ទីបំផុត សង្គ្រាមដ៏ធំ និងគ្រោះថ្នាក់នៅតំបន់មជ្ឈិមបូព៌ា ត្រូវបានផ្ទុះឡើងមែន។ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ នេះ បន្ទាប់ពីភាពតានតឹងបានកើនឡើងដោយសារការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្លាក់ក្នុងភាពបរាជ័យជាបន្តបន្ទាប់ ព្រោះអ៊ីរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងទៅតាមលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក។
ក្នុងស្ថានភាពដែលសង្គ្រាមកំពុងក្ដៅគគុកនេះ មជ្ឈដ្ឋានជាច្រើនបានសម្លឹងឃើញតួអង្គមួយដ៏សំខាន់បំផុតក្នុងចំណោមតួអង្គផ្សេងទៀត នោះគឺលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានព្យាយាមបង្ហាញខ្លួនជាអ្នកជំរុញសន្តិភាពពិភពលោក ប៉ុន្តែបានប្រកាន់ជំហរយ៉ាងតឹងរ៉ឹងដោយបានសហការគ្នាជាមួយអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថាបានគាំទ្រកងកម្លាំងយោធាអ៊ីស្រាអែល និងចូលរួមក្នុងប្រតិបត្តិការវាយប្រហារលើគោលដៅយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ រួមទាំងទីតាំងដែលត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ។
អំឡុងពេលការតវ៉ាដ៏ធំដែលបានផ្ទុះឡើងនៅអ៊ីរ៉ង់ កាលពីខែមករា ឆ្នាំ២០២៦ លោក ត្រាំ ក៏បានព្រមានថា សហរដ្ឋអាមេរិកនឹងឆ្លើយតប “យ៉ាងខ្លាំង” ប្រសិនបើអាជ្ញាធរអ៊ីរ៉ង់ ប្រើអំពើហិង្សាធ្ងន់ធ្ងរប្រឆាំងពលរដ្ឋរបស់ខ្លួនដោយសម្លាប់ប្រជាជនខ្លួនឯង។
នៅក្នុងអាណត្តិដំបូងរបស់លោក ត្រាំ ត្រូវបានគេដឹងថាបានអនុវត្តនូវគោលនយោបាយដាក់សម្ពាធសេដ្ឋកិច្ច និងការទូតលើអ៊ីរ៉ង់ ជាអតិបរមា តាមរយៈទណ្ឌកម្មធ្ងន់ធ្ងរ ដើម្បីបង្ខំឱ្យទីក្រុងតេហេរ៉ង់ កាត់បន្ថយឥទ្ធិពលក្នុងតំបន់ ក៏ដូចជាការពិចារណាឡើងវិញលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
នៅឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ (Donald Trump) បានសម្រេចដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិជាមួយអ៊ីរ៉ង់ ដែលគេស្គាល់ថា Joint Comprehensive Plan of Action (JCPOA)។ កិច្ចព្រមព្រៀងនេះបានផ្តល់នូវការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចដល់ទីក្រុងតេហេរ៉ង់ ជាថ្នូរនឹងការកំណត់សកម្មភាពបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ការដកខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន បាននាំឱ្យមានការដាក់ទណ្ឌកម្មថ្មីៗយ៉ាងតឹងរ៉ឹង និងបង្កើនភាពតានតឹងយោធារវាងប្រទេសទាំងពីរ។
ប្រទេសលោកខាងលិច និងអ៊ីស្រាអែល បានចោទប្រកាន់អ៊ីរ៉ង់ ថាកំពុងព្យាយាមអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ខណៈដែលអ៊ីរ៉ង់ បន្តអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលបំណងស៊ីវិល ដូចជាការផលិតថាមពល និងការស្រាវជ្រាវវិទ្យាសាស្ត្រ។
