នាយករដ្ឋមន្ត្រីថៃ អះអាងថា ថៃមិនចាំបាច់ជូនដំណឹងទៅកម្ពុជា អំពីការលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬ MoU៤៤ ឡើយ ព្រោះថៃ នឹងប្តូរទៅប្រើច្បាប់សមុទ្រ Sea (UNCLOS) United Nations Convention on the Law of the Sea ជំនួសឱ្យកិច្ចព្រមព្រៀងនេះវិញ។
កាសែតថៃ Enquirer បានស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) នៅថ្ងៃទី២៣ មេសា នេះថា ថៃកំពុងរៀបចំលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ជាមួយកម្ពុជា ស្ដីពីការអះអាងដែនសមុទ្រ ដោយប្តូរទៅប្រើច្បាប់សមុទ្រអន្តរជាតិជំនួសវិញ ខណៈក្រសួងការបរទេសថៃ ក៏គ្រោងនឹងដាក់សំណើនេះទៅកាន់គណៈរដ្ឋមន្ត្រីឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដែរ។
នាយករដ្ឋមន្ត្រីថៃ រូបនេះអះអាងថា ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ កាលពីថ្ងៃពុធ រដ្ឋាភិបាលថៃ នឹងពឹងផ្អែកតែទៅលើច្បាប់សមុទ្រអន្តរជាតិ (UNCLOS) ប៉ុណ្ណោះ ជាគោលការណ៍ច្បាប់សម្រាប់ដោះស្រាយបញ្ហាសមុទ្រ ប៉ុន្តែការលុបចោលនេះ គឺធ្វើឡើងចំពោះតែអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ប៉ុណ្ណោះ ខណៈអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្ដីពីការកំណត់ព្រំដែនដីគោក នៅតែមានសុពលភាពដដែល។
កាសែតថៃ ដដែលនេះ លើកឡើងថា អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ គ្របដណ្ដប់លើដែនសមុទ្រដែលមានការប៉ះទង្គិចគ្នានៅក្នុងឈូងសមុទ្រថៃ និងបានបង្កើតក្របខ័ណ្ឌសម្រាប់ចរចារួមអំពីការកំណត់ព្រំដែន និងការអភិវឌ្ឍធនធាន ប៉ុន្តែមិនបានកំណត់ព្រំដែនចុងក្រោយឡើយ ខណៈកិច្ចព្រមព្រៀងនេះមិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទេ ចាប់តាំងពីចុះហត្ថលេខាមក។
ប្រភពដដែល បញ្ជាក់ថា កិច្ចព្រមព្រៀងនេះហួសសម័យហើយ ខណៈកងទ័ពជើងទឹកថៃ បានត្រៀមខ្លួនអនុវត្តជានិច្ចដើម្បីការពារអធិបតេយ្យភាពសមុទ្ររបស់ខ្លួន ប៉ុន្តែបើមានការតវ៉ាពីភាគីកម្ពុជា ថៃនឹងត្រូវដោះស្រាយតាមយន្តការអន្តរជាតិ រីឯរដ្ឋាភិបាលថៃ ក៏នឹងចាត់វិធានការសម្រាប់ជំហានបន្ទាប់ដែរ។
ការអះអាងនេះ ធ្វើឡើងផ្ទុយពីកម្ពុជា ដែលតែងតែអះអាងថា អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ជាមួយថៃ គឺនៅតែមានសុពលភាព ទោះថៃ សម្រេចលុបកិច្ចព្រមព្រៀងនេះជាឯកតោភាគីក៏ដោយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលថ្ងៃទី៨ មេសា ថា ទោះបីភាគីថៃ ដកខ្លួនជាឯកតោភាគីពីអនុស្សរណៈឆ្នាំ២០០១ ក៏ដោយ ក៏ឯកសារនេះនៅតែមានសុពលភាពរហូតដល់គោលបំណងដែលបានចែងក្នុងកិច្ចព្រមព្រៀងនេះបានសម្រេចពេញលេញ ខណៈអនុស្សរណៈនេះបានបង្ហាញពីសុច្ឆន្ទៈរបស់ប្រជាជាតិទាំងពីរក្នុងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្រមួយប្រកបដោយមិត្តភាព។
ក្រសួងការបរទេសកម្ពុជា អះអាងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ នេះ បានឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជា និងថៃ កាលពី ២៥ឆ្នាំមុន ដូច្នេះរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ។
ប្រភពដដែល បញ្ជាក់ថា កិច្ចព្រមព្រៀងនេះគឺជាឆន្ទៈរួមរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយដែលភាគីទាំងពីរអាចទទួលយកបាន ដើម្បីជាមូលដ្ឋានសម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ហើយក៏ដើម្បីជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ។
កាលពីដើមខែកក្កដា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានផ្សព្វផ្សាយនូវឯកសារអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ ជាមួយថៃ ថាកិច្ចព្រមព្រៀងឆ្នាំ២០០១ រវាងកម្ពុជា-ថៃ គឺជាការឯកភាពរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើអនុស្សរណៈយោគយល់ អំពីការអភិវឌ្ឍប្រេង និងឧស្ម័ននៅតំបន់ត្រួតស៊ីគ្នា (OCA) ក្នុងដែនសមុទ្រជាប់ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានធ្វើតាំងពីខែមិថុនា ឆ្នាំ២០០១ កន្លងទៅ។
ជុំវិញបញ្ហានេះ លោក ជុំ ឈាង អតីតនាយទាហានជាន់ខ្ពស់នៃភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ បានអះអាងកាលពីពេលថ្មីៗនេះថា ផ្អែកតាមអនុសញ្ញាក្រុងវីយែន ឆ្នាំ១៩៦៩ អនុស្សរណៈរវាងកម្ពុជា-ថៃ គឺអាចលុបបាន តែត្រូវស្ថិតក្រោមលក្ខខណ្ឌមួយចំនួនដែលបានចែងក្នុងមាត្រា៤៦ រហូតដល់មាត្រា៦៤ នៃច្បាប់នេះ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
