The Cambodia Daily Khmer

គណបក្ស​កម្លាំង​ជាតិ តវ៉ា​ជំនួស​រដ្ឋាភិបាល​កម្ពុជា ទាមទារ​ឱ្យ​ថៃ​ត្រូវតែ​ដក​កងទ័ព​ចេញពី​ទឹកដី​ខ្មែរ

ទាហាន​ថៃ ដាក់​ទូ​កុងតឺន័រ​ធ្វើ​ជា​របង​ព្រំដែន​ថ្មី​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ក្នុង​ទឹកដី​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៥។

ទាហាន​ថៃ ដាក់​ទូ​កុងតឺន័រ​ធ្វើ​ជា​របង​ព្រំដែន​ថ្មី​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ក្នុង​ទឹកដី​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៥។

គណបក្ស​ក្រៅ​រដ្ឋាភិបាល អះអាង​ថា ត្រឹមតែ​ដោះលែង​វីរកងទ័ព​កម្ពុជា ទាំង ១៨​រូប មិន​ទាន់​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ថៃ​ត្រូវតែ​ដក​កងទ័ព​ចេញពី​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា ឱ្យ​វិលត្រឡប់​ទៅ​ស្ថានភាព​ដើម​វិញ នោះ​ទើប​ជា​រឿង​ត្រឹមត្រូវ និង​ត្រូវ​ទទួល​ខុស​ចំពោះ​ការ​ចូល​កាន់កាប់​លើ​ទឹកដី​ខ្មែរ​គ្រប់​បែប​យ៉ាង​ថែមទៀត។

គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១ មករា នេះ​ថា អាជ្ញាធរ​ថៃ ត្រូវ​គោរព​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ថែមទាំង​ត្រូវ​សង​ជំងឺចិត្ត​រាល់​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ជាតិ​របស់​កម្ពុជា​ថែមទៀត ដូចជា សាលារៀន ផ្ទះសម្បែង មន្ទីរពេទ្យ អគារ ស្ពាន​ថ្នល់ ប្រាសាទ​បុរាណ រួម​ទាំង​សំណង​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​អាយុជីវិត និង​រង​របួស​ផង​ដែរ។

ប្រភព​ដដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ដាក់​ពាក្យ​ប្ដឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ចំពោះ​ការ​ឈ្លានពាន​របស់​ថៃ មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា ថែមទាំង​ត្រូវ​ស្នើ​ទៅ​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ឱ្យ​កោះ​ប្រជុំ​ជាបន្ទាន់​ចំពោះ​ករណី​ថៃ ឈ្លានពាន​ទឹកដី​កម្ពុជា ថែមទៀត។

ចំណែកឯ​លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្តឹង​រដ្ឋាភិបាល​ថៃ ទៅ​តុលាការ​អន្តរជាតិ​ដែរ ប៉ុន្តែ​ការ​ខូចខាត​ទាំង​ជីវិត​មនុស្ស ទាំង​ទ្រព្យសម្បត្តិ​មាន​ទាំង​សងខាង។

គណបក្ស​កម្លាំង​ជាតិ អំពាវនាវ​ឱ្យ​ប្រទេស​ថៃឡង់ដ៍ គោរព​សេចក្ដី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ និង​បញ្ឈប់​រាល់​ទង្វើ​ឈ្លានពាន​មក​លើ​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​របស់​ប្រទេស​កម្ពុជា ជាបន្ទាន់។

តាម​ធម្មតា ការ​គោរព​រាល់​កិច្ចព្រមព្រៀង តម្រូវ​ឲ្យ​ភាគី​ជម្លោះ​ទាំងអស់​គោរព​ដូច​គ្នា ហើយ​ខាង​ភាគី​ថៃ ក៏​គេ​ទាមទារ​ឲ្យ​ភាគី​ខ្មែរ​គោរព​ដូច​គ្នា។ លក្ខខណ្ឌ​មួយ​ដែល​ថៃ ទាមទារ​មុន​ដោះលែង​ទាហាន​ទាំង ១៨​នាក់​ឲ្យ​ត្រឡប់​មក​ស្រុកកំណើត​វិញ​ជួន​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល គឺ​ឲ្យ​កងទ័ព​ខ្មែរ​ឈប់​បាញ់​មុន។

