The Cambodia Daily Khmer

នាយទាហាន​ម្នាក់​អង្វរ​សុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​រឿង​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ប្រគល់​ផ្ទះ

លោក វ៉ិត គឹមសាន ដែល​ជា​អតិថិជន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅ​គម្រោង​ផ្លូវ​ជាតិ​លេខ ៦​អា។

លោក វ៉ិត គឹមសាន ដែល​ជា​អតិថិជន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅ​គម្រោង​ផ្លូវ​ជាតិ​លេខ ៦​អា។

នាយទាហាន​មួយ​រូប​ដែល​ចាញ់​បោក​គម្រោង​អភិវឌ្ឍន៍​ដី​ឡូត៍​ផ្លូវជាតិ​លេខ ៦A របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា អង្វរ​សុំ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ជួយ​ធ្វើ​អន្តរាគមន៍​រក​ដំណោះស្រាយ​ឲ្យ​ខ្លួន ក្រោយពី​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ប្រគល់​ផ្ទះ​ឱ្យ​ខ្លួន​អស់​ជាច្រើន​ឆ្នាំ។

មន្ត្រី​យោធា​កម្ពុជា​មួយ​រូប​ឈ្មោះ វ៉ិត គឹមសាន បាន​ចេញ​វីដេអូ​ឃ្លីប​ប្រវែង​ជិត ១​នាទី នៅ​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៦ នេះ ទាំង​ស្រក់​ទឹកភ្នែក អះអាង​ថា ក្រុមហ៊ុន​អចលនទ្រព្យ​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្បត់​កិច្ចសន្យា​មិន​ប្រគល់​ផ្ទះ​ដែល​ខ្លួន​បាន​ទិញ​កាលពី ៤​ឆ្នាំ​មុន​នោះ។

លោក វ៉ិត គឹមសាន បញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃទី​៩ ខែ​មករា ដែល​រូបលោក​បាន​តវ៉ា​ដោយ​ទល់​មុខ​ជាមួយ​នឹង​ម្ចាស់​ក្រុមហ៊ុន រហូត​ដល់​ថ្ងៃទី​១៣ ខែ​មករា នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ទាន់​ផ្តល់​ដំណោះស្រាយ​ណា​មួយ​ឲ្យ​ខ្លួន​នៅឡើយ​ទេ។

ការ​ស្នើសុំ​អន្តរាគមន៍​នេះ ធ្វើឡើង​បន្ទាប់ពី​នាយទាហាន​រូប​នេះ​បាន​ចូលរួម​ប្រជុំ​ដោះស្រាយ​បញ្ហា​ខកខាន​ ផ្តល់​ដីធ្លី និង​ផ្ទះ​ដល់​អតិថិជន​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ ឡេង ណាវ៉ាត្រា កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ។

កាលពី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៦ អតិថិជន​រងគ្រោះ​បាន​ចូលរួម​ប្រជុំ​រក​ដំណោះស្រាយ បន្ទាប់ពី​ក្រុមហ៊ុន​អចលនទ្រព្យ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខកខាន​ផ្តល់​ផ្ទះ និង​ដី​ឡូត៍​ទៅ​តាម​កិច្ចសន្យា​ទិញ-លក់ ដែល​ភាគី​ទាំង​សងខាង​បាន​ឯកភាព​គ្នា។

នាយទាហាន​ដែល​ជា​អតិថិជន​រងគ្រោះ​ពី​គម្រោង​អចលនទ្រព្យ​ផ្លូវជាតិ​លេខ ៦A របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា ឈ្មោះ វ៉ិត គឹមសាន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នេះ​ថា ខ្លួន​បាន​ទិញ​ផ្ទះ​ពី​គម្រោង​នេះ​អស់​រយៈពេល​ប្រមាណ​ជា ៤​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ផ្ទះ​នៅឡើយ​ទេ ក្នុង​ពេល​ដែល​ខ្លួន​បាន​បង់​ប្រាក់​គ្រប់​លក្ខខណ្ឌ​ទាំងអស់​ទៅ​ហើយ​នោះ។

ប្រភព​ដដែល​អះអាង​ថា ក្នុង​កិច្ចសន្យា​ទិញ-លក់​បាន​កំណត់​ថា គិត​ចាប់ពី​ថ្ងៃ​ចុះ​កិច្ចសន្យា​ទិញ-លក់ ភាគី​ខាង​ក្រុមហ៊ុន​នឹង​ប្រគល់​ផ្ទះ​ឱ្យ​អតិថិជន​ក្នុង​រយៈពេល ១៨​ខែ ឬ ១​ឆ្នាំ ៦​ខែ ប៉ុន្តែ​ក្រោយ​ទិញ​រួច​រហូត​ដល់​ពេលនេះ គឺ​មាន​រយៈពេល​ប្រមាណ​ជា ៤​ឆ្នាំ​ហើយ ក្រុមហ៊ុន​មិន​ទាន់​សាងសង់​ផ្ទះ​នៅឡើយ​ទេ។

