28.4 C
Phnom Penh

មហាអំណាច​អាមេរិក និង​ចិន សាទរ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​ថៃ និង​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ដូណាល់ ត្រាំ និង​រដ្ឋមន្ត្រី​ការបរទេស​ចិន អបអរ​សាទរ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​ថៃ និង​កម្ពុជា ចំពោះ​ការ​បញ្ចប់​សង្គ្រាម​ព្រំដែន​តាមរយៈ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​បន្ទាប់ពី​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល ២១​ថ្ងៃ។

ក្នុង​សង្គ្រាម​ព្រំដែន ២១​ថ្ងៃ​នេះ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​រត់​ភៀស​ខ្លួន​កើន​ឡើង​ដល់​ទៅ​ជា ១​លាន ៣០​ម៉ឺន​នាក់ ក្នុង​នោះ ជនភៀសសឹក​ប្រទេស​ថៃ ប្រមាណ​ជា ៧០​ម៉ឺន​នាក់ និង​ជនភៀសសឹក​កម្ពុជា ជិត ៦៤​ម៉ឺន​នាក់។ នេះ​បើ​តាម​របាយការណ៍​នៃ​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​នេះ។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា លោក​រីករាយ​ដែល​ជម្លោះ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់​ការ​ឈប់​វាយប្រហារ​គ្នា​យ៉ាង​ឆាប់​រហ័ស។ នេះ​បើ​តាម​សារ​របស់​លោក​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Truth Social។

លោក ត្រាំ ថា​ទីក្រុង​វ៉ាស៊ីនតោន មាន​មោទនភាព​ក្នុង​ការ​ជួយ​ជំរុញ​ប្រទេស​ទាំង​ពីរ ថៃ-កម្ពុជា ឱ្យ​ស្ដារ​សន្តិភាព​ឡើងវិញ​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ហើយ​នោះ។

មុន​ពេល​កិច្ចប្រជុំ​កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ ធ្នូ ជាមួយ​ប្រធានាធិបតី Volodymyr Zelenskyy ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន លោក ត្រាំ អះអាង​ថា សហរដ្ឋ​អាមេរិក​បាន​កំពុង​ក្លាយ​ជា​អង្គការ​សហប្រជាជាតិ​ពិតប្រាកដ។

ជារឿយៗ លោក ត្រាំ បង្ហាញ​ខ្លួនឯង​ថា​ជា​មេដឹកនាំ​តែ​ម្នាក់​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​បន្ទុក និង​ដោះស្រាយ​ជម្លោះ​នៅ​តំបន់​មួយ​ចំនួន​នៃ​ពិភពលោក។ តែ​ចំពោះ​អង្គការ​សហប្រជាជាតិ​វិញ លោក ត្រាំ រិះគន់​ថា​ជា​ស្ថាប័ន​មួយ​ដែល​ពុំ​បាន​ជួយ​ស្ដារ​សន្តិភាព​នៅ​ក្នុង​ជម្លោះ​ប្រទេស​មួយ​ឡើយ។

តាម​លោក ត្រាំ រយៈពេល ១១​ខែ លោក​បាន​ជួយ​ស្ដារ​សន្តិភាព​បាន​យ៉ាងតិច ៨​តំបន់។ លោក ត្រាំ បន្ត​រិះគន់​អង្គការ​សហប្រជាជាតិ​ថា​កំពុង​ធ្វើ​ឱ្យ​ខូច​ដល់​ស្ថាប័ន​អន្តរជាតិ​ដទៃ​ទៀត។ តែ​យ៉ាងណា លោក ត្រាំ បាន​អំពាវនាវ​ឱ្យ​អង្គការ​ពិភពលោក​មួយ​នេះ​ធ្វើ​សកម្មភាព​របស់​ខ្លួន​ឡើងវិញ​ឱ្យ​សម​ជា​អង្គការ​មួយ​មាន​បេសកកម្ម​ជួយ​ស្ដារ​សន្តិភាព​ពិភពលោក។