រឿង​កិច្ចព្រមព្រៀង​បារាំង-សៀម ក៏​មាន​ច្រើន​សណ្ឋាន ព្រោះ​បារាំង ក្នុង​នាម​ជា​អ្នក​អាណាព្យាបាល​លើ​រាជាណាចក្រ​កម្ពុជា ពី​ឆ្នាំ​១៨៦៣ ដល់​ឆ្នាំ​១៩០៧ បារាំង​បញ្ចប់​អត្តសន្និយាតន៍​ប្រទេស​កម្ពុជា​ចំណុះ​ឲ្យ​អណ្ណាម លែង​លើក​សួយសារអាករ​ថ្វាយ​ព្រះចៅ​ក្រុង​វ៉េ ប៉ុន្តែ​ព្រះបាទ នរោត្តម រក្សា​ការ​ទទួលស្គាល់​រាជាណាចក្រ​សៀម កាន់កាប់​ខេត្ត​បាត់ដំបង ស៊ីសូផុន សៀមរាប ម្លូព្រៃ (សព្វថ្ងៃ​ខេត្ត​ព្រះវិហារ) ទន្លេរពៅ កំពង់ស្វាយ និង​ពោធិ៍សាត់។

ពី​ថ្ងៃទី​២៣ ទី​២៨ ខែ​មីនា ដល់​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​១៩០៧ បារាំង​និង​សៀម បាន​ព្រមព្រៀង​គ្នា​ដោះដូរ​ដែនដី​ខ្មែរ ដោយ​បារាំង​ប្រគល់​ទីប្រជុំជន​ត្រាត ឬ​ខេត្ត​ត្រាត និង​កោះគុត ព្រមទាំង​ទឹកដី​តំបន់​ដានសៃ ជា​ថ្នូរ​នឹង​ខេត្ត​បាត់ដំបង និង​ស៊ីសូផុន យក​មក​ត្រួតត្រា​វិញ។ កិច្ចព្រមព្រៀង​ជា​ភាសា​ថៃ បារាំង និង​អង់គ្លេស ធ្វើឡើង​រវាង​រដ្ឋមន្ត្រី​តំណាង​ពិសេស​សាធារណរដ្ឋ​បារាំង Victor-Emille-MarieJoseph Collin de Plancy និង​តំណាង​ព្រះរាជា​ថៃ ព្រះអង្គម្ចាស់ ទេវិន្ទ ឧទ័យវង្ស ក្រុមព្រះ ទេវវង្ស រូបកាណ៌ ហើយ​និង​រវាង​តំណាង​អគ្គទេសាភិបាល​ឥណ្ឌូចិន Jean Baptiste Paul Beau ប្រចាំ​ខេត្ត​កំពត ឈ្មោះ Rousseau Aramande ចុះ​កិច្ចព្រមព្រៀង​ជាមួយ​តំណាង​រាជាណាចក្រ​សៀម ព្រះយ៉ា មហាអំណាច​ទ័យា​ធិបតី ហៅ ព្រះយ៉ា សិរីហាទេព។

រីឯ​រឿង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ មាន​អ្នក​សួរ​ថា តើ​យក​អនុវត្ត​លើ​ភាគី​ថៃ ដូចម្តេច បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ដែល​គោរព​ផង​តាំងពី​ឆ្នាំ​១៩៩៣។ លោក ហ៊ុន សែន អះអាង​ថា កិច្ចព្រមព្រៀង​នោះ​ងាប់​ដូច​ខ្មោច​អណ្ដែត​ទឹក វា​អស់​សុពលភាព​នៅ​ពេល​ស្រុក​ខ្មែរ​មាន​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​លោក​មិន​ដែល​គោរព ថែមទាំង​បំពាន​ទៀត ដូចជា​បណ្តោយ​ឲ្យ​បរទេស​មាន​ទីតាំង​អង្គភាព​យោធា​លើ​ទឹកដី​ខ្មែរ ជាដើម។

