បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងជាថ្មីថា លោកគ្មានសិទ្ធិប្រគល់ទឹកដីខ្មែរសូម្បីតែមួយមិល្លីម៉ែត្រឱ្យទៅប្រទេសវៀតណាម ហើយលោកក៏មិនចង់បានទឹកដីវៀតណាម សូម្បីតែមួយមិល្លីម៉ែត្រដែរ ប៉ុន្តែក្រុមអ្នកឃ្លាំមើលជំរុញឱ្យលោក ហ៊ុន សែន ធ្វើមោឃភាព ឬលុបចោលរាល់សន្ធិសញ្ញាខុសច្បាប់ជាមួយវៀតណាមទាំងអស់ ដើម្បីបញ្ជាក់ពីការអះអាងរបស់ខ្លួន។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបឲ្យឡើងកាន់អំណាចរូបនេះ បានអះអាងនៅក្នុងខួបលើកទី៤៥ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងភូមិសាស្ត្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះថា បើវៀតណាមពិតជាចង់បានទឹកដីកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជាដែលក្រោមការដឹកនាំរបស់បក្សកាន់អំណាចពិតជាចង់កាត់ដីឱ្យវៀតណាមដូចដែលគេបានចោទប្រកាន់មែន នោះលោកក៏មិនចាំបាច់ចរចាជាមួយភាគីវៀតណាមអំពីបញ្ហាព្រំដែនអស់រយៈពេល ៤៣ឆ្នាំដែរ។
លោក ហ៊ុន សែន អះអាងថា ការចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-វៀតណាម បានធ្វើឡើងជាច្រើនដំណាក់កាល ទើបអាចឱ្យប្រទេសទាំងពីរស្រុះស្រួលជាមួយគ្នា និងក្លាយជាអ្នកជិតខាងល្អដូចសព្វថ្ងៃនេះ បើមិនដូច្នេះទេ តាមបណ្តោយតំបន់ព្រំដែនកម្ពុជា-វៀតណាម នៅតែមិនអាចសហការគ្នាដើម្បីបង្កើតបានទៅជាព្រំដែនសន្តិភាពដូចពេលនេះទេ។
មេដឹកនាំខ្មែរក្រាញអំណាចយូរជាងគេក្នុងពិភពលោករូបនេះអះអាងថា កម្ពុជាមានសុខសន្តិភាពរយៈពេលជាង ៤០ឆ្នាំមកហើយក្រោមការដឹកនាំរបស់បក្សកាន់អំណាចរបស់លោក ក្នុងនោះកម្ពុជាបានធ្វើកិច្ចការដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាមជាច្រើន ដែលភាគីទាំងពីរបានចុះហត្ថលេខាទទួលយក ៨៤% នៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ហើយត្រូវបានបោះបង្គោលរួចរាល់ ប៉ុន្តែនៅសល់ ១៦% ទៀតដែលភាគីទាំងពីរកំពុងចរចាដោះស្រាយបញ្ហាជាមួយគ្នា ក្នុងនោះមាន ៦% ដែលភាគីកម្ពុជា និងវៀតណាម កំពុងជជែកគ្នាបន្ត។
ការអះអាងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចោទលើបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ថាបានសម្បទានទឹកដីកម្ពុជាឱ្យទៅរដ្ឋាភិបាលវៀតណាម នាពេលកន្លងមក។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ មិថុនា នេះថា ការលើកឡើងរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន មិនឆ្លុះបញ្ចាំងពីការពិតនៃការដឹកនាំជាក់ស្តែងរបស់គាត់ចាប់តាំងពីកងទ័ពវៀតណាម បានលើកបន្តុបឱ្យគាត់ដឹកនាំប្រទេសកម្ពុជាតាំងពីអំឡុងទសវត្សឆ្នាំ១៩៨០ មកនោះទេ។
