សភាអ៊ីរ៉ង់ ៨៨រូប កាលពីថ្ងៃអាទិត្យ ទី៨ ខែមីនា បានបោះឆ្នោតជ្រើសតាំងលោក Mojtaba Khamenei ជាមេដឹកនាំថ្មីនៃប្រទេសអ៊ីរ៉ង់ បន្តពីឪពុក គឺលោក Ali Khamenei ដែលស្លាប់នៅក្នុងប្រតិបត្តិការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ កុម្ភៈ។
នៅតាមកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ អ្នកនាំពាក្យសភាអ៊ីរ៉ង់ បានអានសេចក្តីថ្លែងការណ៍របស់គណៈកម្មការជំនាញសាសនាអ៊ីរ៉ង់ ដែលថាលោក Mojtaba Khamenei ត្រូវបានតែងតាំងជាមេដឹកនាំកំពូលនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ តាមសំឡេងឆ្នោតដាច់ខាតពីសមាជិកសភាអ៊ីរ៉ង់ ចំនួន ៨៨រូប។
លោក Mojtaba Khamenei មិនធ្លាប់កាន់តំណែងក្នុងជួររដ្ឋាភិបាលអ៊ីរ៉ង់ ហើយក៏មិនធ្លាប់បានផ្តល់បទសម្ភាសន៍ ឬឡើងថ្លែងសន្ទរកថាជាសាធារណៈម្តងណាឡើយ។
នៅឆ្នាំ២០២៦ នេះ លោក Mojtaba Khamenei មានអាយុ ៥៦ឆ្នាំ។ លោកជាកូនទី២ ក្នុងចំណោមកូនទាំង ៦នាក់របស់លោក Ali Khamenei។ កាលពីក្នុងវ័យ ១៧ឆ្នាំ លោក Mojtaba Khamenei បានចូលរួមហាត់ហ្វឹកហ្វឺននៅក្នុងជួរកងទ័ពអំឡុងសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់។
លោក Mojtaba Khamenei បានបន្តការសិក្សាខាងសាសនានៅឆ្នាំ១៩៩៩។ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០០៩ លោក Mojtaba ត្រូវបានក្រុមអ្នកនយោបាយចោទគាត់ថាអុកឡុកការបោះឆ្នោត។
លោក Mojtaba Khamenei ត្រូវបានគេរំពឹងថានឹងបន្តគោលនយោបាយដ៏រឹងរូសរបស់ឪពុក។ Mojtaba Khamenei នេះហើយដែលជាមនុស្សមានឥទ្ធិពលខ្លាំងស្ថិតនៅពីក្រោយរបបផ្ដាច់ការនៅអ៊ីរ៉ង់ ដែលឪពុកជាកំពូលមេដឹកនាំអ៊ីរ៉ង់។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក តែងតែលើកឡើងថាមិនចង់ឃើញកូនប្រុសរបស់លោក Ali Khamenei ស្នងតំណែងឪពុកនោះ។ លោក ត្រាំ ថែមទាំងនិយាយថា មេដឹកនាំថ្មីគួរតែឆ្លងកាត់ការយល់ព្រមពីលោក។
លោក ត្រាំ ព្រមានថា តំណែងរបស់លោក Mojtaba Khamenei នឹងមិនមានអាយុវែងនោះទេ។
ចំពោះអ៊ីស្រាអែល វិញ ព្រមានថា បុគ្គលរូបណាក៏ដោយដែលជាកំពូលមេដឹកនាំសាសនាថ្មីរបស់អ៊ីរ៉ង់ នឹងត្រូវក្លាយជាគោលដៅនៃការវាយប្រហារសម្លាប់ក្នុងសង្គ្រាមនៅពេលនេះ។
តើលោក Mojtaba Khamenei មានជីវប្រវត្តិដូចម្ដេច?
