The Cambodia Daily Khmer

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត ឈប់​ប្រើ​ពាក្យ «ថៃ​ឈ្លានពាន​កម្ពុជា» បង្ក​ឱ្យ​មាន​ការ​រិះគន់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួប​សួរ​សុខទុក្ខ​វីរកងទ័ព​និង​វីរនគរបាល​ដែល​រង​របួស​ក្នុង​សមរភូមិ និង​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​បន្ត​នៅ​តាម​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៥។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួប​សួរ​សុខទុក្ខ​វីរកងទ័ព​និង​វីរនគរបាល​ដែល​រង​របួស​ក្នុង​សមរភូមិ និង​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​បន្ត​នៅ​តាម​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៥។

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ជំទាស់​នឹង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ឈប់​ប្រើ​ពាក្យ «ថៃ​ឈ្លានពាន​ប្រទេស​កម្ពុជា» ពេល​ដែល​ថៃ បាន​ទម្លាក់​គ្រាប់បែក​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ និង​កំពុង​កាន់កាប់​តំបន់​មួយ​ចំនួន​ដោយ​ខុស​ច្បាប់​អន្តរជាតិ​ក្នុង​ទឹកដី​កម្ពុជា ជុំវិញ​សង្គ្រាម​ទាំង​ពីរ​លើក​កន្លង​ទៅ​ថ្មីៗ​នេះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ មករា នេះ​ថា លោក​យល់ស្រប​ជាមួយ​ទស្សនៈ​ពលរដ្ឋ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្រើ​ពាក្យ «ថៃ​ឈ្លានពាន​កម្ពុជា» បន្ត​ទៀត ព្រោះ​យោធា​ថៃ កំពុង​ឈរជើង​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ទឹកដី​កម្ពុជា និង​បាន​ទម្លាក់​គ្រាប់បែក​ចូល​ក្នុង​ទឹកដី​ខ្មែរ​យ៉ាង​ជ្រៅ​ដោយ​ខុស​ច្បាប់​ជុំវិញ​សង្គ្រាម​លើ​ប្រទេស​កម្ពុជា ទាំង​ពីរ​លើក​មក​នេះ។

លោក ម៉ែន ណាត ផ្តល់​យោបល់​ថា បើ​រាជរដ្ឋាភិបាល​កម្ពុជា មិន​ចង់​ប្រើ​ពាក្យ «ថៃ​ឈ្លានពាន​កម្ពុជា» ដោយ​បារម្ភ​ខ្លាច​ពិបាក​ឡើង​តុ​ចរចា​ជាមួយ​ថៃ ក៏បាន​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ត្រូវ​មើល​រំលង​គ្រប់​ចំណុច​លម្អិត​សំខាន់ៗ​ដែល​ត្រូវ​ប្រមូល​ភស្តុតាង និង​ត្រូវ​ធ្វើ​សេចក្តី​រាយការណ៍​អំពី​សកម្មភាព​យោធា​ថៃ រំលោភ​ច្បាប់​អន្តរជាតិ​ដែល​កំពុង​ឈរជើង​នៅ​តំបន់​ខ្លះ​ក្នុង​ទឹកដី​ខ្មែរ និង​បាន​វាយប្រហារ​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ជ្រៅ​នា​ពេល​កន្លង​មក​នោះ​ទេ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​អះអាង​ថា រាល់​ព័ស្តុតាង និង​សេចក្តី​រាយការណ៍​ទាំងអស់ ប្រទេស​កម្ពុជា​ត្រូវតែ​បញ្ជូន​ទៅ​តាម​គោលដៅ​នៃ​ដៃគូ​អន្តរជាតិ​នានា ព្រមទាំង​ភ្ជាប់​ជាមួយ​ពាក្យបណ្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ផង​ដែរ។

លោក ម៉ែន ណាត ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្រើ​យន្តការ​មួយ​ចំនួន​ជុំវិញ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ លើ​កម្ពុជា ដូចជា បន្ត​យន្តការ​ការទូត​ក្នុង​កម្រិត​ខ្ពស់​បំផុត​ដើម្បី​ដាក់​សម្ពាធ​ថៃ និង​បន្ត​យន្តការ​ប្តឹង​រដ្ឋាភិបាល​ថៃ ព្រមទាំង​មេ​យោធា​ថៃ ជាដាច់ខាត។

