The Cambodia Daily Khmer

អតីត​មន្រ្តី​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង​ប្រកាស​មិន​ខ្លាច​ប្រព័ន្ធ​ច្បាប់​របស់​លោក​ហ៊ុន សែន​

សមាជិក​ព្រឹទ្ធ​សភា​ពីខាង​គណបក្ស​សម រង្ស៊ី​លោក​សោ ចាន់ដេត​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​នៅ​ថ្ងៃពុធ​នេះ​ថា​ ចំណាត់​ការ​របស់​តុលាការ​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ​នេះ​មាន​គោលដៅ​តែ​មួយ ​តែ​បែង​ចែក​ជាពីរ​ករណី។​

លោក​បន្ត​ថា ​ដំណើរ​ការ​ប្តឹង​អតីត​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ថ្នាក់​មូលដ្ឋាន​ខេត្ត​បាត់ដំបង​ ត្រូវ​បាន​ក្រុម​លោក​ហ៊ុន សែន​ចែក​ចេញ​ជា​«ពីរ​សំណុំ​រឿង»​ផ្សេង​គ្នា​ ក្នុង​គោល​បំណង​តែ​មួយ​គឺ​ការ​បំភ័យ។​ លោក​បន្ត​ថា ​សំណុំ​រឿង​ទី​១​ ជា​សំណុំ​រឿង​លេខ​ ៣៣៨៖​ ករណី«ម្រាមដៃ​ស្អាត​ឆ្នាំ​២០១៨»​ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​លោក​ជា ជីវ។​

ហើយ​សំណុំ​រឿង​ទី​២​ជា​សំណុំ​រឿង​លេខ​៣៣៩៖​ករណី​«ញាំនំ​បញ្ចុក»​ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​កញ្ញា​ស៊ិន ចាន់ពៅរ៉ូហ៊្សេត​ដែល​ជា​អតីត​ចៅ​សង្កាត់​អូរចារ​ ខេត្ត​បាត់ដំបង។​ លោក​សោ ចាន់ដេត​បន្ត​ថា ​ករណី​ទាំង​ពីរ​ខាង​លើ​នេះ​ មាន​គោល​ដៅ​តែ​មួយ​ដូច​គ្នា​គឺ​ទប់​ស្កាត់​កម្លាំង​រង់​ចាំ​ទទួល​លោក​សម រង្ស៊ី​នា​ពេល​ខាង​មុខ។​

អតីត​ចៅ​សង្កាត់​អូរចារ​កញ្ញា​ស៊ិន ចាន់ពៅ​រ៉ូហ្សិត​ ដែល​នឹង​ត្រូវ​ចូល​ខ្លួន​បំភ្លឺ​ចំពោះ​មុខ​តុលាការ​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ​ស្អែក​នោះ​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​កញ្ញា​កាលពី​ថ្ងៃ​ទី​៥​ខែ​ឧសភា​ថា​ កញ្ញា​នៅតែ​មិន​អស់​ចិត្ត​ចំពោះ​ការ​ចេញ​ដីកា​កោះហៅ​ឱ្យ​កញ្ញា​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៩​ខែ​ឧសភា​នេះ។ ​

កញ្ញា​បញ្ជាក់​ថា ​តុលាការ​កំពូល​បាន​រំលាយ​បក្ស​របស់​កញ្ញា​ហើយ​ហើយ​បាន​ដក​តួ​នាទី​ដែល​ពលរដ្ឋ​សង្កាត់​អូរចារ​ផ្តល់​ឲ្យ​កញ្ញា​ ព្រម​ទាំង​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​គំរាម​កំហែង​មក​លើ​កញ្ញា​ស្ទើរ​គ្រប់​បែប​យ៉ាង​ ហើយ​ចុ​ងក្រោយ​តុលាការ​ក៏​ចេញ​ដីកា​កោះ​ហៅ​កញ្ញា​ឲ្យ​ចូល​ខ្លួន​ឆើ្លយ​បំភ្លឺ​ថែម​ទៀត។ ​ប៉ុន្តែ​កញ្ញា​អះអាង​ថា​ នឹង​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​តាម​ការ​ចង់​បាន​របស់​តុលាការ​ ដោយ​មិន​រួញរា​ហើយ​នៅ​តែ​តស៊ូ​បន្ត​ទៀត​ដើម្បី​សង្គម​ និង​ប្រទេស​ជាតិ​មួយ​នេះ៕​

Exit mobile version