ការ​លើកឡើង​ពី​គណបក្ស​កម្លាំង​ជាតិ ធ្វើឡើង​បន្ទាប់ពី​យោធា​ខ្មែរ​ទាំង ១៨​នាក់​ទើប​តែ​ថៃ បាន​ដោះលែង​កាលពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​ទឹកដី​កម្ពុជា​មួយ​ចំនួន​នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​យោធា​ថៃ នៅឡើយ។

ទាក់ទង​នឹង​រឿង​នេះ លោក ហ៊ុន សែន បាន​ទាមទារ​ឲ្យ​មាន​ការ​កំណត់​ព្រំដែន​ខ្មែរ-ថៃ ជា​ថ្មី ដូច​កាល​សម័យ​ខ្មែរក្រហម ប៉ុល ពត ស្នើ​រដ្ឋការ​ក្រុង​ហាណូយ ជាច្រើន​ដង តាំងពី​ឆ្នាំ​១៩៧៦ សុំ​កំណត់​ព្រំប្រទល់​ដែន​សាថ្មី ប៉ុន្តែ​ក្រុង​ហាណូយ ពន្យារ​ពេល​រហូត​វាយ​លុកលុយ​រំលំ​រំលើង រំលាយ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

យោង​តាម​វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម បង្ហាញ​ថា ទោះ​មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) កាលពី​ថ្ងៃទី​២៧ ធ្នូ រហូត​ឈាន​ដល់​ការ​ដោះលែង​កងទ័ព​កម្ពុជា ទាំង ១៨​នាក់ ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា វិញ​ក៏ដោយ ក៏​កងទ័ព​ថៃ នៅ​មិន​ទាន់​ដក​កម្លាំង​របស់​ពួកគេ​ចេញពី​ទឹកដី​កម្ពុជា ដែរ ដូចជា​នៅ​ភូមិ​ព្រៃចាន់ ភូមិ​ជោគជ័យ និង​ច្រក​បឹងត្រកួន ជាដើម។

តាមរយៈ​វីដេអូ​ឃ្លីប​ទាំងនោះ បង្ហាញ​ថា កងទ័ព​ថៃ បាន​រាយ​លួស​បន្លា និង​ដាក់​ពង្រាយ​ទូ​កុងតឺន័រ​ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា ដែល​ទំនង​ជា​មាន​បំណង​ដាក់​ជា​សញ្ញា​សម្គាល់​ព្រំដែន​ថ្មី​ជាមួយ​ប្រទេស​កម្ពុជា ខណៈ​ព្រះសង្ឃ​គង់​នៅ​វត្ត​ជោគជ័យ ក្នុង​ភូមិ​ជោគជ័យ មាន​សង្ឃ​ដីកា​ថា វត្ត​ព្រះអង្គ​គង់​ក៏​ត្រូវ​ទាហាន​ថៃ រាយ​លួស​បន្លា និង​ដាក់​ពង្រាយ​ទូ​កុងតឺន័រ​ព័ទ្ធ​យក​ដែរ។

