The Cambodia Daily Khmer

នាយករដ្ឋមន្ត្រី​ថៃ គ្រោង​ពិភាក្សា​ជាមួយ​លោក ដូណាល់ ត្រាំ តាម​ទូរសព្ទ​នៅ​យប់​ថ្ងៃ​សុក្រ​នេះ​អំពី​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា

នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ

នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ

នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា លោក​នឹង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រហែល​ម៉ោង ០៩ និង ២០​នាទី​យប់​ថ្ងៃ​សុក្រ នេះ អំពី​ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដែល​បាន​អូស​បន្លាយ​ពេល​អស់​រយៈពេល ៥​ថ្ងៃ​មក​នេះ។

ទីភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuters) រាយការណ៍​នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា កងទ័ព​ថៃ និង​កម្ពុជា បាន​ប្រយុទ្ធ​គ្នា​នៅ​ចំណុច​ជាច្រើន​តាម​បណ្តោយ​ព្រំដែន​ប្រវែង ៨១៧​គីឡូម៉ែត្រ​របស់​ប្រទេស​ទាំង​ពីរ ដែល​នេះ​គឺជា​ការ​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​បំផុត​មួយ​ចាប់តាំងពី​ការ​ប្រយុទ្ធ​គ្នា​រយៈពេល ៥​ថ្ងៃ​កាលពី​ខែ​កក្កដា កន្លង​ទៅ។

ប្រភព​ដដែល​អះអាង​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មាន​បំណង​ចង់​ធ្វើ​អន្តរាគមន៍​ម្តង​ទៀត ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា និង​ស្ដារ​បទ​ឈប់​បាញ់ ដែល​លោក​បាន​សម្របសម្រួល​កាលពី​ខែ​កក្កដា កន្លង​ទៅ ដោយ​លោក​បាន​សន្យា​ថា លោក​នឹង​ហៅ​ទូរសព្ទ​ទៅ​កាន់​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ព្យាយាម​បញ្ឈប់​ការ​ប្រយុទ្ធ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

រ៉យទ័រ (Reuters) បាន​ចុះផ្សាយ​ទៀត​ថា នៅ​ក្នុង​ពិធី​លៀង​សាយភោជន៍​រដ្ឋសភា​កាលពី​យប់​ថ្ងៃទី​១១ ខែ​ធ្នូ លោក ដូណាល់ ត្រាំ បាន​លើក​តម្កើង​កេរ្តិ៍ឈ្មោះ​របស់​លោក​ថា​ជា​អ្នក​បង្កើត​សន្តិភាព​សកល ហើយ​បាន​សម្ដែង​ការ​ជឿជាក់​ថា លោក​នឹង​អាច​ធ្វើ​ឱ្យ​បទ​ឈប់​បាញ់​ត្រឡប់​មក​ដូច​ដើម​វិញ។

ប្រភព​ដដែល​បញ្ជាក់​ថា ប្រធានាធិបតី​អាមេរិក​រូប​នេះ​អះអាង​ថា លោក​បាន​ដោះស្រាយ​សង្គ្រាម​ចំនួន​ប្រាំ​រួច​មក​ហើយ រី​សង្គ្រាម​រវាង​ថៃ និង​កម្ពុជា លោក​នឹង​ហៅ​ទូរសព្ទ​ទៅ​កាន់​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ធ្វើ​ឱ្យ​បញ្ហា​មួយ​នេះ​វិល​ទៅ​រក​សភាព​ដើម​វិញ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក គ្រោង​ចេញ​មុខ​អន្តរាគមន៍​សាជាថ្មី​ជុំវិញ​ការ​ផ្ទុះ​សង្គ្រាម​រវាង​កម្ពុជា-ថៃ លើក​ទី​២ នា​ពេលនេះ។

កាសែត Bloomberg របស់​អាមេរិក បាន​រាយការណ៍​កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ គ្រោង​បើក​កិច្ចសន្ទនា​តាម​ទូរសព្ទ​ជាមួយ​មេដឹកនាំ​កម្ពុជា និង​ថៃ នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​ធ្នូ ដើម្បី​បញ្ចប់​សង្គ្រាម​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ផ្ទុះ​ឡើង​សាជាថ្មី​នា​ពេលនេះ។

