ក្រុមអ្នកតស៊ូមតិពីក្រុមទ្រទ្រង់សាធារណប្រយោជន៍កម្ពុជា (Cambodian Advocacy Team=CAT) ចាត់ទុកការចាប់បញ្ជូនខ្លួនអតីតអ្នកឧកញ៉ា ចេន ហ្ស៊ី (Vincent Chen Zhi) ទៅកាន់ប្រទេសចិន ដោយគ្មានដំណើរការសវនាការនៅក្នុងប្រទេសកម្ពុជា គឺជាការរំលោភបំពានប្រព័ន្ធយុត្តិធម៌ខ្មែរយ៉ាងធ្ងន់ធ្ងរ ហើយក៏ជាចេតនាលុបបំបាត់ និងមិនផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលពាក់ព័ន្ធនឹងអំពើឆបោកពីឧក្រិដ្ឋជនរូបនេះដែរ។
CAT បានធ្វើបទវិភាគមួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី១៣ មករា នេះថា ការធ្វើដូច្នេះ គឺជាចេតនាលុបបំបាត់ព័ស្តុតាងដែលឧក្រិដ្ឋជនរូបនេះធ្លាប់ប្រព្រឹត្តនៅប្រទេសកម្ពុជាកន្លងមក ដែលពាក់ព័ន្ធបទល្មើសលាងប្រាក់កខ្វក់ និងការបោកប្រាស់តាមអនឡាញ រួមទាំងការធ្វើទារុណកម្មលើជនរងគ្រោះនានាជាដើម។
ប្រភពដដែលលើកឡើងថា បទល្មើសឧក្រិដ្ឋជាច្រើនដែលត្រូវបានចោទភ្ជាប់នឹងលោក ចេន ហ្ស៊ី កន្លងមក ដូចជាអំពើជួញដូរមនុស្ស អំពើឆបោក និងការសម្អាតប្រាក់ជាដើម បានធ្វើឱ្យខូចមុខមាត់ប្រទេសកម្ពុជា យ៉ាងធ្ងន់ធ្ងរ និងជាតិសាសន៍ខ្មែរទាំងមូលផងដែរ ដូច្នេះការបើកការស៊ើបអង្កេត និងដំណើរការសវនាការក្នុងតុលាការខ្មែរលើឧក្រិដ្ឋជនរូបនេះ គឺជាការស្ដារមុខមាត់ប្រទេសកម្ពុជា ឡើងវិញយ៉ាងពិតប្រាកដ។
ប្រភពដដែលគូសបញ្ជាក់ថា ប្រទេសកម្ពុជា មានច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ អំពើជួញដូរមនុស្ស និងការបោកប្រាស់តាមអនឡាញជាដើម ប៉ុន្តែបែរជាមិនអនុវត្តច្បាប់ទាំងនេះលើលោក ចេន ហ្ស៊ី ទៅវិញ ដែលករណីនេះបានបង្ហាញឱ្យឃើញពីអំពើនិទ្ទណ្ឌភាពជាប្រព័ន្ធនៅប្រទេសកម្ពុជា ចំពោះភ្នែកអន្តរជាតិកាន់តែច្បាស់ថែមទៀត។
យ៉ាងណាមិញ តាមការវិភាគខ្លះ ការបញ្ជូនជនទុច្ចរិត ចេន ហ្ស៊ី ឲ្យទៅក្រុងប៉េកាំង មកពីរាជរដ្ឋាភិបាលមិនហ៊ានជំទាស់មហាមិត្តមានគុណចិន ព្រោះជាជនគេចពីច្បាប់ចិន។ ម្យ៉ាងទៀត បើវិនិច្ឆ័យទោសនៅស្រុកខ្មែរ វាអាចនឹងជាប់ជំពាក់វាក់វ័ណ្ឌនឹងមន្ត្រីមានអំណាចក្នុងរដ្ឋាភិបាលនៃបក្សប្រជាជនកម្ពុជា។ ដូច្នេះ ការបញ្ជូនឲ្យចិន នឹងរួចផុតដៃខ្មែរ ហើយមិនបាច់ចំណាយធនធានស៊ើបអង្កេត ប្រមូលព័ស្តុតាង ហើយក៏មិនរំពឹងថានឹងបានយុត្តិធម៌ត្រឹមត្រូវដែរ។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា ផ្អែកតាមសំណើអាជ្ញាធរចិន សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនពលរដ្ឋចិន ៣នាក់ រួមមានឈ្មោះ ចេន ហ្ស៊ី (Chen Zhi) ឈ្មោះ ស៊ូ ជី លាង (Xu Ji Liang) និងឈ្មោះ សៅ ជី ហួយ (Shao Ji Hui) ដើម្បីបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន វិញ ក្រោមការសហការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ។
ជុំវិញបញ្ហានេះ កាលពីដើមឆ្នាំ២០២៤ របាយការណ៍ស៊ើបអង្កេតអាជ្ញាធរចិន បានបង្ហាញថា លោក ចេន ហ្ស៊ី (Chen Zhi) គឺជាប្រធានសម្ពន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ រកស៊ីខាងវិស័យអចលនទ្រព្យ ផ្សារទំនើប ធនាគារ និងវិស័យជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា ដែលអាចរកចំណូលបានរាប់ពាន់លានដុល្លារអាមេរិកក្នុងមួយៗឆ្នាំ។ បន្ថែមពីលើអាជីពជាអ្នកវិនិយោគ លោក ចេន ហ្ស៊ី (Chen Zhi) ក៏ត្រូវបានប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត តែងតាំងជាទីប្រឹក្សាផ្ទាល់ខ្លួនផងដែរ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ សភាអាមេរិក បានចេញសេចក្តីព្រាងច្បាប់លេខ H.R 5490 ក្នុងគោលបំណងដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីខ្មៅ និងស្នើដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលគ្រាក់ៗ និងឧកញ៉ាខ្មែរមួយចំនួន រួមទាំងក្រុមហ៊ុនខ្មែរសហការជាមួយចិន ជាច្រើន ដែលក្នុងនោះក៏មានលោក ចេន ហ្ស៊ី ដែរ។
ក្នុងសេចក្តីព្រាងច្បាប់នេះ បានកំណត់មុខសញ្ញាដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា និងឧកញ៉ាខ្មែរមួយចំនួន ដូចជា លោក នេត សារឿន ឧកញ៉ា ហ៊ុន តូ ឧកញ៉ា កុក អាន លោក ចេន ហ្ស៊ី លោក ឌី វិជ្ជា លោក គួច ចំរើន មេឧក្រិដ្ឋជនឈ្មោះ យ៉ាន ណារ៉ុង លោក យឹម ល័ក្ខ និងមនុស្សជាង ៣០នាក់ផ្សេងទៀត ដែលភាគច្រើនជាឧក្រិដ្ឋជនជនជាតិចិន។
ពាក់ព័ន្ធនឹងបញ្ហានេះ វិទ្យាស្ថានស្រាវជ្រាវនៅសហរដ្ឋអាមេរិក (Humanity Research Consultancy) បានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ថា ប្រទេសកម្ពុជា បានក្លាយជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកសកលដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនជនជាតិចិន ពេញប្រទេស៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