លោក Mojtaba មានឈ្មោះពេញ Ayatollah Seyyed Mojtaba Hosseini Khamenei។ លោក Mojtaba មានអាយុ ៥៦ឆ្នាំ គឺជាកូនប្រុសទី២ របស់លោក Ayatollah Ali Khamenei។ លោកកើតនៅឆ្នាំ១៩៦៩ ក្នុងទីក្រុង Mashhad មុនមួយទសវត្សរ៍មុននឹងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩។
លោក Mojtaba បានធំដឹងក្ដីអំឡុងឪពុករបស់គាត់ និងលោក Ayatollah Ruhollah Khomeini ដឹកនាំការបះបោរដែលគេហៅថាបដិវត្តន៍ឥស្លាម។ ចលនានេះមានឥទ្ធិពលយ៉ាងខ្លាំងប្រឆាំងនឹងរបបរាជានិយមរបស់មហាក្សត្រ Mohammed Reza Pahlavi។ ក្នុងគ្រានោះ លោក Mojtaba មានអាយុ ១០ឆ្នាំ។ គាត់ចូលរៀននៅសាលាមួយដែលអប់រំកូនៗរបស់ក្រុមមន្ត្រីអ៊ីរ៉ង់ ប៉ុន្តែលោក Mojtaba បានចូលរួមក្នុងជួរកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅឆ្នាំ១៩៨៧ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។
Mojtaba ក៏បានចូលរួមក្នុងកងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ អំឡុងសង្គ្រាមជាមួយអ៊ីរ៉ាក់ ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៨។
នៅឆ្នាំ១៩៨៩ ឪពុករបស់គាត់បានក្លាយជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ជំនួសលោក Ayatollah Ruhollah Khomeini ដែលបានទទួលមរណភាព។ ក្នុងពេលនោះ លោក Mojtaba Khamenei ត្រូវបានបញ្ជូនឱ្យទៅសិក្សានៅសាលាសាសនាមួយក្នុងទីក្រុង Qom ជាទីដែលលោកបានកសាងទំនាក់ទំនងយ៉ាងរឹងមាំជាមួយមេដឹកនាំសាសនា និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយមានការគាំទ្រពីកូនមន្ត្រីជាន់ខ្ពស់ និងក្រុមសាសនានៃប្រទេសអ៊ីរ៉ង់។
តាមសារព័ត៌មាន Daily Star ភរិយា និងកូនប្រុសម្នាក់ រួមជាមួយម្ដាយ និងឪពុករបស់គាត់ គឺលោក Ayatollah Ali Khamenei ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ថ្ងៃទី២៨ កុម្ភៈ ជាថ្ងៃទីមួយនៃសង្គ្រាមវាយប្រហារដោយកងទ័ពអាកាស និងកងទ័ពជើងទឹកពីសំណាក់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
តាម Daily Star ចុះផ្សាយនៅថ្ងៃទី៩ ខែមីនា នេះ លោក Mojtaba Khamenei រងរបួសពីការវាយប្រហាររបស់កងយន្តហោះចម្បាំងអ៊ីស្រាអែល តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីត្រូវបានតែងតាំងជាមេដឹកនាំកំពូលអ៊ីរ៉ង់ ដែលឡើងជំនួសសពឪពុករបស់គាត់ តែប្រភពខ្លះនិយាយថា លោក Mojtaba រងរបួសនៅក្នុងថ្ងៃដែលឪពុក កូនប្រុស និងភរិយាគាត់ស្លាប់ដោយការវាយប្រហាររួមគ្នារវាងកងយន្តហោះចម្បាំងអ៊ីស្រាអែល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។
ការផ្ទេរតំណែងពីឪពុកទៅកូន គឺជាទម្លាប់ចំពោះប្រទេសនៃរបបផ្ដាច់ការ ដោយមិនថាតែប្រទេសអ៊ីរ៉ង់ មួយនោះទេ ប៉ុន្តែការតែងតាំងលោក Mojtaba គឺជាការផ្លាស់ប្ដូរមួយនៅក្នុងនយោបាយអ៊ីរ៉ង់ ដែលជាការបញ្ជូនសារប្រាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថា អត់ពីឪ គឺពិតណាស់កូនត្រូវតែស្នងតំណែងពីឪ ហើយដឹកនាំប្រទេស មិនខុសពីឪនោះទេ គឺផ្ដាច់ការដូចតែគ្នា ដោយមិនងាយចុះចាញ់សត្រូវឡើយ។
អ្នកសង្កេតការណ៍ថាប្រទេសនៃរបបផ្ដាច់ការប្រយុទ្ធដើម្បីការពារអំណាច ត្រូវតែខ្លាំងជាងប្រយុទ្ធការពារទឹកដី៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
