លោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសចិន អបអរសាទរកិច្ចព្រមព្រៀងបទឈប់បាញ់រវាងថៃ និងកម្ពុជា ចំពោះការបញ្ចប់សង្គ្រាមព្រំដែនតាមរយៈកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាប់ពីកងទ័ពនៃប្រទេសទាំងពីរវាយប្រយុទ្ធគ្នារយៈពេល ២១ថ្ងៃ។
ក្នុងសង្គ្រាមព្រំដែន ២១ថ្ងៃនេះ ប្រជាជននៃប្រទេសទាំងពីរបានរត់ភៀសខ្លួនកើនឡើងដល់ទៅជា ១លាន ៣០ម៉ឺននាក់ ក្នុងនោះ ជនភៀសសឹកប្រទេសថៃ ប្រមាណជា ៧០ម៉ឺននាក់ និងជនភៀសសឹកកម្ពុជា ជិត ៦៤ម៉ឺននាក់។ នេះបើតាមរបាយការណ៍នៃក្រសួងការពារជាតិនៃប្រទេសទាំងពីរនេះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោករីករាយដែលជម្លោះនៃប្រទេសទាំងពីរបានឈានដល់ការឈប់វាយប្រហារគ្នាយ៉ាងឆាប់រហ័ស។ នេះបើតាមសាររបស់លោកដែលបានបង្ហោះលើបណ្ដាញសង្គម Truth Social។
លោក ត្រាំ ថាទីក្រុងវ៉ាស៊ីនតោន មានមោទនភាពក្នុងការជួយជំរុញប្រទេសទាំងពីរ ថៃ-កម្ពុជា ឱ្យស្ដារសន្តិភាពឡើងវិញតាមកិច្ចព្រមព្រៀងដែលមានស្រាប់ហើយនោះ។
មុនពេលកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ទី២៨ ធ្នូ ជាមួយប្រធានាធិបតី Volodymyr Zelenskyy ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន លោក ត្រាំ អះអាងថា សហរដ្ឋអាមេរិកបានកំពុងក្លាយជាអង្គការសហប្រជាជាតិពិតប្រាកដ។
ជារឿយៗ លោក ត្រាំ បង្ហាញខ្លួនឯងថាជាមេដឹកនាំតែម្នាក់ដែលមានឆន្ទៈក្នុងការទទួលបន្ទុក និងដោះស្រាយជម្លោះនៅតំបន់មួយចំនួននៃពិភពលោក។ តែចំពោះអង្គការសហប្រជាជាតិវិញ លោក ត្រាំ រិះគន់ថាជាស្ថាប័នមួយដែលពុំបានជួយស្ដារសន្តិភាពនៅក្នុងជម្លោះប្រទេសមួយឡើយ។
តាមលោក ត្រាំ រយៈពេល ១១ខែ លោកបានជួយស្ដារសន្តិភាពបានយ៉ាងតិច ៨តំបន់។ លោក ត្រាំ បន្តរិះគន់អង្គការសហប្រជាជាតិថាកំពុងធ្វើឱ្យខូចដល់ស្ថាប័នអន្តរជាតិដទៃទៀត។ តែយ៉ាងណា លោក ត្រាំ បានអំពាវនាវឱ្យអង្គការពិភពលោកមួយនេះធ្វើសកម្មភាពរបស់ខ្លួនឡើងវិញឱ្យសមជាអង្គការមួយមានបេសកកម្មជួយស្ដារសន្តិភាពពិភពលោក។
ជាមួយគ្នានេះ ប្រទេសចិន ក៏បានចេញសារសាទរប្រទេសថៃ និងកម្ពុជា ដែលបានធ្វើឱ្យមានការបញ្ឈប់ការវាយប្រយុទ្ធគ្នា។ នៅក្នុងជំនួបត្រីភាគីជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសថៃ និងកម្ពុជា នៅខេត្តយូណាន ប្រទេសចិន ធ្វើឡើងចន្លោះពីថ្ងៃទី២៨-២៩ ធ្នូ នេះ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន បានហៅបទឈប់បាញ់ថាជាជំហានដ៏សំខាន់ឆ្ពោះទៅរកការស្ដារសន្តិភាពឡើងវិញ ដែលលោកថាស្របតាមការរំពឹងទុករបស់ប្រទេសចិន ដែលចង់ឃើញប្រទេសពីរនេះមានសន្តិភាពនឹងគ្នាឡើងវិញ។
លោក វ៉ាង យី (Wang Yi) បានប្រាប់សមភាគីកម្ពុជា លោក ប្រាក់ សុខុន ថាភាគីទាំងពីរគួរតែដំណើរការមួយជំហានម្តងៗ ដើម្បីលើកកម្ពស់បទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង និងកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ។
ប្រមុខការទូតចិន រូបនេះបាននិយាយថា ទីក្រុងប៉េកាំង មានឆន្ទៈក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីជួយជនភៀសខ្លួននៅតាមតំបន់ព្រំដែន។
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសរសេរនៅលើ Facebook ថា ជំនួយដំបូងរបស់ចិន រួមមានអាហារ តង់ និងភួយ បានមកដល់កម្ពុជាហើយ។
ចំណែកលោក ប្រាក់ សុខុន បានសម្ដែងការពេញចិត្តយ៉ាងខ្លាំងចំពោះតួនាទីដ៏សំខាន់របស់ប្រទេសចិន ក្នុងការគាំទ្របទឈប់បាញ់ ខណៈដែលសមភាគីថៃ គឺលោក Sihasak Phuangketkeow បានអំពាវនាវឱ្យប្រទេសចិន ដើរតួលើសពីតួនាទីជាអ្នកសម្រុះសម្រួល។