ទោះជាយ៉ាងណា បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង គេសង្កេតឃើញអ៊ីរ៉ង់ បានបង្កើនកម្រិតបំប្លែងសារធាតុអ៊ុយរ៉ាញ៉ូម និងពង្រីកកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ដែលបានបង្កការព្រួយបារម្ភខ្លាំងនៅតំបន់មជ្ឈិមបូព៌ា។
ភាពតានតឹងនេះ បានក្លាយជាមូលហេតុសំខាន់មួយនាំទីរកការប្រឈមមុខយោធាចុងក្រោយ ខណៈសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងអ៊ីរ៉ង់ បន្ទាប់ពីការចរចាបរាជ័យ និងការបង្ក្រាបលើការតវ៉ាទ្រង់ទ្រាយធំនៅក្នុងរបបសាធារណរដ្ឋអ៊ីស្លាម។
ខណៈដែលប្រទេសលោកខាងលិច និងអ៊ីស្រាអែល ចោទប្រកាន់ថាអ៊ីរ៉ង់កំពុងព្យាយាមអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ទីក្រុងតេហេរ៉ង់ វិញ បានបន្តអះអាងជាបន្តបន្ទាប់ថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលបំណងស៊ីវិលប៉ុណ្ណោះ។
ទោះជាយ៉ាងណា អ៊ីរ៉ង់បានបង្កើនកម្រិតចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសពីកម្រិតដែលត្រូវការសម្រាប់ការប្រើប្រាស់ស៊ីវិល និងបានអភិវឌ្ឍកម្មវិធីមីស៊ីលផ្លោងដ៏ធំមួយ ដែលបង្កការព្រួយបារម្ភខ្លាំងចំពោះសន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ា។
កាលពីខែកុម្ភៈ លោក ដូណាល់ ត្រាំ (Donald Trump) បានព្យាយាមបើកការចរចាឡើងវិញជាមួយអ៊ីរ៉ង់ ខណៈដែលនៅពេលដូចគ្នានោះ ក៏បន្តបង្កើនសម្ពាធ និងការព្រមានក្នុងការប្រើប្រាស់កម្លាំងយោធាទៅលើទីក្រុងតេហេរ៉ង់ ផងដែរ។
យ៉ាងណា តួអង្គទីពីរដែលត្រូវបានគេមើលឃើញថាមានសារសំខាន់ ជាដើមហេតុធ្វើឱ្យសង្គ្រាមផ្ទុះឡើង នោះគឺលោក Ali Khamenei។ លោក Ali Khamenei គឺជាមេដឹកនាំកំពូលអ៊ីរ៉ង់ មានអាយុ ៨៦ឆ្នាំ ដែលបានដឹកនាំប្រទេសចាប់តាំងពីឆ្នាំ១៩៨៩ ហើយលោកត្រូវបានគេដឹងថាមានអំណាចសម្រេចចុងក្រោយលើគោលនយោបាយរដ្ឋសំខាន់ៗទាំងអស់។
លោក Ali Khamenei បានគាំទ្រការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ដោយអះអាងថាការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺជាសិទ្ធិអធិបតេយ្យភាពរបស់អ៊ីរ៉ង់។
ក្រោមការដឹកនាំរបស់លោក Ali Khamenei ឥទ្ធិពលរបស់អ៊ីរ៉ង់ បានពង្រីកទៅកាន់ប្រទេសជាច្រើន ដូចជា ទៅប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេមែន តាមរយៈការគាំទ្រក្រុមសម្ពន្ធមិត្ត និងក្រុមប្រដាប់អាវុធ រួមមាន Hezbollah និង Hamas ដែលអ៊ីស្រាអែល ចាត់ទុកថាជាការគំរាមកំហែងសន្តិសុខធ្ងន់ធ្ងររបស់ខ្លួន។