ជាង​នេះ​ទៀត កម្ពុជា​ក៏​ត្រូវ​ត្រៀម​លក្ខណៈ​ប្រើ​សិទ្ធិ​ស្វ័យ​ការពារ​ខ្លួន​គ្រប់​កាលៈទេសៈ​ផង​ដែរ ក្នុង​ករណី​ថៃ នៅតែ​គឃ្លើន​ប្រើ​កម្លាំង​បំពាន​លើ​ប្រទេស​កម្ពុជា បន្ត​ទៀត​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ចេញ​សេចក្តី​ថ្លែងការណ៍​ពិសេស​ក្រោយ​សង្គ្រាម​កម្ពុជា-ថៃ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​នា​ពេលនេះ។

កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៦ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ពិសេស​ជុំវិញ​សង្គ្រាម​កម្ពុជា-ថៃ អស់​រយៈពេល ២១​ថ្ងៃ​កន្លង​ទៅ ស្ដីពី​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​នានា និង​ការ​វិលត្រឡប់​របស់​ពលរដ្ឋ​ភៀស​សឹក​ឡើងវិញ ក្រោយ​រង​ការ​បំផ្លាញ​ដោយសារ​សង្គ្រាម​រវាង​កម្ពុជា-ថៃ កន្លង​ទៅ​នោះ។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ បាន​រៀបរាប់​ពី​ផល​ប៉ះពាល់​លើ​ជីវភាព​ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​សេវា​សាធារណៈ​ដោយសារ​សង្គ្រាម រួម​ទាំង​ការ​ស្ដារ​ឡើងវិញ​នូវ​ជីវភាព​របស់​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​បញ្ហា​នេះ​ប៉ុណ្ណោះ។

ក្នុង​សេចក្តី​ថ្លែង​សារ​ពិសេស​នេះ លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ប្រើ​ពាក្យ​ថា «ផល​ប៉ះពាល់​ទាំងនេះ​បាន​កើតឡើង​ពី​ជម្លោះ​ព្រំដែន​ប៉ុណ្ណោះ» ប៉ុន្តែ​គាត់​មិន​បាន​ប្រើ​ពាក្យ​ថា «ផល​ប៉ះពាល់​ទាំងនេះ​បាន​កើតឡើង​ពី​ការ​ឈ្លានពាន​របស់​ថៃ ឡើយ»

ទាក់ទង​នឹង​ការ​ប្រើ​ពាក្យពេចន៍​ក្នុង​នយោបាយ និង​ការទូត ភាគី​ក្នុង​ជម្លោះ​រមែង​រក​ពាក្យ​ប្រើ​ឲ្យ​មាន​ប្រៀប​លើ​គូសត្រូវ​របស់​ខ្លួន​ដូច​គ្នា ប៉ុន្តែ​ក្នុង​នាម​ជា​សមាជិក​អង្គការ​សហប្រជាជាតិ (អ.ស.ប) ក្នុង​នាម​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​អន្តរជាតិ​ដូច​គ្នា ប្រទេស​នីមួយៗ​ត្រូវ​និយាយ​អ្វី​ផ្អែក​តាម​អត្ថន័យ​ភាសា និង​តាម​មាត្រា​ច្បាប់​អន្តរជាតិ ទាក់ទិន​នឹង​ការ​ធ្វើ​សង្គ្រាម គឺ​ច្បាប់​ស្តីអំពី​លក្ខខណ្ឌ​នៃ​សង្គ្រាម​ជំពូក​១ មាត្រា​២(៤) ទាក់ទង​នឹង​ពាក្យ «ឈ្លានពាន និង​ច្បាប់​អន្តរជាតិ​ស្តីអំពី​ច្បាប់​មនុស្សធម៌​អន្តរជាតិ»

អ្នកជំនាញ​ច្បាប់​អន្តរជាតិ​ខាង​ជម្លោះ​ប្រដាប់​អាវុធ ទាំង​ស៊ីវិល ទាំង​នាយទាហាន បកស្រាយ​និយមន័យ​នៃ​ពាក្យ «ឈ្លានពាន» ជា​នាម តាម​ភាសា​អង់គ្លេស invasion និង​បារាំង invasion ដែល​មាន​ន័យ​ដោយ​សង្ខេប​សឹងតែ​ស្មើ​នឹង​ពាក្យ​ខ្មែរ​ថា «ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​លុកលុយ ទន្ទ្រាន​វាតទី​ក្នុង​ចេតនា​យក​ទឹកដី ធនធាន​ធម្មជាតិ​គ្រប់គ្រង​កាន់កាប់​គ្មាន​ការ​យល់ព្រម ឬ​អញ្ជើញ​ពី​ភាគី​មួយ​ទៀត»។ ក្នុង​ករណី​ខ្លះ បើ​ការ​ឈ្លានពាន​បែប​នេះ និយមន័យ​ក្នុង​សេចក្តី​សម្រេច​ចិត្ត​មហាសន្និបាត​អង្គការ​សហប្រជាជាតិ (អ.ស.ប) លេខ​៣៣១៤ ចាត់ទុក​ការ​ឈ្លានពាន​ជា​អំពើ​បៀតបៀន ពារពាន យាយី aggression បង្ក​ការ​ឈឺចាប់។