លោករដ្ឋមន្ត្រីការបរទេសចិន និយាយថា ប្រទេសថៃ ពិតជាចង់ឱ្យប្រទេសចិន ដើរតួនាទីស្ថាបនាក្នុងការធានានូវបទឈប់បាញ់ប្រកបដោយនិរន្តរភាព។
ជាមួយគ្នានេះ ពួកមន្ត្រីជាន់ខ្ពស់យោធាចិន ថៃ និងកម្ពុជា គ្រោងនឹងចូលរួមកិច្ចចរចានៅខេត្តយូណានភាគនិរតីនៃប្រទេសចិន។
មេទ័ពនៃប្រទេសទាំងបីគ្រោងនឹងពិភាក្សាគ្នាអំពីមធ្យោបាយដើម្បីបង្រួបបង្រួមបទឈប់បាញ់ បន្តការផ្លាស់ប្ដូរ និងកសាងទំនុកចិត្តនយោបាយរវាងប្រទេសជិតខាងកម្ពុជា-ថៃ ឡើងវិញ។
ប្រទេសទាំងពីរមានជម្លោះព្រំដែនជាយូរមកហើយជុំវិញទីតាំងប្រាសាទបុរាណ ដែលបានផ្ទុះឡើងក្នុងរយៈពេលជាច្រើនឆ្នាំ។
ការប៉ះទង្គិចគ្នាចុងក្រោយបំផុតបានផ្ទុះឡើងក្រោយពីទាហានថៃ បាញ់សម្លាប់ទាហានខ្មែរម្នាក់កាលពីខែឧសភា ឆ្នាំ២០២៥។ ជម្លោះនេះបានកើតឡើងនៅចុងខែកក្កដា មានរយៈពេល ៥ថ្ងៃ។ ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោក ដូណាល់ ត្រាំ បាននាំឱ្យមានកិច្ចព្រមព្រៀងនៅថ្ងៃទី២៨ កក្កដា គឺជាយុទ្ធសន្តិភាព។ នៅថ្ងៃទី២៦ តុលា សេចក្ដីប្រកាសរួមមួយធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ទាំងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានចុះហត្ថលេខាជាមួយនឹងហត្ថលេខារួមគ្នាដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និងលោក ដូណាល់ ត្រាំ។
ស្រាប់តែទាហានថៃ ម្នាក់ដើរជាន់គ្រាប់មីនតាមព្រំដែន ហើយចោទថាជាគ្រាប់មីនរបស់កម្ពុជាទើបនឹងដាក់ថ្មី បានផ្ទុះឡើងធ្វើឱ្យទាហានថៃ ម្នាក់នោះរងរបួសធ្ងន់ធ្ងរ។
ការបង្កភាពតានតឹងក៏ផ្ទុះឡើងជាថ្មី ហើយក៏មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងបានកើតឡើងជាថ្មីនៅថ្ងៃទី៧ ខែធ្នូ។ ភាគីថៃ ចាប់ផ្ដើមបើកការវាយប្រហារផ្លូវអាកាស បាញ់កាំភ្លើងធំ គ្រាប់រ៉ុក្កែត និងប្រតិបត្តិការជើងគោកវាយរាលដាលឆ្លងកាត់ចំណុចព្រំដែនជាច្រើនវាយចូលខាងក្នុងទឹកដីកម្ពុជា។ ការប្រយុទ្ធគ្នាលើកទី២ រវាងប្រទេសទាំងពីរនៅអាស៊ីអាគ្នេយ៍នេះមានរយៈពេល ២១ថ្ងៃ។
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានបានទៅជួបគ្នានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងជំនួបនោះ ប្រមុខការទូតថៃ និងកម្ពុជា បានជួបគ្នា ហើយបានឈានដល់ការបើកជំនួបចរចានៃក្រុមគណៈកម្មាធិការព្រំដែនរួម GBC កម្ពុជា-ថៃ រយៈពេល ៤ថ្ងៃ។ នៅថ្ងៃទី២៧ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានជួបគ្នា ហើយក៏បានប្រកាសពីកិច្ចព្រមព្រៀងថ្មីមួយសន្យាបញ្ឈប់អរិភាពដោយបង្កើតបានបទឈប់បាញ់ដំបូងរយៈពេល ៧២ម៉ោងក្នុងគោលបំណងសាកល្បងធានាការអនុវត្តឱ្យបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។
តាមកិច្ចព្រមព្រៀងបទឈប់បាញ់ ប្រទេសថៃ សន្យាថានឹងធ្វើមាតុភូមិនិវត្តន៍ទាហានកម្ពុជា ចំនួន ១៨នាក់ដែលត្រូវបានឃុំខ្លួនជាអ្នកទោសចាប់តាំងពីខែកក្កដា ហើយត្រូវប្រគល់ឱ្យកម្ពុជា វិញ។
នៅពេលកម្ពុជា-ថៃ កំពុងអនុវត្តបទឈប់បាញ់គ្នាជាថ្ងៃចុងក្រោយនៃឱសានវាទ ៧២ម៉ោង នៅថ្ងៃទី២៩ ធ្នូ នេះ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានឆ្លៀតរម្លឹកទិវាសន្តិភាព ២៩ធ្នូ នៅលើបណ្ដាញសង្គមដោយពាក្យថា «អរគុណសន្តិភាព»។
ហ្វេសប៊ុករបស់លោក ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ គឺជាខួប ២៧ឆ្នាំចំពោះការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយរូបលោកក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពេញផ្ទៃប្រទេស។ លោក ហ៊ុន សែន បញ្ចេញសារថា អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
