អតីតតំណាងរាស្ត្របក្សប្រឆាំងមណ្ឌលកំពង់ស្ពឺ លោក សួន រីដា ប្រកាសដកខ្លួនចេញពីគណបក្សសង្គ្រោះជាតិ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាធិបតេយ្យជឿនលឿន របស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដូចគ្នា។
លោក សួន រីដា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ វិច្ឆិកា នេះថា ថ្ងៃនេះលោកសម្រេចប្រកាសដកខ្លួនចេញពីគណបក្សសង្គ្រោះជាតិ ហើយក៏ជាថ្ងៃដែលលោកវិលចូលឆាកនយោបាយនៅកម្ពុជា ឡើងវិញដែរ ដើម្បីចូលរួមចំណែកក្នុងការជួយជាតិមាតុភូមិ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។
លោក សួន រីដា អះអាងថា គណបក្សប្រជាធិបតេយ្យជឿនលឿន គឺជាបក្សនយោបាយដែលមានឆន្ទៈស្មោះត្រង់ចំពោះជាតិ និងប្រជាពលរដ្ឋខ្មែរពិតប្រាកដ ហើយក៏ជាគណបក្សដែលមានគោលការណ៍ប្រជាធិបតេយ្យតាមបែបប្រទេសប្រជាធិបតេយ្យជឿនលឿនលើពិភពលោកដែរ។
អតីតមន្ត្រីបក្សប្រឆាំងរូបនេះ បញ្ជាក់ថា គណបក្សដែលជាទ្រនំថ្មី និងជាក្តីសង្ឃឹមថ្មីនេះ គឺជាគណបក្សដែលប្រកាន់គោលការណ៍ប្រកួតប្រជែងដោយសុចរិតភាព ក្រោមស្មារតីខ្មែរតែមួយ មិនយកខ្មែរណាជាសត្រូវ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណបក្សដែលទើបផ្លាស់ប្ដូរឈ្មោះ បានចេញសេចក្តីប្រកាសព័ត៌មានថា គណបក្សប្រជាធិបតេយ្យជឿនលឿន ត្រូវបានក្រសួងមហាផ្ទៃ ទទួលស្គាល់ជាផ្លូវការកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពីឈ្មោះ «គណបក្សកម្ពុជានិយម» មកជាឈ្មោះ«គណបក្សប្រជាធិបតេយ្យជឿនលឿន» ក្រោយសមាជវិសាមញ្ញរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ។
គណបក្សប្រជាធិបតេយ្យជឿនលឿន ដែលមានលោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធាន គឺជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់សិទ្ធិនយោបាយរយៈពេល ៥ឆ្នាំ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលប្រកាសរំលាយ ប៉ុន្តែលោកទទួលសិទ្ធិធ្វើនយោបាយឡើងវិញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ក្រោយដាក់សំណើថ្វាយព្រះមហាក្សត្រ។
លោក យ៉ែម បុញ្ញឫទ្ធិ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ វិច្ឆិកា នេះថា គណបក្សប្រជាធិបតេយ្យជឿនលឿន បានកំណត់យ៉ាងច្បាស់នៅក្នុងលក្ខន្តិកៈរបស់ខ្លួន ដើម្បីបង្ហាញពីយន្តការ និងគោលការណ៍ប្រជាធិបតេយ្យសកលពិតប្រាកដ ដោយចែងអំពីការបែងចែកអំណាចគណៈកម្មាធិការទាំងបីដាច់ដោយឡែកពីគ្នា រួមមាន គណៈកម្មាធិការនាយក គណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការវិន័យ។
លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា ច្បាប់កំពូលរបស់គណបក្ស បានកំណត់ឱ្យបុគ្គលដែលជាប់ឆ្នោតជាប្រធានបក្សបានត្រឹមតែ ២អាណត្តិ ស្មើនឹង ១០ឆ្នាំប៉ុណ្ណោះ ចំណែកឯគោលនយោបាយសំខាន់ៗរបស់គណបក្ស ត្រូវបានកំណត់ជាចម្បងលើវិស័យសេដ្ឋកិច្ច សង្គម ការអប់រំ សុខភាព និងការពារជាតិ។
លោកគូសបញ្ជាក់ថា ក្នុងលក្ខន្តិកៈរបស់គណបក្ស ក៏បានចែងពីគោលបំណងប្រមូលផ្ដុំកម្លាំងប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យសេរី ទាំងក្នុង និងក្រៅប្រទេសផងដែរ។ ជាងនេះទៀត ក៏បានកំណត់យ៉ាងច្បាស់ពីការការពារឯករាជភាព អធិបតេយ្យ បូរណភាពទឹកដីខ្មែរ ដោយប្រឆាំងនឹងអំពើឈ្លានពានពីបរទេសតាមគ្រប់រូបភាព៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