ក្នុង​ករណី​ជម្លោះ​តាម​ព្រំដែន​រវាង​ខ្មែរ និង​ថៃ ក្រៅតែ​ពី​ពលរដ្ឋ​ខ្មែរ​ខឹងសម្បា​នឹង​ថៃ ប្រទេស​ជា​មិត្ត​នឹង​ខ្មែរ​មិន​បាន​ប្រើ​ពាក្យ «ឈ្លានពាន» ទេ ពីព្រោះ​ជា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ភាគី​ពីរ ចោទ​គ្នា​ទៅវិញ​ទៅមក បាញ់​ផ្លោង​ដាក់​គ្នា​ទៅវិញ​ទៅមក។ ភាគី​ថៃ គេ​ថា​សកម្មភាព​របស់​គេ​អនុលោម​តាម​មាត្រា​៥១ នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ (អ.ស.ប)។ ចំណែកឯ​ដែនដី​ថៃ​កាន់កាប់ ថៃ​និយាយ​ថា​ជា​ទឹកដី​ក្នុង​ដែន​អធិបតេយ្យ​នៃ​ប្រទេស​ថៃឡង់ដ៍។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៦ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​អះអាង​ថា ប្រទេស​ថៃ បាន​បង្ក​សង្គ្រាម​រំលោភ​បំពាន​យ៉ាង​កំរោល​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា នៅ​តាម​បណ្ដោយ​ព្រំដែន​ក្រោម​លេស​ការពារ​សន្តិសុខ និង​អធិបតេយ្យ​របស់​ថៃ។ លោក ហ៊ុន សែន ប្រើ​ពាក្យ «រំលោភ​បំពាន» ចំពោះ​ប្រទេស​ថៃឡង់ដ៍ ដែល​មាន​ន័យ​ស្មើ​នឹង​ពាក្យ​អង់គ្លេស violation និង​បារាំង violation។

ចំណែក​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ ក៏បាន​អះអាង​ថា ថៃ​បាន​ឈ្លានពាន​កម្ពុជា ព្រោះ​ថៃ គឺជា​អ្នក​ចាប់ផ្តើម​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា មុន។

យ៉ាងណាក៏ដោយ កាសែត​ថៃ ខៅស៊ុត ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ​ចាំ​ផ្ទះ លោក អនុធីន ឆានវីរៈគុល កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២៦ នេះ​ថា សកម្មភាព​របស់​យោធា គឺ​គ្រាន់តែ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​ប៉ុណ្ណោះ។

បែប​នេះ​ក្តី កាលពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៦ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា យោធា​ថៃ បាន​ឈ្លានពាន​កាន់កាប់​ទឹកដី​កម្ពុជា ដោយ​ខុស​ច្បាប់​ចំនួន ១៤​តំបន់ ក្នុង​ខេត្ត​ចំនួន ៤ រួម​មាន​ខេត្ត​បន្ទាយមានជ័យ ៣​តំបន់ ខេត្ត​ពោធិ៍សាត់ ២​តំបន់ ខេត្ត​ព្រះវិហារ ៣​តំបន់ និង​ខេត្ត​ឧត្ដរមានជ័យ ៦​តំបន់​ផង​ដែរ។

ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា អំឡុង​ពេល​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ យោធា​ថៃ បាន​បើក​ការ​វាយ​លើ​ទីតាំង​ជាច្រើន​ដោយ​គិត​ទុក​មុន និង​ជា​ប្រព័ន្ធ​មក​លើ​ទឹកដី​កម្ពុជា ដើម្បី​ទន្ទ្រាន កាន់កាប់ និង​ឈរជើង​លើ​ទីតាំង​ទាំងនេះ​ដោយ​ខុស​ទៅ​នឹង​ច្បាប់​អន្តរជាតិ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version