ជុំវិញ​បញ្ហា​នេះ កាសែត​ថៃ ខៅស៊ុត បាន​ធ្វើ​សេចក្តី​រាយការណ៍​ដោយ​ភ្ជាប់​ជាមួយ​នឹង​វីដេអូ​ឃ្លីប​ដែល​កងទ័ព​ថៃ ប្រើ​គ្រឿងចក្រ​ផ្តួល​រំលំ​ផ្ទះ​ជាច្រើន​ខ្នង​នៅ​ភូមិ​ណងចាន់ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៥ ថា​កងកម្លាំង Bhurapha របស់​ប្រទេស​ថៃ បាន​វាយ​កម្ទេច​ផ្ទះ​ដែល​ជា​កម្មសិទ្ធិ​របស់​ឥស្សរជន​ខ្មែរ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​យោធា​ថៃ បាន​វាយលុក​ភូមិ​ណងចាន់ (Nong Chan) ក្នុង​ខេត្ត​ស្រះកែវ ដោយ​ជោគជ័យ​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ដោយ​ចាត់ទុក​ថា​ជា​ភូមិ​ក្នុង​ទឹកដី​ថៃ ហៅ​បានណងចាន់។

ប្រភព​ដដែល​បញ្ជាក់​ថា កងកម្លាំង​ប្រដាប់​អាវុធ​ថៃ បាន​ចាត់ទុក​ប្រតិបត្តិការ​នេះ​ថា​ជា​អំណោយ​ឆ្នាំ​ថ្មី​ដល់​ប្រជាជន​ថៃ ពិសេស​អ្នក​ស្រុក​ណងចាន់ ដែល​រង់ចាំ​ការ​ទាមទារ​យក​មក​វិញ​ដោយ​ស្រប​ច្បាប់ និង​ប្រើប្រាស់​ដីធ្លី​របស់​ពួកគេ។

ជុំវិញ​សង្គ្រាម​កម្ពុជា-ថៃ រយៈពេល ២១​ថ្ងៃ​កន្លង​ទៅ​នេះ ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ថា ជនស៊ីវិល​ខ្មែរ​ស្លាប់​ក្នុង​ការ​វាយប្រហារ ៣២​នាក់ ដែល​ក្នុង​នោះ គឺ​មាន​កុមារ​ម្នាក់ និង​របួស ៩៥​នាក់ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល បាន​រង​ការ​ខូចខាត​ជាង ២០០​កន្លែង (២១៣​កន្លែង)។

ប្រភព​ដដែល​អះអាង​ថា សង្គ្រាម​វាយ​សន្ធាប់​ពី​យោធា​ថៃ បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ ១៦០​ខ្នង អគារ​ឯកជន ៧​ទីតាំង សណ្ឋាគារ ៥​ទីតាំង ស្ថានីយ​ប្រេង ១​ទីតាំង រថយន្ត ២៧​គ្រឿង ម៉ូតូ ១​គ្រឿង លាន​ទិញ​ដំឡូង ១​កន្លែង ឃ្លាំង​ទំនិញ ១​កន្លែង ជង្រុក​ស្រូវ​ចំនួន​១ សត្វព្រៃ ២​ក្បាល ដែល​ក្នុង​នោះ គឺ​មាន​សត្វ​ដំរី ១​ក្បាល និង​បង្គោល​អង់តែន​ទូរសព្ទ ២​កន្លែង​ផង​ដែរ។ ជនស៊ីវិល​ថៃ ក៏​មាន​ស្លាប់ ការ​ខូចខាត​ក្នុង​ខេត្ត​ថៃ ចំនួន​៤ ក៏​ដំណំ​ណាស់​ដែរ ក្រោម​គ្រាប់​រ៉ុក្កែត​ផ្លោង BM-21 Grad។

ក្រោយ​កងទ័ព​កម្ពុជា ទាំង ១៨​នាក់​ត្រូវ​បាន​ថៃ ដោះលែង អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ លើកឡើង​នៅ​ថ្ងៃទី​១ មករា នេះ​ថា ពេលនេះ​ល្មម​ដល់​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា ដាក់​ពាក្យ​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ហើយ​ចំពោះ​ការ​ឈ្លានពាន​របស់​ថៃ មក​លើ​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា ជាបន្តបន្ទាប់​មក​នេះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version