អ្នកឃ្លាំមើលលើកឡើងថា ការអនុវត្តច្បាប់ចរាចរណ៍ឈរលើគោលការណ៍ដាក់ពិន័យផ្សារភ្ជាប់នឹងការអប់រំ ក្នុងគោលដៅប្រែក្លាយពីការដាក់ទោស មកជាការកែប្រែឥរិយាបថ មានប្រសិទ្ធភាពជាងការផ្ដោតខ្លាំងតែលើយន្តការផាកពិន័យជាប្រាក់តែមួយមុខ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ កុម្ភៈ ថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយផ្ដោតខ្លាំងតែលើយន្តការផាកពិន័យជាប្រាក់តែមួយមុខ អាចបង្កឱ្យមានផលប៉ះពាល់ផ្សេងៗ ដូចជា ការបាត់បង់ទំនុកចិត្តពីពលរដ្ឋលើមន្ត្រីអនុវត្តច្បាប់ និងធ្វើឱ្យធ្លាក់ចុះនូវការអប់រំផ្នែកច្បាប់ទៅដល់ពលរដ្ឋផងដែរ។
លោក សេក សុជាតិ លើកឡើងថា ដើម្បីលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាព យន្តការអនុវត្តគួរតែផ្លាស់ប្ដូរមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា (Digital Tracking) ដើម្បីកត់ត្រាប្រវត្តិកំហុស និងអនុវត្តវិធានការតាមកម្រិត ដោយធ្វើការអប់រំជាមូលដ្ឋាន មុនឈានដល់ការផាកពិន័យ ដូចជា ផ្តល់ការអប់រំ និងតម្រង់ទិសចំពោះកំហុសលើកទី១ និងត្រូវអនុវត្តទណ្ឌកម្មបែបអប់រំចំពោះកំហុសលើកទី២ មុននឹងឈានទៅរកការអនុវត្តវិធានការផាកពិន័យ ដែលជាកំហុសចុងក្រោយនោះ។
អ្នកឃ្លាំមើលសង្គមរូបនេះជឿជាក់ថា ប្រសិនបើការអនុវត្តច្បាប់ឈរលើគោលការណ៍កត់ត្រា អប់រំ មុនឈានដល់ការផាកពិន័យ នោះសមត្ថកិច្ចនឹងទទួលបាននូវការគាំទ្រ និងការគោរពស្រឡាញ់ពីប្រជាពលរដ្ឋ ដែលអាចប្រែក្លាយការអនុវត្តច្បាប់ពី «ការដាក់ទោស» មកជា «ការកែប្រែឥរិយាបថ» ប្រកបដោយចីរភាពសម្រាប់កម្ពុជាទៅថ្ងៃមុខ។
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍រាជធានីភ្នំពេញ បានអះអាងថា គ្រប់គោលដៅផាកពិន័យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាពនៅគ្រប់ទីតាំង ដើម្បីធានាតម្លាភាពសម្រាប់មន្ត្រីអនុវត្តច្បាប់ និងអ្នកប្រព្រឹត្តកំហុស។
ទាក់ទិននឹងបញ្ហានេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលើដងផ្លូវស្ទើរតែក្លាយទៅជាមុខរបរស្របច្បាប់សម្រាប់កងកម្លាំងនគរបាលមួយចំនួនទៅហើយ ព្រោះតែពួកគេទទួលបានលុយយ៉ាងច្រើនពីការធ្វើសកម្មភាពមួយនេះ។
បណ្ឌិត គិន ភា លើកឡើងថា លុយដែលពួកគេផាកពិន័យបានពីប្រជាពលរដ្ឋ ត្រូវបានបែងចែកទៅឱ្យប៉ូលិសអនុវត្តច្បាប់នៅនឹងកន្លែង ៧០% ដែលជាលុយសុទ្ធ និងបែងចែកទៅឱ្យនាយកដ្ឋានចរាចរណ៍ផ្លូវគោក និងសណ្ដាប់ធ្នាប់ ១៦% ផងដែរ។ ចំណែកឯ ៩% ទៀត គឺត្រូវបែងចែកទៅឱ្យការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈស្រុក ខណ្ឌ ក៏ទទួលបាន ៥% ពីការបែងចែកនេះដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះ តែងតែរអ៊ូថា មន្ត្រីនគរបាលចរាចរណ៍ភាគច្រើនមានអត្តចរិតកាចសាហាវមិនខុសពីក្រុមចាប់ជំរិតឡើយ ព្រោះពួកគេតែងគំរាម សម្លុតពលរដ្ឋ និងប្រើពាក្យសម្ដីប្រមាថផ្សេងៗដោយមិនគោរពក្រមសីលធម៌មន្ត្រីកងកម្លាំងនោះទេ ក្នុងបំណងឱ្យអ្នកប្រព្រឹត្តកំហុសបង់លុយទៅតាមការកំណត់របស់ពួកគេ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