ជាមួយ​គ្នា​នេះ ប្រទេស​ចិន ក៏បាន​ចេញ​សារ​សាទរ​ប្រទេស​ថៃ និង​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា។ នៅ​ក្នុង​ជំនួប​ត្រីភាគី​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ថៃ និង​កម្ពុជា នៅ​ខេត្ត​យូណាន ប្រទេស​ចិន ធ្វើឡើង​ចន្លោះ​ពី​ថ្ងៃទី​២៨-២៩ ធ្នូ នេះ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​ហៅ​បទ​ឈប់​បាញ់​ថា​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះ​ទៅ​រក​ការ​ស្ដារ​សន្តិភាព​ឡើងវិញ ដែល​លោក​ថា​ស្រប​តាម​ការ​រំពឹង​ទុក​របស់​ប្រទេស​ចិន ដែល​ចង់​ឃើញ​ប្រទេស​ពីរ​នេះ​មាន​សន្តិភាព​នឹង​គ្នា​ឡើងវិញ។

លោក វ៉ាង យី (Wang Yi) បាន​ប្រាប់​សមភាគី​កម្ពុជា លោក ប្រាក់ សុខុន ថា​ភាគី​ទាំង​ពីរ​គួរតែ​ដំណើរការ​មួយ​ជំហាន​ម្តងៗ ដើម្បី​លើក​កម្ពស់​បទ​ឈប់​បាញ់​ដ៏​ទូលំទូលាយ និង​យូរអង្វែង និង​កសាង​ទំនុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ឡើងវិញ។

ប្រមុខ​ការទូត​ចិន រូប​នេះ​បាន​និយាយ​ថា ទីក្រុង​ប៉េកាំង មាន​ឆន្ទៈ​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា ដើម្បី​ជួយ​ជនភៀសខ្លួន​នៅ​តាម​តំបន់​ព្រំដែន។

លោក Wang Wenbin ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​សរសេរ​នៅ​លើ Facebook ថា ជំនួយ​ដំបូង​របស់​ចិន រួម​មាន​អាហារ តង់ និង​ភួយ បាន​មក​ដល់​កម្ពុជា​ហើយ។

ចំណែក​លោក ប្រាក់ សុខុន បាន​សម្ដែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​ប្រទេស​ចិន ក្នុង​ការ​គាំទ្រ​បទ​ឈប់​បាញ់ ខណៈ​ដែល​សមភាគី​ថៃ គឺ​លោក Sihasak Phuangketkeow បាន​អំពាវនាវ​ឱ្យ​ប្រទេស​ចិន ដើរតួ​លើស​ពី​តួនាទី​ជា​អ្នក​សម្រុះសម្រួល។

លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន និយាយ​ថា ប្រទេស​ថៃ ពិត​ជា​ចង់​ឱ្យ​ប្រទេស​ចិន ដើរ​តួនាទី​ស្ថាបនា​ក្នុង​ការ​ធានា​នូវ​បទ​ឈប់​បាញ់​ប្រកប​ដោយ​និរន្តរភាព។

ជាមួយ​គ្នា​នេះ ពួក​មន្ត្រី​ជាន់ខ្ពស់​យោធា​ចិន ថៃ និង​កម្ពុជា គ្រោង​នឹង​ចូលរួម​កិច្ចចរចា​នៅ​ខេត្ត​យូណាន​ភាគ​និរតី​នៃ​ប្រទេស​ចិន។

មេទ័ព​នៃ​ប្រទេស​ទាំង​បី​គ្រោង​នឹង​ពិភាក្សា​គ្នា​អំពី​មធ្យោបាយ​ដើម្បី​បង្រួបបង្រួម​បទ​ឈប់​បាញ់ បន្ត​ការ​ផ្លាស់ប្ដូរ និង​កសាង​ទំនុកចិត្ត​នយោបាយ​រវាង​ប្រទេស​ជិតខាង​កម្ពុជា-ថៃ ឡើងវិញ។

ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ព្រំដែន​ជា​យូរ​មក​ហើយ​ជុំវិញ​ទីតាំង​ប្រាសាទ​បុរាណ ដែល​បាន​ផ្ទុះ​ឡើង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ។

ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​បាន​ផ្ទុះ​ឡើង​ក្រោយពី​ទាហាន​ថៃ បាញ់​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​កាលពី​ខែ​ឧសភា ឆ្នាំ​២០២៥។ ជម្លោះ​នេះ​បាន​កើតឡើង​នៅ​ចុង​ខែ​កក្កដា មាន​រយៈពេល ៥​ថ្ងៃ។ ដោយ​មាន​ការ​សម្របសម្រួល​ពី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​លោក ដូណាល់ ត្រាំ បាន​នាំ​ឱ្យ​មាន​កិច្ចព្រមព្រៀង​នៅ​ថ្ងៃទី​២៨ កក្កដា គឺជា​យុទ្ធសន្តិភាព។ នៅ​ថ្ងៃទី​២៦ តុលា សេចក្ដី​ប្រកាស​រួម​មួយ​ធ្វើឡើង​នៅ​ទីក្រុង​កូឡាឡាំពួរ ទាំង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ហត្ថលេខា​រួម​គ្នា​ដោយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និង​លោក ដូណាល់ ត្រាំ។

