភៀសសឹក​នៃ​អ្នក​ភូមិ​ព្រៃចាន់ ដែល​បាន​ភៀសខ្លួន​មក​កាន់​ជម្រក​សុវត្ថិភាព ក្រោយ​ហេតុការណ៍​យោធា​ថៃ បើក​ការ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស៊ីវិល​ស្លូតត្រង់​កម្ពុជា ដោយ​គ្មាន​មូលហេតុ​កាលពី​ថ្ងៃទី​១២ វិច្ឆិកា។

អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់​ថា ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ក៏បាន​ចុះ​ទៅ​ដល់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន​មង្គលបុរី ក្នុង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ពិនិត្យ​ជនស៊ីវិល​ខ្មែរ​ដែល​រង​របួស​ចំនួន ០៣​រូប និង​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​ម្នាក់ ក្នុង​ហេតុការណ៍​ដែល​យោធា​ថៃ បាន​បាញ់​ប្រហារ​នោះ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១២ វិច្ឆិកា បាន​ប្រកាស​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ពី​ភាគី​ថៃ មក​លើ​ប្រជាពលរដ្ឋ​ស៊ីវិល​ស្លូតត្រង់​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់ ខេត្ត​បន្ទាយមានជ័យ យ៉ាង​ដាច់អហង្ការ។

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ភាគី​ថៃ បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្រើប្រាស់​កម្លាំង​មក​លើ​ប្រជាពលរដ្ឋ​ស៊ីវិល​ស្លូតត្រង់​កម្ពុជា នៅ​ភូមិ​ព្រៃចាន់ ក៏ដូចជា​ការ​ប្រើប្រាស់​កម្លាំង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ព្រោះ​ទង្វើ​របស់​ថៃ មក​លើ​ពលរដ្ឋ​កម្ពុជា នា​ពេលនេះ គឺ​ផ្ទុយ​ទៅ​នឹង​ស្មារតី​មនុស្សធម៌​ទាំងស្រុង។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ បញ្ជាក់​ថា កម្ពុជា​នៅតែ​រក្សា​ជំហរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ស្របតាម​ស្មារតី​នៃ​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ដើម្បី​ឈាន​ទៅ​រក​ការ​បញ្ចប់​ជម្លោះ និង​កសាង​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ​ឡើងវិញ។

ចំពោះ​ការ​ធានា​ថា​ដោះលែង​ទាហាន​ខ្មែរ ១៨​នាក់ ថៃ​ចាត់ទុក​ជា​ឈ្លើយសឹក​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ត្រូវ​ផ្អាក​ទៅវិញ ដោយសារ​ឧប្បត្តិហេតុ​ផ្ទុះ​មីន​បណ្តាល​ឲ្យ​ទាហាន​ថៃ របួស​ចំនួន ៥​នាក់។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ ឧត្ដមសេនីយ៍ឯក អដុន ប៊ុណចម្រើន អះអាង​ប្រាប់​កាសែត​កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ​ថា ទាហាន​ខ្មែរ​ខ្លះ​មិន​ចង់​វិលត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ទេ ព្រោះ​ថា​គេ​ចង់​រស់នៅ​ក្នុង​ស្រុក​ថៃ ស្រួល​ជាង។ ខាង​ភាគី​ថៃ ថា​គេ​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ក្នុង​ដំណើរការ​ធ្វើ​មាតុភូមិ​និវត្តន៍​នៃ​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​នោះ។

ចំណែកឯ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃទី​១២ វិច្ឆិកា ថា ខ្លួន​បាន​ដាក់​ញត្តិ​ទៅ​កាន់​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) នៅ​ទីក្រុង​ហ្សឺណែវ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ នៅ​ទីក្រុង​បាងកក និង​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​ឯករាជ្យ​ក្នុង​តំបន់​អាស៊ាន ព្រមទាំង​ប្រធាន​ប្តូរ​វេន​អាស៊ាន រួចរាល់​ដែរ​ហើយ ជុំវិញ​ការ​បាញ់​ប្រហារ​ពី​ខាង​កងទ័ព​ថៃ លើ​ពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១២ វិច្ឆិកា នោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version