ក្រសួងវប្បធម៌កម្ពុជា ប្រកាសកាន់ទុក្ខប្រាសាទតាក្របី ដែលជានិមិត្តរូបនៃវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ក្រោយពីយោធាថៃ បំផ្លិចបំផ្លាញធ្វើឱ្យខូចខាតទាំងស្រុងដោយការបាញ់ផ្លោងកាំភ្លើងធំជុំវិញសង្គ្រាមឈ្លានពានទឹកដីកម្ពុជា នាពេលនេះ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញថ្លែងការណ៍នៅថ្ងៃទី១១ ធ្នូ ដោយថ្កោលទោសកងទ័ពថៃ ដាច់អហង្ការ ដែលបានប្រព្រឹត្តទង្វើអសីលធម៌មកលើវិស័យវប្បធម៌របស់កម្ពុជា ព្រោះទង្វើរបស់ថៃ ក្នុងពេលនេះ គឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមកលើបេតិកភណ្ឌមនុស្សជាតិ ដែលប្រឆាំងនឹងអនុសញ្ញាឆ្នាំ១៩៥៤ និងអនុសញ្ញាឆ្នាំ១៩៧២។
ប្រភពដដែលអះអាងថា បន្ទាប់ពីទទួលរងនូវការវាយប្រហារពីសំណាក់យោធាថៃ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បណ្តាលឱ្យរូបរាង និងរចនាសម្ព័ន្ធរបស់ប្រាសាទតាក្របី ជាទីសក្ការៈរបស់កម្ពុជា ត្រូវបានបំផ្លាញទាំងស្រុងកាលពីថ្ងៃទី១០ ខែធ្នូ ទោះបីជាក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួនក៏ដោយ។
ក្រសួងវប្បធម៌ អំពាវនាវឱ្យប្រជាជនកម្ពុជាទូទាំងប្រទេស ចូលរួមកាន់ទុក្ខការបាក់បែករបស់ប្រាសាទតាក្របី និងចងចាំទុកនូវទង្វើឧក្រិដ្ឋកម្មនេះនៅក្នុងប្រវត្តិសាស្ត្រនៃការបំផ្លិចបំផ្លាញរបស់យោធាថៃ មកលើប្រទេសកម្ពុជា។
ប្រភពដដែល បញ្ជាក់ថា ទោះជាប្រាសាទតាក្របី ត្រូវបានបំផ្លាញស្ទើរអស់រូបរាងយ៉ាងណាក៏ដោយ ក៏ប្រាសាទមួយនេះនៅតែឈរជានិមិត្តរូបនៃវប្បធម៌អរិយធម៌ខ្មែរដដែល និងជាភស្តុតាងនៃសោកនាដកម្មវប្បធម៌សម្រាប់បង្រៀនដល់មនុស្សជំនាន់ក្រោយ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវឱ្យបណ្តាប្រទេសលើសកលលោក អង្គការជាតិ និងអន្តរជាតិ ថ្កោលទោសទង្វើឧក្រិដ្ឋកម្មនេះ និងជំរុញឱ្យយោធាថៃ បញ្ឈប់ជាបន្ទាន់នូវការបំផ្លិចបំផ្លាញវប្បធម៌ និងបញ្ឈប់ការឈ្លានពានលើកម្ពុជា។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រាសាទតាក្របី ដែលជាប្រាសាទកេរដំណែលរបស់បុព្វបុរសខ្មែររងការបំផ្លាញទាំងស្រុងពីការវាយប្រហារដោយអាវុធពីសំណាក់កងទ័ពថៃ នាពេលនេះ។
ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃពុធ ថា យោធាថៃ បានផ្លោងកាំភ្លើងធំទៅលើប្រាសាទតាក្របី ដែលជាទីសក្ការៈរបស់កម្ពុជា ចំនួនពីរលើក កាលពីថ្ងៃទី១០ ខែធ្នូ ខណៈប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ ក៏ត្រូវយោធាថៃ បាញ់បំផ្លាញធ្វើឱ្យខូចខាតធ្ងន់ធ្ងរដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ កាសែតថៃ ខៅស៊ុត (Khaosod) បានរាយការណ៍កាលពីថ្ងៃទី១០ ខែធ្នូ ថា កងទ័ពភូមិភាគទី២ របស់ថៃ បានវាយប្រហារតំបន់ប្រាសាទព្រះវិហារ ដោយសំអាងថាជាការកម្ទេចដងស្ទូច (Crane) មួយគ្រឿង ដែលស្ថិតនៅច្រកចូលទៅកាន់ប្រាសាទព្រះវិហារ ត្រូវបានគេប្រើប្រាស់ដើម្បីដំឡើងឧបករណ៍រំខានសញ្ញា ឬឧបករណ៍ប្រឆាំងដ្រូននៅក្នុងតំបន់ប្រាសាទព្រះវិហារ។
ចំណែកកាសែតថៃ មួយទៀតឈ្មោះ Thai Enquirer បានស្រង់សម្ដីកងទ័ពភូមិភាគទី២ របស់ថៃ នៅថ្ងៃទី១១ ធ្នូ ថា កងកម្លាំងកម្ពុជា បានបាញ់កាំភ្លើងធំ និងកាំភ្លើងត្បាល់ទៅលើទីតាំងរបស់ថៃ លើតំបន់សំខាន់ៗមួយចំនួន រួមមាន ចុងបូក ចុងសាងាំ ចុងអាន់ម៉ា ប្រាសាទតាក្របី និងតំបន់ក្បែរប្រាសាទព្រះវិហារ ផងដែរ។
ប្រភពដដែល បញ្ជាក់ថា កងកម្លាំងថៃ បានវាយត្រឡប់ទៅវិញដោយប្រើកាំភ្លើងធំ និងកាំភ្លើងត្បាល់សំដៅលើទីតាំងយោធាកម្ពុជា ខណៈប្រតិបត្តិការនេះបានបំផ្លាញរថយន្តដឹកជញ្ជូនជាច្រើនគ្រឿងនិងបានធ្វើឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ថែមទៀត។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១០ ខែធ្នូ អង្គការយូណេស្កូ (UNESCO) បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
អង្គការយូណេស្កូ បានរំឭកភាគីទាំងអស់អំពីកាតព្វកិច្ច និងការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ សម្រាប់ការការពារទ្រព្យសម្បត្តិវប្បធម៌ និងអនុសញ្ញាឆ្នាំ១៩៧២ ទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌របស់ពិភពលោកក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធនេះ។
ជុំវិញបញ្ហានេះ ព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហមុនី មានព្រះរាជបន្ទូលនៅថ្ងៃទី១១ ធ្នូ ថា ប្រទេសថៃ បានបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងបូរណភាពទឹកដីខ្មែរ។
ប្រាសាទតាក្របី ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សទី១១ នៃគ.ស. ក្នុងសម័យព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទឧទ័យទិត្យវរ្ម័នទី២ ស្ថិតនៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ ប្រាសាទនេះជាទីតាំងបុរាណដ្ឋានដែលត្រូវបានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា និងជាទីគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជា៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
