នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល ប្ដេជ្ញាលុបអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU44) ឱ្យទាល់តែបាន ទោះបីការលុបនេះនឹងមិនកើតឡើងភ្លាមៗនៅក្រោមរដ្ឋាភិបាលថៃ បច្ចុប្បន្នក៏ដោយ ប៉ុន្តែជំហាននានានឹងត្រូវធ្វើឡើងដើម្បីត្រៀមលក្ខណៈសម្រាប់ការលុបចោលជាផ្លូវការតែម្តង។
ទូរទស្សន៍ថៃ Thai PBS បានរាយការណ៍កាលពីថ្ងៃទី១០ ខែកុម្ភៈ ថា នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល បានណែនាំដល់ភ្នាក់ងារពាក់ព័ន្ធ ឱ្យបន្តនីតិវិធីឆ្ពោះទៅរកការលុបអនុស្សរណៈនៃការយោគយល់លេខ៤៤ (MoU44) ដែលប្រទេសថៃ បានចុះហត្ថលេខាជាមួយប្រទេសកម្ពុជា នៅឆ្នាំ២០០១។
នាយករដ្ឋមន្ត្រីថៃ រូបនេះបញ្ជាក់ថា ការបន្តរក្សាកិច្ចព្រមព្រៀងនេះ នឹងមិនបានផ្តល់ផលប្រយោជន៍ដល់ប្រទេសថៃ បន្តទៅទៀតឡើយ ហើយការលុបអនុស្សរណៈនេះ នឹងត្រូវធ្វើឡើងទៅតាមផ្លូវច្បាប់។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានផ្សព្វផ្សាយនូវឯកសារអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ជាមួយថៃ ថា កិច្ចព្រមព្រៀងឆ្នាំ២០០១ រវាងកម្ពុជា-ថៃ គឺជាការឯកភាពរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើអនុស្សរណៈយោគយល់ អំពីការអភិវឌ្ឍប្រេង និងឧស្ម័ននៅតំបន់ត្រួតគ្នា (Overlapping Claim Area , OCA) ក្នុងដែនសមុទ្រជាប់ព្រំដែនកម្ពុជា-ថៃ ដែលចុះហត្ថលេខាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០១ ដោយទេសរដ្ឋមន្ត្រី សុខ អាន ប្រធានអាជ្ញាធរជាតិប្រេងឥន្ធនៈដែលតំណាងរាជរដ្ឋាភិបាលខ្មែរ និងរដ្ឋមន្ត្រីកិច្ចការបរទេសថៃ ស៊ុរាគៀត សាធានថៃ។
ប្រភពដដែលថា សិទ្ធិអភិវឌ្ឍន៍លើតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ (OCA) គឺជាចំណុចទាមទាររវាងកម្ពុជា-ថៃ តាំងពីដើមទសវត្សរ៍១៩៧០ មក ប៉ុន្តែនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០០១ កម្ពុជា និងថៃ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយលើការអភិវឌ្ឍប្រេង និងឧស្ម័ននៅតំបន់នោះ។ ចំណែកអនុស្សរណៈយោគយល់ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ គឺស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ដែលហៅកាត់ថា MOU ៤៣ ឆ្នាំ២០០០ ដែលចុះហត្ថលេខាដោយលោក វ៉ា គិមហុង ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និង សុឃុមផាន់ ប៉ារីប៉ាត្រ អនុរដ្ឋមន្ត្រីកិច្ចការបរទេសថៃ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ថា អនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ មាន ៩មាត្រា ដែលបានចែងអំពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ ក្នុងនោះ មាត្រា១ បានចែងយ៉ាងច្បាស់ថា ការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ គឺសំអាងទៅលើឯកសារ ដូចជា ចំណុច «ក» គឺប្រើអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងចំណុច «ខ» ការប្រើប្រាស់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។
ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគលើកឡើងថា តំបន់ត្រួតគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េ ស្ថិតក្នុងដែនសមុទ្រ ៣០០០០គីឡូម៉ែត្រការ៉េ ដែលថៃ បានកាន់កាប់តាមរយៈនៃការចុះហត្ថលេខាទ្វេភាគីជាមួយក្រុងហាណូយ ឆ្នាំ១៩៩៧ ដោយយោងតាមសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ សម័យកងទ័ពវៀតណាម ត្រួតត្រាប្រទេសកម្ពុជា និងលើកបន្តុបរដ្ឋអំណាចថ្មីរណបយៀកណាម។
ប្រភពដដែល បញ្ជាក់ថា ដែនសមុទ្រខ្មែរទំហំ ៣ម៉ឺនគីឡូម៉ែត្រការ៉េ (៣០០០០គីឡូម៉ែត្រការ៉េ) ដែលថៃ បានកាន់កាប់កាលពីឆ្នាំ១៩៩៧ នោះ គឺថៃ យកដែនសមុទ្រខ្មែរទំហំ ៤ពាន់គីឡូម៉ែត្រការ៉េ (៤០០០គីឡូម៉ែត្រការ៉េ) តាមរយៈការយល់ព្រមពីប្រទេសយៀកណាម ទៅកាន់កាប់ដោយមិនបានចរចាជាមួយប្រទេសកម្ពុជា ឡើយ ខណៈដែនសមុទ្រដែលនៅសល់ ២៦០០០គីឡូម៉ែត្រការ៉េ ក៏ត្រូវបានចាត់ទុកជាតំបន់ត្រួតគ្នារវាងកម្ពុជា-ថៃ រហូតដល់សព្វថ្ងៃនេះ។
ទាក់ទងនឹងរឿងចុះអនុស្សរណៈយោគយល់គ្នាលេខ ៤៣ ឆ្នាំ២០០០ និងលេខ ៤៤ ឆ្នាំ២០០១ នាសម័យអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាបងប្អូនធម៌នឹងគ្នា និងជាទីប្រឹក្សាសេដ្ឋកិច្ចឲ្យលោក ហ៊ុន សែន នោះ ព្រឹទ្ធសភាថៃ កំពុងបន្តស្រាវជ្រាវនៅឡើយ ដើម្បីស្វែងយល់ឲ្យច្បាស់ថា តើខុសរដ្ឋធម្មនុញ្ញថៃ ឬក៏យ៉ាងណា។
សមាជិកព្រឹទ្ធសភា ជាប្រធានគណៈកម្មាធិការទទួលបន្ទុករឿង MoU 43 និង MoU 44 ណុបប៉ាដន ឥណ្ណា (Noppadol Inna) ប្រាប់ទូរទស្សន៍ថៃ PBS ក្នុងខែតុលា ឆ្នាំ២០២៥ តាមការចុះពិនិត្យស្ថានភាពផ្ទាល់ដល់កន្លែងនៅខេត្តត្រាត អំពីការរកឃើញរបស់លោក ទាក់ទងនឹង MoU 44 ថាភាគីខ្មែរបានរំលោភបំពានដែនសមុទ្រ និងដែនគោកថៃ ជាយូរយារមកហើយ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សុំការពន្យល់ពីការប្ដេជ្ញាចិត្តលុបអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ ពីសំណាក់ភាគីថៃ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