យ៉ាងណាក៏ដោយ មក​ដល់​ពេលនេះ កិច្ចសន្ទនា​អំពី​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ ជាមួយ​ប្រធានាធិបតី​អាមេរិក មិន​ទាន់​កើតឡើង​នៅឡើយ​ទេ ខណៈ​មេដឹកនាំ​កម្ពុជា ក៏​មិន​ទាន់​បញ្ជាក់​អំពី​បញ្ហា​នេះ​ដែរ​រហូត​មក​ទល់​ពេលនេះ។

ចំណែក​អ្នក​នាំពាក្យ​សេតវិមាន អ្នកស្រី ខារ៉ូឡាញ ឡេវីដ (Karoline Leavitt) បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ នេះ​ថា ប្រសិនបើ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទូរសព្ទ​ទៅ​មេដឹកនាំ​កម្ពុជា និង​ថៃ មែន គាត់​ច្បាស់​ជា​ប្រាប់​រឿង​នេះ​ដោយ​ផ្ទាល់​ទៅ​អ្នក​សារព័ត៌មាន។

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​តាមដាន​ស្ថានការណ៍​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ យ៉ាង​យកចិត្ត​ទុកដាក់ ហើយ​បញ្ហា​នេះ​ក៏​ត្រូវ​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ ដែរ។

កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​រវាង​កម្ពុជា-ថៃ ក្នុង​តំបន់​ជាច្រើន​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​កំពុង​ផ្ទុះ​ឡើងវិញ។

លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ជំរុញ​ឱ្យ​កម្ពុជា-ថៃ គោរព​បទ​ឈប់​បាញ់​ដើម្បី​ការពារ​ជនស៊ីវិល​របស់​ប្រទេស​ទាំង​ពីរ ដែល​ភាគី​ទាំង​សងខាង​បាន​ឯកភាព​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​កូឡាឡាំពួរ កាលពី​ចុង​ខែ​តុលា ដែល​មាន​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជា​សាក្សី។

ដោយឡែក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ថា កាលពី​យប់​ថ្ងៃទី​៩ ខែ​ធ្នូ លោក​បាន​ជជែក​តាម​ទូរសព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ ដើម្បី​ពិភាក្សា​អំពី​ភាព​ចលាចល​ដែល​កំពុង​កើតឡើង​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​ដំណោះស្រាយ​ពេញលេញ​មិន​ទាន់​ត្រូវ​បាន​សម្រេច​នៅឡើយ​ទេ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់​ថា ម៉ាឡេស៊ី​នឹង​បន្ត​គាំទ្រ​កិច្ចសន្ទនា​ប្រកប​ដោយ​សន្តិភាព ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ដើម្បី​ការពារ​ស្ថិរភាព និង​សន្តិសុខ​នៃ​តំបន់។

ជុំវិញ​បញ្ហា​នេះ អង្គការ​សង្គម​ស៊ីវិល សហព័ន្ធ​សហជីព និង​សហគមន៍​ក្នុង​ស្រុក​ចំនួន ២០៤​ស្ថាប័ន នៅ​ថ្ងៃទី​១២ ខែ​ធ្នូ នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ថ្កោលទោស​ចំពោះ​ការ​បាញ់​ប្រហារ​របស់​យោធា​ថៃ ជា​ថ្មី​មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា។

ប្រភព​ដដែល អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​ប្រទេស​ថៃ ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ទម្រង់​នៃ​ការ​ឈ្លានពាន​មក​លើ​ទីតាំង​ជនស៊ីវិល​កម្ពុជា ដោយ​ងាក​ទៅ​គោរព​ឲ្យ​បាន​ពេញលេញ​នូវ​ព្រំដែន​ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ និង​ប្រើប្រាស់​យន្តការ​ដោះស្រាយ​ដោយ​សន្តិភាព។

អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ទាំងនេះ ទាមទារ​ឲ្យ​ថៃ ធានា​ការ​គោរព​សិទ្ធិមនុស្ស សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​កម្មករ​ចំណាកស្រុក​ទាំងអស់​ដែល​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ នា​ពេលនេះ​ផង​ដែរ។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បញ្ជាក់​អំពី​គម្រោង​ពិភាក្សា​តាម​ទូរសព្ទ​របស់​ប្រធានាធិបតី​អាមេរិក​ជាមួយ​មេដឹកនាំ​កម្ពុជា បាន​នៅឡើយ​ទេ រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version