លោក ម៉ែន ណាត អះអាងថា បើចង់ដឹងថាលោក ហ៊ុន សែន បានសម្បទានដីឱ្យរដ្ឋាភិបាលវៀតណាម ឬក៏អត់នោះ សូមក្រឡេកទៅមើលសន្ធិសញ្ញា និងកិច្ចព្រមព្រៀងខុសច្បាប់នានាដែលលោក ហ៊ុន សែន បានចុះហត្ថលេខាយល់ព្រមជាមួយមេដឹកនាំវៀតណាម តាំងពីអំឡុងទសវត្សឆ្នាំ១៩៨០ មក នោះគេនឹងដឹងយ៉ាងច្បាស់ណាស់ថា ឯកសារខុសច្បាប់ទាំងនោះបានបម្រើមហិច្ឆតារបស់វៀតណាម ក្នុងការឈ្លានពានទឹកដីរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ប្រសិនបើលោក ហ៊ុន សែន ពិតជាចង់ឱ្យពលរដ្ឋខ្មែរជឿជាក់តាមការអះអាងរបស់លោកមែន គឺលោកត្រូវតែប្រកាសមោឃភាពលើសន្ធិសញ្ញាខុសច្បាប់ដែលខ្លួនបានចុះហត្ថលេខាជាមួយវៀតណាមទាំងអស់ ព្រមទាំងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិពីការឈ្លានពានរបស់វៀតណាម ដែលបានទាមទារឱ្យភាគីកម្ពុជាចុះហត្ថលេខាជាមួយខ្លួនលើកិច្ចព្រមព្រៀងខុសច្បាប់ទាំងនោះ។
លោក ម៉ែន ណាត បញ្ជាក់ថា លោក ហ៊ុន សែន ទំនងជាមិនហ៊ានធ្វើរឿងបែបនេះទេ ព្រោះថាដើម្បីបំពេញតាមការចង់បានរបស់វៀតណាម លោក ហ៊ុន សែន បានប្រព្រឹត្តអំពើទុច្ចរិតជាច្រើន ដូចជាការគំរាមព្រះមហាក្សត្រដោយការផ្លាស់ប្ដូរពីរបបរាជានិយមទៅជារបបសាធារណរដ្ឋ ជាដើម បើព្រះអង្គមិនឡាយព្រះហស្តលេខាលើសន្ធិសញ្ញាខុសច្បាប់ដែលលោក ហ៊ុន សែន បានឯកភាពជាមួយវៀតណាម ទេនោះ។
ទាក់ទិននឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខុសច្បាប់រវាងលោក ហ៊ុន សែន និងមេដឹកនាំវៀតណាម បានធ្វើឡើងជាច្រើនដំណាក់កាល ក្នុងនោះ នៅឆ្នាំ១៩៨២ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង កូថាច់ បានចុះហត្ថលេខាខុសច្បាប់កំណត់ព្រំដែនទឹកឆ្នាំ១៩៨២ និងការចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋដោយខុសច្បាប់ឆ្នាំ១៩៨៥ ជាមួយលោក ហ៊ុន សែន ដែលជារដ្ឋមន្ត្រីការបរទេសនាពេលនោះ។
ជាងនេះទៀត កាលពីឆ្នាំ២០០៥ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាន វ៉ាន់ខាយ បានសហការជាមួយប្រមុខរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន ចុះហត្ថលេខាទទួលស្គាល់សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដោយខុសច្បាប់ ដែលផ្ទុយទៅនឹងខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
ដោយឡែកនៅឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក ង្វៀន ស៊ុនហ្វុក ជានាយករដ្ឋមន្ត្រីវៀតណាម នៅពេលនោះ បានទាមទារឲ្យលោក ហ៊ុន សែន ចុះហត្ថលេខាខុសច្បាប់លើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ មួយទៀតដើម្បីបញ្ជាក់ពីសុពលភាពកិច្ចព្រមព្រៀងខុសច្បាប់នានារវាងកម្ពុជា-វៀតណាមកន្លងមក ដែលបានមោឃភាពដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ថានៅតែមានសុពលភាពសម្រាប់ការអនុវត្តបន្តរវាងប្រទេសទាំងពីរទៅថ្ងៃអនាគត។
កម្ពុជា-វៀតណាមមានព្រំដែនគោករួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលសរុបចំនួន ៣១៤បង្គោលស្មើនឹង ៨៤% ខណៈ ១៦% ទៀត នៅមិនទាន់ឯកភាពគ្នានៅឡើយ។
យ៉ាងណាក៏ដោយ មេដឹកនាំវៀតណាមតែងតែជំរុញឱ្យមេដឹកនាំកម្ពុជាពន្លឿននីតិវិធី ដើម្បីផ្លាស់ប្ដូរលិខិតុបករណ៍លើការផ្តល់សច្ចាប័ននៃការផ្តល់សន្ធិសញ្ញាបំពេញបន្ថែម និងពិធីសារគ្រប់បែបយ៉ាង ព្រមទាំងការបោះបង្គោលព្រំដែនឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានផងដែរ៕