នាយទាហាន​រូប​នេះ​បញ្ជាក់​ថា រាល់​ពេល​បើក​ប្រាក់បៀវត្ស​ទាហាន​ប្រចាំ​ខែ គឺ​ត្រូវ​បង់​ប្រាក់​ធានា​ដែល​ខ្លួន​បាន​ខ្ចី​លុយ​យក​ទៅ​ទិញ​ផ្ទះ​នៅ​គម្រោង​អចលនទ្រព្យ​ផ្លូវជាតិ​លេខ ៦A របស់​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ខណៈ​ដែល​រូបគេ​សព្វថ្ងៃ​នេះ គឺ​រស់នៅ​ក្នុង​ផ្ទះ​ជួល​ដែល​ត្រូវ​បង់​មួយ​ខែ ៥០​ដុល្លារ​ថែមទៀត។

ក្នុង​កិច្ចប្រជុំ លោក វ៉ិត គឹមសាន ត្រូវ​បាន​អនុរដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ដឹកនាំ​អង្គប្រជុំ គំរាម​សម្លុត​ឱ្យ​ឈប់​និយាយ​បន្ត​ទៀត នៅ​ពេល​នាយទាហាន​រូប​នេះ​ស្នើសុំ​និយាយ​ពី​បញ្ហា​ដែល​ខ្លួន​បាន​ចាញ់បោក​ក្រុមហ៊ុន​អចលនទ្រព្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ទាន់​បាន ៥​នាទី​តាម​សំណូមពរ​របស់​ខ្លួន​ផង​នោះ។

ជុំវិញ​បញ្ហា​នេះ ក្នុង​កំណត់ហេតុ​កិច្ចប្រជុំ​ស្ដីពី​ការ​ដោះស្រាយ​ការ​ខកខាន​ប្រគល់​ផ្ទះ និង​ដី​ឡូត៍​នៅ​គម្រោង​ផ្លូវជាតិ​លេខ ៦A និង​ជ្រែ១០០ ក្នុង​បុរី ឡេង ណាវ៉ាត្រា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អន្លង់ស្លែង និង​ភូមិ​ជ្រែ១០០ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ចូល​ទៅ​សាងសង់​ផ្ទះ​ជូន​អតិថិជន​នៅ​ខែ​មករា ឆ្នាំ​២០២៦ នេះ។

ទោះជា​មាន​ការ​អះអាង​ដូច្នោះ​ក៏ដោយ គិត​ត្រឹម​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៦ នេះ គេ​មិន​ទាន់​ឃើញ​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដាក់​ជាង​ចូល​សាងសង់​គម្រោង​ផ្ទះល្វែង និង​ចាក់​បំពេញ​ដី​ឡូត៍​ទៅ​តាម​ការ​សន្យា​ដែល​បាន​ចែង​ក្នុង​កំណត់ហេតុ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ កន្លង​ទៅ​នៅឡើយ​ទេ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​គេ​សង្ស័យ​ថា​ជា​ឧកញ៉ា​លក់​ដី​ឡូត៍ ផ្ទះល្វែង​ឱ្យ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ព្រោះ​ថា​សូម្បីតែ​មេ​គ្រួសារ​ត្រកូល​ហ៊ុន​ដ៏​មាន​អំណាច​បំផុត​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន ក៏​ធ្លាប់​ការពារ​ឧកញ៉ា​រូប​នេះ​ដែរ ជុំវិញ​ការ​រំលោភ​កិច្ចសន្យា​មិន​ប្រគល់​ដី និង​ផ្ទះ​ជូន​អតិថិជន​ដែល​បាន​ទិញ​ដី​ឡូត៍ និង​ផ្ទះល្វែង​ពី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា កន្លង​មក។

ឧទាហរណ៍​ជាក់ស្តែង មាន​ដូចជា កាលពី​អំឡុង​ឆ្នាំ​២០២៤ លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា លោក​ក៏បាន​ដឹង​ពី​ការ​យឺតយ៉ាវ​របស់​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុង​ការ​ប្រគល់​ផ្ទះ​ដល់​អតិថិជន​ដែរ ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​នេះ​បាន​កប់​ទុន​លើ​ដី​ច្រើន​ពេក។

លោក​បន្ត​ថា លោក​ដឹង​អំពី​ការ​លក់​ផ្ទះ​ឱ្យ​អតិថិជន​ពី​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ខុស​កិច្ចសន្យា​ពិត​មែន ប៉ុន្តែ​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ទាន់​ក្ស័យធន​នៅឡើយ​ទេ។

គេ​សង្កេត​ឃើញ​មាន​រូបភាព​ផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ពេល​ខ្លះ យុវ​ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រាប​ថ្វាយបង្គំ​ដល់​ជើង​លោក ហ៊ុន សែន ដូច​ក្រាប​ថ្វាយបង្គំ​ព្រះពុទ្ធ​បដិមា៕

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង​លោក វ៉ិត គឹមសាន ដែល​ជា​អតិថិជន​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅ​គម្រោង​ផ្លូវ​ជាតិ​លេខ ៦​អា ថត​រូប​ក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ កាលពី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៦។

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version