ចំនួនភ្ញៀវទេសចរបរទេសដែលចូលទស្សនារមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាបបានធ្លាក់ចុះប្រមាណ៧% ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៩នេះ។
របាយការណ៍គ្រឹះស្ថានអង្គរចេញផ្សាយកាលពីថ្ងៃទី១ខែមិថុនាកន្លងទៅនេះបង្ហាញថា តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរទទួលបានភ្ញៀវទេសចរចូលទៅទស្សនាចំនួនជាង១ លាននាក់នៅចន្លោះពីខែមករាដល់ខែឧសភាក្នុងឆ្នាំនេះដោយបានធ្លាក់ចុះ ៧,៣២ភាគ រយ បើ ធៀបទៅនឹងតួលេខក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការធ្លាក់ចុះនេះគឺជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះត្រូវបានរដ្ឋដកហូតក្រុមហ៊ុនឯកជន មកគ្រប់គ្រងវិញតាំងពីដើមឆ្នាំ២០១៦។
បើតាមរបាយការណ៍ដដែលប្រាក់ចំណូលបានមកពីការលក់សំបុត្រក៏មានធ្លាក់ចុះផងដែរគឺរកបានទឹកប្រាក់ចំនួនជាង៥០លានដុល្លារអាមេរិក(៥០៣១២៨៤៧ដុល្លារអាមេរិក)ឬធ្លាក់ចុះជាង៨%(៨,៥១%)បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
របាយការណ៍ក្រសួងទេសចរណ៍ដែលចេញផ្សាយកាលពីចុងខែមករាកន្លងទៅនេះបង្ហាញថា កាលពីឆ្នាំ២០១៨ភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាមានចំនួនជាង៦លាននាក់គឺកើនឡើង១១%បើធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួនជាង៥លាននាក់។
របាយការណ៍ដដែលបង្ហាញផងដែរថា ភ្ញៀវទេសចរចិនឈរនៅលំដាប់ទី១ហើយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងឈរនៅលេខរៀងបន្ដបន្ទាប់។ ក្នុងចំណោមភ្ញៀវទេសចរបរទេសជាង៦ លាននាក់នោះ ភ្ញៀវទេសចរចិនមានប្រមាណ២លាននាក់គឺកើនឡើង៧០%ក្នុងឆ្នាំ២០១៨៕