ស្រាប់តែ​ទាហាន​ថៃ ម្នាក់​ដើរ​ជាន់​គ្រាប់មីន​តាម​ព្រំដែន ហើយ​ចោទ​ថា​ជា​គ្រាប់មីន​របស់​កម្ពុជា​ទើប​នឹង​ដាក់​ថ្មី បាន​ផ្ទុះ​ឡើង​ធ្វើ​ឱ្យ​ទាហាន​ថៃ ម្នាក់​នោះ​រង​របួស​ធ្ងន់ធ្ងរ។

ការ​បង្ក​ភាព​តានតឹង​ក៏​ផ្ទុះ​ឡើង​ជា​ថ្មី ហើយ​ក៏​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​បាន​កើតឡើង​ជា​ថ្មី​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ។ ភាគី​ថៃ ចាប់ផ្ដើម​បើក​ការ​វាយប្រហារ​ផ្លូវអាកាស បាញ់​កាំភ្លើងធំ គ្រាប់​រ៉ុក្កែត និង​ប្រតិបត្តិការ​ជើងគោក​វាយ​រាលដាល​ឆ្លងកាត់​ចំណុច​ព្រំដែន​ជាច្រើន​វាយ​ចូល​ខាង​ក្នុង​ទឹកដី​កម្ពុជា។ ការ​ប្រយុទ្ធ​គ្នា​លើក​ទី​២ រវាង​ប្រទេស​ទាំង​ពីរ​នៅ​អាស៊ីអាគ្នេយ៍​នេះ​មាន​រយៈពេល ២១​ថ្ងៃ។

នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​ទៅ​ជួប​គ្នា​នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។ ក្នុង​ជំនួប​នោះ ប្រមុខ​ការទូត​ថៃ និង​កម្ពុជា បាន​ជួប​គ្នា ហើយ​បាន​ឈាន​ដល់​ការ​បើក​ជំនួប​ចរចា​នៃ​ក្រុម​គណៈកម្មាធិការ​ព្រំដែន​រួម GBC កម្ពុជា-ថៃ រយៈពេល ៤​ថ្ងៃ។ នៅ​ថ្ងៃទី​២៧ រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​គ្នា ហើយ​ក៏​បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​ថ្មី​មួយ​សន្យា​បញ្ឈប់​អរិភាព​ដោយ​បង្កើត​បាន​បទ​ឈប់​បាញ់​ដំបូង​រយៈពេល ៧២​ម៉ោង​ក្នុង​គោលបំណង​សាកល្បង​ធានា​ការ​អនុវត្ត​ឱ្យ​បទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព។

តាម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ប្រទេស​ថៃ សន្យា​ថា​នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ទាហាន​កម្ពុជា ចំនួន ១៨​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​អ្នកទោស​ចាប់តាំងពី​ខែ​កក្កដា ហើយ​ត្រូវ​ប្រគល់​ឱ្យ​កម្ពុជា វិញ។

នៅ​ពេល​កម្ពុជា-ថៃ កំពុង​អនុវត្ត​បទ​ឈប់​បាញ់​គ្នា​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ឱសានវាទ ៧២​ម៉ោង នៅ​ថ្ងៃទី​២៩ ធ្នូ នេះ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បាន​ឆ្លៀត​រម្លឹក​ទិវា​សន្តិភាព ២៩​ធ្នូ នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ពាក្យ​ថា «អរគុណ​សន្តិភាព»។

ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន បាន​បញ្ជាក់​ថា នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ គឺជា​ខួប ២៧​ឆ្នាំ​ចំពោះ​ការ​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ដាក់​ចេញ​ដោយ​រូបលោក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា នាំមក​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ពេញ​ផ្ទៃ​ប្រទេស។ លោក ហ៊ុន សែន បញ្ចេញ​សារ​ថា អបអរ​សាទរ «ទិវា​សន្តិភាព​នៅ​កម្ពុជា»៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស