ព្រឹទ្ធសភាជាតិកម្ពុជានឹងរៀបចំបើកកិច្ចប្រជុំមួយក្រោមរបៀបវារៈចំនួន៣នៅព្រឹកថ្ងៃស្អែក នៅវិមានព្រឹទ្ធសភា។
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅថ្ងៃនេះឱ្យដឹងថា ស្ថាប័នជាតិកំពូលមួយនេះនឹងរៀបចំកិច្ចប្រជុំ ពិនិត្យ និងសម្រេចលើរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៤។ ដោយឡែករបៀបវារៈទី២គឺពិនិត្យ និងសម្រេចជាគោលការណ៍អំពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
រីឯចុងក្រោយគឺកំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំលើកទី៣ព្រឹទ្ធសភានីតិកាលទី៤។
ក្រោយរំលាយគណបក្សសង្រ្គោះជាតិកាលពីចុងឆ្នាំ២០១៧សភាក៏បានក្លាយជាស្ថាប័នឯកបក្សព្រោះអង្គបោះឆ្នោតព្រឹទ្ធសភាស្ទើរតែទាំងអស់ ដូចជាក្រុមប្រឹក្សាឃុំសង្កាត់ ខេត្តក្រុងស្រុកខណ្ឌនិងសមាជិកសភាគណបក្សសង្គ្រោះជាតិត្រូវរំលាយនិងប្រគល់ឲ្យគណបក្សរបស់លោកហ៊ុន សែន។
គេសង្កេតឃើញថាព្រឹទ្ធសភាឯកបក្សនេះមិនសូវមានភាពសកម្មដូចពេលមុនទៀតឡើយ៕