The Cambodia Daily Khmer

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​ទាញ​ថៃ និង​អាស៊ាន​ចូលរួម​ពន្លត់​ភ្លើងសង្គ្រាម​ដើម្បី​វិបុលភាព​របស់​អាស៊ាន

(រូប​ខាង​មុខ​ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) និង​លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ចំណែក​រូប​ខាងក្រោយ​ជា​កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នា​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥។

(រូប​ខាង​មុខ​ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) និង​លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ចំណែក​រូប​ខាងក្រោយ​ជា​កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នា​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥។

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា ទាញ​ថៃ និង​អាស៊ាន ចូលរួម​ពន្លត់​ភ្លើង​សង្គ្រាម​ដែល​ថៃ បាន​ឈ្លានពាន​ខ្លួន​ក្រោម​ផលប្រយោជន៍​រួម គឺ​វិបុលភាព​របស់​អាស៊ាន។

ប្រភព​ដដែល បញ្ជាក់​ថា កម្ពុជា​មិន​ត្រូវ​ផ្ដេកផ្ដួល​ស្រែក​យំ​សុំ​ឱ្យ​គេ​អាណិត​ឡើយ ព្រោះ​គ្មាន​នរណា​ចេញ​មុខ​ច្បាំង​ជាមួយ​កងទ័ព​ឈ្លានពាន​ថៃ ក្រៅពី​កម្ពុជា​ខ្លួនឯង​នោះ​ទេ។

អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា បើ​កម្ពុជា ទាញ​ថៃ និង​អាស៊ាន​ឱ្យ​ចូលរួម​ពន្លត់​ភ្លើងសង្គ្រាម​ជាមួយ​ខ្លួន​ក្រោម​ផលប្រយោជន៍​រួម គឺ​វិបុលភាព​អាស៊ាន នោះ​ទាំង​ថៃ និង​អាស៊ាន ប្រាកដជា​នឹង​ប្រឹងប្រែង​រក​វិធី​បញ្ចប់​សង្គ្រាម​នេះ​ជាមួយ​កម្ពុជា​ជាមិនខាន ហើយ​ក៏​ជា​ឱកាស​សម្រាប់​កម្ពុជា​ការពារ​ផលប្រយោជន៍​ជាតិ​ខ្លួនឯង​ដែរ។

លោក កង ឫទ្ធិគិរី លើកឡើង​ថា ពិត​មែន​តែ​លទ្ធផល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជុំវិញ​សង្គ្រាម​កម្ពុជា-ថៃ កាលពី​ថ្ងៃ​ចន្ទ មិន​អាច​បញ្ចប់​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​បាន ប៉ុន្តែ​វា​ក៏​ជា​វិធី​បន្ធូរ​ភាព​តានតឹង​ដើម្បី​វិល​ទៅ​រក​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា-ថៃ ដែរ ព្រោះ​ជា​លទ្ធផល ក្រុម​ប្រទេស​អាស៊ាន​កំពុងតែ​បង្កើត​យន្តការ​ដោះស្រាយ​ជុំវិញ​ជម្លោះ​នេះ​ហើយ។

លោក កង ឫទ្ធិគិរី បញ្ជាក់​ថា បើ​មិន​មាន​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នា​ពេលនេះ​ទេ ក៏​មិន​មាន​ការ​សន្យា​ស្វែងរក​ដំណោះស្រាយ​បន្ធូរ​ភាព​តានតឹង​ជម្លោះ​រវាង​កម្ពុជា-ថៃ នៅ​ពេល​បន្ទាប់​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​បាន​ដាក់​លើ​តុ​ដោះស្រាយ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។

រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ស្ដីពី​ស្ថានភាព​តានតឹង​រវាង​កម្ពុជា និង​ថៃ នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ចន្ទ។

ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ ប្រធាន​អាស៊ាន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ភ្លាមៗ ដោយ​សម្រេច​បង្កើត​ឱ្យ​មាន​លក្ខខណ្ឌ ១០​ចំណុច ក្នុង​នោះ​ក៏បាន​រំឭក​ឡើងវិញ​អំពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ការ​សម្រេច​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ពិសេស (GBC) ថ្ងៃទី​៧ ខែ​សីហា ព្រមទាំង​សេចក្តី​ថ្លែងការណ៍​រួម​ក្រុង​កូឡាឡាំពួរ ផង​ដែរ ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា និង​ថៃ អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព។

សេចក្តី​ថ្លែងការណ៍​នេះ បញ្ជាក់​ថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ឯកភាព​ឱ្យ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ក្នុង​បំណង​ពិភាក្សា​អំពី​ការ​អនុវត្ត និង​ការ​ផ្ទៀងផ្ទាត់​បទ​ឈប់​បាញ់ និង​ដើម្បី​ស្ដារ​បទ​ឈប់​បាញ់​ឡើងវិញ រួម​ទាំង​ការ​បញ្ឈប់​សកម្មភាព​អរិភាព​នានា​ឱ្យ​បាន​ឆាប់​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត បាន​លើកឡើង​ថា តាមរយៈ​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ស្ដីពី​កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជុំវិញ​សង្គ្រាម​កម្ពុជា និង​ថៃ បង្ហាញ​ថា​កិច្ចប្រជុំ​នេះ​មិន​មាន​លទ្ធផល​អ្វី​ទាំងអស់។

ចំណែក​អ្នកជំនាញ​ផ្នែក​ច្បាប់ លោក​មេធាវី សុក សំអឿន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា សង្គ្រាម​កម្ពុជា-ថៃ គឺ​ត្រូវ​ខ្លួន​ទីពឹង​ខ្លួន ព្រោះ​អាស៊ាន​គ្រាន់តែ​ជា​សហគមន៍​សេដ្ឋកិច្ច​មួយ​ប៉ុណ្ណោះ មិន​មាន​យន្តការ​ដោះស្រាយ​ជម្លោះ​រវាង​សមាជិក និង​សមាជិក​ទេ ហើយ​ក៏​មិន​មាន​វិធានការ​ប្រើប្រាស់​ទ័ព​អាស៊ាន​ដើម្បី​បញ្ចប់​ជម្លោះ​រវាង​សមាជិក និង​សមាជិក​ដែរ។

លោក​មេធាវី សុក សំអឿន បញ្ជាក់​ថា អាស៊ាន​បាន​ត្រឹម​សម្រុះសម្រួល​ប៉ុណ្ណោះ តែ​បើ​ភាគី​ណា​មួយ​មិន​ព្រម​បញ្ឈប់​នោះ អាស៊ាន​ក៏​មិន​មាន​វិធានការ​អ្វី​ដែរ ដ្បិត​អាស៊ាន​មិន​មាន​ឥទ្ធិពល​អ្វី​លើ​សមាជិក​របស់​ខ្លួន​ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version