ក្នុងអំឡុងការចរចានុយក្លេអ៊ែរឆ្នាំ២០២៥ លោក Ali Khamenei បានបង្ហាញការសង្ស័យចំពោះការទូតជាមួយសហរដ្ឋអាមេរិក ដោយអះអាងថា បញ្ហារបស់អ៊ីរ៉ង់ គួរតែដោះស្រាយដោយខ្លួនឯង មិនមែនពឹងផ្អែកលើកិច្ចព្រមព្រៀងក្រៅប្រទេសនោះទេ។ មុនការផ្ទុះសង្គ្រាម ខណៈការចរចាកំពុងត្រូវបានបន្ត លោក Ali Khamenei បានព្រមានថា អ៊ីរ៉ង់មានសមត្ថភាពវាយប្រហារនាវាចម្បាំងអាមេរិក ប្រសិនបើអាមេរិកប្រើប្រាស់កម្លាំងយោធាវាយប្រហារមកលើខ្លួន។
លោក Ali Khamenei បានបដិសេធយ៉ាងច្បាស់ថា អ៊ីរ៉ង់មិនបោះបង់កម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនឡើយ ហើយក៏មិនយល់ព្រមចូលរួមពិភាក្សាអំពីកម្មវិធីមីស៊ីលផ្លោងផងដែរ។ លោកព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកចាប់ផ្តើមសង្គ្រាម ប្រតិបត្តិការនោះអាចបម្លែងទៅជាសង្គ្រាមទ្រង់ទ្រាយធំក្នុងតំបន់ ដែលនឹងបង្កអស្ថិរភាពយ៉ាងធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា។
ទីបី តួអង្គដ៏សំខាន់មួយទៀត គឺលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលអស់រយៈពេលជាច្រើនទសវត្សរ៍ លោកតែងតែព្រមានថា មហិច្ឆតានុយក្លេអ៊ែរ កម្មវិធីមីស៊ីល និងការគាំទ្រក្រុមប្រដាប់អាវុធរបស់អ៊ីរ៉ង់ គឺជាគ្រោះថ្នាក់ដល់ការរស់រានមានជីវិតរបស់អ៊ីស្រាអែល។
លោកបានជំរុញឱ្យមានសកម្មភាពយោធាជាមុនក្នុងអំឡុងសង្គ្រាមរយៈពេល ១២ថ្ងៃកាលពីឆ្នាំមុន ហើយបានបន្តអះអាងថា អ៊ីស្រាអែលនឹងធ្វើសកម្មភាពវាយប្រហារអ៊ីរ៉ង់ ម្ដងទៀត ប្រសិនបើអ៊ីរ៉ង់ ព្យាយាមស្ដារសមត្ថភាពកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។
កាលពីខែមករា លោក Netanyahu បាននិយាយដោយផ្ទាល់ទៅកាន់ប្រជាជនអ៊ីរ៉ង់ ដោយបង្ហាញក្តីសង្ឃឹមថា ប្រជាជនអ៊ីរ៉ង់ នឹងត្រូវបានដោះលែងពីការគ្រប់គ្រងនៃរបបផ្ដាច់ការ។ កាលពីខែកុម្ភៈ នេះ លោក Netanyahu ក៏បានព្រមានថា ប្រសិនបើមេដឹកនាំសាសនាអ៊ីរ៉ង់ វាយប្រហារអ៊ីស្រាអែល ពួកគេនឹងប្រឈមនឹងការឆ្លើយតបយ៉ាងខ្លាំងដែលមិនអាចស្មានដល់បាន។
លោកក៏បានអំពាវនាវជាបន្តបន្ទាប់ឱ្យប្រជាជនអ៊ីរ៉ង់ ផ្លាស់ប្ដូររបបដឹកនាំ និងស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរដូចមុនពេលការកើតមានបដិវត្តន៍ឥស្លាមអ៊ីរ៉ង់។
សម្រាប់អ្នកដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ បានមើលឃើញព្រះអង្គម្ចាស់ Reza Pahlavi កូនប្រុសរបស់ស្តេចចុងក្រោយនៃអ៊ីរ៉ង់ ជាតួអង្គទី៤ ដ៏មានសក្ដានុពលសម្រាប់ការផ្លាស់ប្ដូរទៅរបបប្រជាធិបតេយ្យ ទោះបីជាព្រះអង្គមិនបានវិលត្រឡប់មកកាន់ទឹកដីអ៊ីរ៉ង់ ចាប់តាំងពីមុនបដិវត្តន៍ឆ្នាំ១៩៧៩ ក៏ដោយ។
ក្នុងអំឡុងការតវ៉ាដ៏ធំកាលពីខែមករា ពាក្យស្លោកដែលលើកឡើងថា “Pahlavi នឹងត្រឡប់មកវិញ” បានលេចឡើងនៅក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់។ ព្រះអង្គម្ចាស់ Pahlavi ត្រូវបានគេយល់ឃើញថាជាបុគ្គលមួយរូបបានរួមចំណែកធ្វើឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់។
គង់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ព្រះអង្គម្ចាស់ Pahlavi បានអំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់ បន្តការតវ៉ា និងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ធ្វើអន្តរាគមន៍ដើម្បីគាំទ្រប្រជាជនដែលស្វែងរកការផ្លាស់ប្ដូរនយោបាយ។
ក្នុងសុន្ទរកថាមួយនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីខែកុម្ភៈ ព្រះអង្គបានបញ្ជាក់ថា គោលដៅរបស់ទ្រង់ គឺធានាការផ្លាស់ប្ដូរទៅរកអនាគតប្រជាធិបតេយ្យសម្រាប់អ៊ីរ៉ង់។
ព្រះអង្គម្ចាស់ Reza Pahlavi បានប្រកាសថា «វាដល់ពេលហើយដើម្បីបញ្ចប់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់» ជាមួយនឹងការអំពាវនាវរបស់ព្រះអង្គឱ្យលោក ដូណាល់ ត្រាំ (Donald Trump) ជួយគាំទ្រការផ្លាស់ប្ដូរនយោបាយនៅអ៊ីរ៉ង់។
ទោះជាយ៉ាងណា មិនមែនគ្រប់អ្នកដែលមាននិន្នាការប្រឆាំងអ៊ីរ៉ង់ គាំទ្រព្រះអង្គនោះឡើយ។ អ្នកវិភាគខ្លះចាត់ទុកព្រះអង្គជាជម្រើសសម្រាប់អនាគតប្រជាធិបតេយ្យ ខណៈអ្នកផ្សេងទៀតរិះគន់ចំពោះការគាំទ្ររបស់ព្រះអង្គម្ចាស់ដែលមាននិន្នាការទៅរកប្រទេសអ៊ីស្រាអែល រួមទាំងដំណើរទស្សនកិច្ចដែលទទួលការចាប់អារម្មណ៍ខ្លាំងទៅកាន់អ៊ីស្រាអែល របស់ព្រះអង្គកាលពីក្នុងឆ្នាំ២០២៣។
ទោះបីតែងតែរិះគន់ការគាបសង្កត់ក្រោមរបបបច្ចុប្បន្នក៏ដោយ ព្រះអង្គម្ចាស់ Pahlavi ក៏ត្រូវបានរំលឹកជាញឹកញាប់អំពីការរំលោភសិទ្ធិមនុស្សក្នុងសម័យរជ្ជកាលរបស់បិតាព្រះអង្គ មុនពេលកើតមានបដិវត្តន៍សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។
ចំណែកតួអង្គសំខាន់មួយទៀត គឺជាតួអង្គទី៥ គឺព្រះអង្គម្ចាស់ Mohammed bin Salman រាជទាយាទ និងអ្នកគ្រប់គ្រងយ៉ាងពិតប្រាកដនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
អារ៉ាប៊ីសាអ៊ូឌីត និងបណ្តាប្រទេសឈូងសមុទ្រផ្សេងៗ មានទស្សនៈជាយូរមកហើយថា ការចុះខ្សោយរបស់អ៊ីរ៉ង់ អាចផ្តល់អត្ថប្រយោជន៍ផ្នែកសន្តិសុខ ប៉ុន្តែក៏មានការព្រួយបារម្ភថា អស្ថិរភាពក្នុងប្រទេសអ៊ីរ៉ង់ អាចបង្កភាពចលាចលទូទាំងតំបន់មជ្ឈិមបូព៌ា។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលភាគច្រើនកាន់សាសនាមូស្លីមនិកាយស៊ុននី មានការប្រកួតប្រជែងយូរអង្វែងជាមួយអ៊ីរ៉ង់ ដែលដឹកនាំដោយនិកាយស៊ីអ៊ីត នៅតំបន់ឈូងសមុទ្រ។
បន្ទាប់ពីក្លាយជារាជទាយាទក្នុងឆ្នាំ២០១៧ ព្រះអង្គម្ចាស់ Mohammed bin Salman ធ្លាប់បានប្រៀបធៀបលោក Ali Khamenei ទៅនឹងលោក អាឌុល ហ៊ីត្លែរ នៃមជ្ឈិមបូព៌ា ដែលភាពតានតឹងជាមួយអ៊ីរ៉ង់ បានកើនឡើងខ្លាំងតាំងពីពេលនោះមក៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
