The Cambodia Daily Khmer

ព្រឹទ្ធសភា​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​ការ​ឆបោក​តាម​បច្ចេកវិទ្យា ខណៈ​ទីតាំង​ឆបោក ២៥០ ត្រូវ​បាន​បង្ក្រាប

នគរបាល​ជាតិ​ចុះ​បង្ក្រាប​ទីតាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ទីក្រុង​បាវិត ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៦។

នគរបាល​ជាតិ​ចុះ​បង្ក្រាប​ទីតាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ទីក្រុង​បាវិត ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៦។

ព្រឹទ្ធសភា​កម្ពុជា អនុម័ត​យល់ព្រម​ដោយ​ឯកច្ឆន្ទ​ទាំងស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​បច្ចេកវិទ្យា (Online Scam) នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្នុង​ចំណោម ៥៨​សំឡេង​នៃ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។

ព្រឹទ្ធសភា​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា មាន​របៀបវារៈ​ចំនួន​ពីរ គឺ​ពិនិត្យ​ឱ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។

ព្រឹទ្ធសភា​កម្ពុជា បញ្ជាក់​ថា អង្គប្រជុំ​ព្រឹទ្ធសភា​បាន​ពិនិត្យ និង​ឱ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​បច្ចេកវិទ្យា (Online Scam) ដោយ​ឥត​កែប្រែ​ចំនួន ៥៨​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​បច្ចេកវិទ្យា (Online Scam) រួម​បញ្ចូល​បទល្មើស​ព្រហ្មទណ្ឌ​ថ្មី​ចំនួន ៥ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត រួម​មាន បទ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បទ​រៀបចំ ឬ​ដឹកនាំ​មជ្ឈមណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ផង​ដែរ។

លើស​ពី​នេះ ក៏​មាន​បទល្មើស​ជ្រើសរើស ឬ​បណ្ដុះបណ្ដាល​អ្នក​ដទៃ​ឱ្យ​ចូលរួម​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បទ​ប្រមូល​ក្នុង​ចេតនា​ទុច្ចរិត​នូវ​ឯកសារ​សម្គាល់​អត្តសញ្ញាណ ឬ​ឯកសារ​ព័ត៌មាន​ផ្ទាល់ខ្លួន​នានា​របស់​អ្នក​ដទៃ និង​ការ​បង្កើត​ទម្រង់​ពិសេស​នៃ​បទល្មើស​សម្អាត​ប្រាក់​ថែម​ទៀត។

បទល្មើស​ទាំងនេះ បាន​កំណត់​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ខ្ពស់​បំផុត​ដល់ ១​ជីវិត និង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ ១​ពាន់​លាន​រៀល (១០០០​លាន​រៀល) ហើយ​ថែមទាំង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ជនល្មើស​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា» នៅ​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៦ នេះ​ថា ការ​ប្ដេជ្ញាចិត្ត​ខាង​នយោបាយ​របស់​រាជរដ្ឋាភិបាល មិន​ដក​ថយ​ជាដាច់ខាត​ចំពោះ​ការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​កម្ពុជា។

លោក កើត រិទ្ធ បញ្ជាក់​ថា សម្រាប់​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​បច្ចេកវិទ្យា (Online Scam) ថ្មី​នេះ មិន​បាន​ចែង​ថា «ផ្ទះ ឬ​អគារ ឬ​ទ្រព្យសម្បត្តិ​ណា​ដែល​ជួល​ឱ្យ​ស្កេម​អនឡាញ​ហើយ ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ» នោះ​ទេ លើកលែងតែ​ផ្តើម​គំនិត ឬ​សមគំនិត ចំណែក​អ្នក​រត់​តាក់ស៊ី​ដែល​មិន​ដឹង​ខ្លួន​ថា​កំពុង​ដឹក​ឧក្រិដ្ឋជន​ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន ក៏​មិន​មាន​ទោស​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រូប​នេះ អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ជួល​គណនី​ធនាគារ​របស់​ខ្លួន​ឱ្យ​អ្នក​ដទៃ​ប្រើប្រាស់ ព្រោះ​ងាយ​នឹង​ចាញ់បោក​ក្រុម​ឧក្រិដ្ឋកម្ម​អនឡាញ ដ្បិត​បញ្ហា​នឹង​កើតមាន​នៅ​ពេល​ដែល​ជន​ខិលខូច​បោកប្រាស់​គណនី​នោះ​ដើម្បី​ផ្ទេរ​លុយ។ លើស​ពី​នេះ ក៏​មិន​ត្រូវ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​របស់​ខ្លួន​ឱ្យ​ជន​ដែល​ដើរ​ប្រមូល​ក្នុង​បំណង​មិន​ច្បាស់លាស់​ដែរ។

ចំណែក​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លោក ឆៃ ស៊ីណារិទ្ធ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ដែរ​ថា គិត​ត្រឹម​ខែ​មេសា នេះ យ៉ាងហោចណាស់​មាន​បទល្មើស Online Scams ចំនួន ២៥០​ករណី ស្មើ​នឹង ២៥០​ទីតាំង ត្រូវ​បាន​បង្ក្រាប។

លោក​បន្ត​ថា ក្នុង​នោះ ទីតាំង​កាស៊ីណូ​មាន​ចំនួន ៩២​កន្លែង ដែល​បាន​ឃុំ​ខ្លួន​មនុស្ស​ជាង ៨០០​នាក់ និង​ជិត ៧០០​នាក់​ទៀត​មាន​ដីកា​ចាប់​ខ្លួន ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ត្រួតពិនិត្យ​អន្តោប្រវេសន៍។ ដោយឡែក​ជនសង្ស័យ ៩៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ។

ផ្អែក​តាម​របាយការណ៍​ប៉ូលិស​អន្តរជាតិ​អាំងទែរប៉ូល (INTERPOL) កាលពី​ខែ​មីនា ឆ្នាំ​២០២៦ ស្ដីពី​ការ​វាយតម្លៃ​ការ​គំរាមកំហែង​នៃ​ការ​ឆបោក​ហិរញ្ញវត្ថុ​សកល និង​របាយការណ៍​របស់ Global Anti Scam Alliance បាន​បញ្ជាក់​ថា រយៈពេល​មួយ​ឆ្នាំ​ក្នុង​ឆ្នាំ​២០២៥ កន្លង​ទៅ ចំនួន​ទឹកប្រាក់​ដែល​បាន​បាត់បង់​ដោយសារ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​បន្លំ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ពិភពលោក ត្រូវ​បាន​ប៉ាន់ស្មាន​ថា​មាន​ចំនួន​ជាង ៤០០​ពាន់​លាន​ដុល្លារ (៤៤២​ពាន់​លាន​ដុល្លារ​អាមេរិក)។

កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ក្រសួង​មហាផ្ទៃ បាន​ផ្សព្វផ្សាយ​ចំណាត់ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​តាម​អនឡាញ ថា កម្ពុជា​ប្ដេជ្ញា​បោសសម្អាត​បទល្មើស​អនឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៦ នេះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version