The Cambodia Daily Khmer

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ថា​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​ពលរដ្ឋ​អស់​ជំនឿ​លើ​វិធានការ​ទប់ស្កាត់ Covid-19

គណៈកម្មការ​អន្តរ​ក្រសួង​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ នៃ​ក្រសួង​សុខាភិបាល ចុះ​ទៅ​ពិនិត្យ​ទីតាំង​កូដកម្ម និង​អាន​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​អន្តរ​ក្រសួង ដែល​បញ្ជា​ឱ្យ​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទាំងអស់​ធ្វើ​តេស្ដ​រក​មេរោគ​កូវីដ-១៩ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (រូបថត៖ CCHR)

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​រិះគន់​ថា ការ​ប្រើ​វិធានការ​សុខភាព​សាធារណៈ​ដើម្បី​គាបសង្កត់​បញ្ឈប់​ការ​តវ៉ា​របស់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​ជំនឿ​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 នៅ​ពេលនេះ។

នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បាន​លើកឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ថា អាជ្ញាធរ​កម្ពុជា​ត្រូវតែ​បញ្ឈប់​នូវ​ការ​បំពាន​លើ​វិធានការ​សុខភាព​សាធារណៈ ដើម្បី​គាបសង្កត់​សិទ្ធិ​ធ្វើ​កូដកម្ម​របស់​កម្មករ និង​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេងៗ​ទៀត​លើ​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាបន្ទាន់។

លោក ហ្វីល រ៉ូបឺតសុន អះអាង​ថា សព្វថ្ងៃ​នេះ អាជ្ញាធរ​កម្ពុជា​កំពុង​អនុវត្ត​ការ​បង្ក្រាប​ចូល​ដល់​កម្រិត​ដ៏​អាក្រក់​ថ្មី​បន្ថែម​ទៀត ដោយ​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ក្រោម​លេស​អនុវត្ត​វិធានការ​សុខភាព​សាធារណៈ ដើម្បី​បញ្ចប់​កូដកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​រិះគន់​ថា ការ​ចាប់​ខ្លួន​កូដករ​ទៅ​ឃុំ​ក្នុង​គុក​ចង្អៀត​ដែល​ជា​កន្លែង​ងាយ​ឆ្លង​វីរុស Covid-19 សព្វថ្ងៃ​នេះ បង្ហាញ​ថា​ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​កម្ពុជា មិនមែន​បញ្ហា​សុខភាព​សាធារណៈ​នោះ​ទេ ករណី​នេះ​គឺជា​ចេតនា​នយោបាយ​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​ចាប់ផ្តើម​អនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​នានា​លើ​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​នៅ​ពេលនេះ។

រដ្ឋបាល​ក្រុង​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 បំប្លែង​ថ្មី អូមីក្រុង ចូល​ក្នុង​សហគមន៍ រដ្ឋបាល​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​ជាដាច់ខាត។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​ករណី​ក្រុម​កូដករ​ទាំងនោះ​មិន​អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​នេះ រដ្ឋបាល​ក្រុង​ភ្នំពេញ​នឹង​ចាត់​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ដោយ​គ្មាន​ករណី​លើកលែង​នោះ​ឡើយ។

អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ នេះ​ថា ប្រសិនបើ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ គឺជា​រឿង​ល្អ​សម្រាប់​កូដករ​ទាំងនោះ ប៉ុន្តែ​ការ​អនុវត្ត​របស់​អាជ្ញាធរ​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​កន្លងមក ត្រូវ​គេ​មើល​ឃើញ​ថា គ្រាន់តែ​ជា​វិធានការ​មួយ​ដើម្បី​បំបិទ​សេរីភាព​បញ្ចេញមតិ​ប៉ុណ្ណោះ ហើយ​ក៏​ប៉ះពាល់​ទៅដល់​តម្លៃ​ខ្លឹមសារ​របស់​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

លោក​អះអាង​ថា ការ​អនុវត្ត​ច្បាប់​ដែល​មាន​ការ​រិះគន់​ថា ធ្វើឡើង​ក្នុង​របៀបវារៈ​នយោបាយ​បែប​នេះ នឹង​ធ្វើ​ឱ្យ​មហាជន​កាន់តែ​បាត់​ជំនឿ​ចិត្ត​លើ​វិធានការ​របស់​រដ្ឋាភិបាល​កាន់តែ​ខ្លាំង។ ដូច្នេះ ជម្រើស​ល្អ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ គឺ​មាន​តែ​ដោះលែង​សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ដើម្បី​ចូល​តុ​ចរចា​រក​ដំណោះស្រាយ​រវាង​ក្រុម​កូដករ និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ប៉ុណ្ណោះ មិន​គួរ​ប្រើ​វិធានការ​ជាបន្តបន្ទាប់​លើ​ជនរងគ្រោះ​ដូច​សព្វថ្ងៃ​នេះ​ទេ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ​នេះ សាលាដំបូង​ក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់​លើ​ក្រុម​កូដករ ៣​នាក់​រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន ដូចជា​លោក សេង វណ្ណារិទ្ធ ជាដើម ពី​បទ​រារាំង​វិធានការ​ការពារ​ជំងឺ Covid-19 ដែល​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់​ទៅ ៥​ឆ្នាំ ខណៈ​កូដករ​ទាំង ៤​នាក់​ទៀត សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​តាម​ការ​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​តុលាការ​ពី​បទ​រារាំង​វិធានការ​សុខាភិបាល​ផង​ដែរ៕

Exit mobile version