លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់បុរសខ្លាំងក្រាញអំណាចនៅកម្ពុជា លោក ហ៊ុន សែន ទម្លាយនូវការអន់ចិត្តរបស់ខ្លួនដែលលោក ហ៊ុន សែន ជាឪពុកបាត់បង់ទំនុកចិត្តលើរូបលោកជាច្រើនឆ្នាំ បន្ទាប់ពីលោកធ្វើឱ្យខកខានកិច្ចការរបស់លោក ហ៊ុន សែន ដែលដាក់ឲ្យនាពេលកន្លងមក។
កូនប្រុសពៅរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែលជាសមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ដែលប្រាថ្នាកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា បានលើកឡើងក្នុងពិធីផ្សព្វផ្សាយសៀវភៅ «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» នៅខេត្តសៀមរាប កាលពីពេលថ្មីៗនេះថា លោក ហ៊ុន សែន បានបាត់បង់ទំនុកចិត្តលើរូបលោកអស់រយៈពេល ៣ឆ្នាំ ដោយសារតែកំហុសឆ្គងអំឡុងពេលដែលលោកធ្វើការនៅខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០០៨ ដែលមានតួនាទីជាអ្នកកាន់ឯកសារឲ្យលោក ហ៊ុន សែន ផង និងជាអ្នកដាស់លោក ហ៊ុន សែន ឱ្យភ្ញាក់ពីដំណេកផង។
លោក ហ៊ុន ម៉ានី លើកឡើងថា កំហុសលើកទី១ គឺលោកធ្លាប់អាក់ខានចូលរួមកិច្ចប្រជុំទទួលជួបប្រតិភូបរទេស និងដៃគូអភិវឌ្ឍន៍នានាម្តង ហើយលើកទី២ លោក ហ៊ុន សែន បានឱ្យលោកវិនិច្ឆ័យលើស្ថានភាពនៃប្រទេសមួយដែលកំពុងជួបវិបត្តិនយោបាយ ដែលត្រូវរើសមេដឹកនាំថ្មីដែលជាកូនរបស់មេដឹកនាំចាស់នៃប្រទេសនោះ ប៉ុន្តែលោកបានឆ្លើយទៅកាន់លោក ហ៊ុន សែន ថា លោកមិនដឹងថាគួរត្រូវជ្រើសរើសកូនមួយណាឱ្យឡើងកាន់តំណែងបន្តនោះទេ។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា ចម្លើយរបស់លោកបែបនេះហើយដែលធ្វើឱ្យលោក ហ៊ុន សែន បាត់បង់ទំនុកចិត្តលើរូបលោកយ៉ាងខ្លាំង។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ សីហា នេះថា លោក ហ៊ុន ម៉ានី ពិតជាបរាជ័យដែលមិនទទួលបានទំនុកចិត្តពីលោក ហ៊ុន សែន ដែលជាឪពុក ក្នុងដំណើរឆ្ពោះទៅកាន់តំណែងកំពូល គឺការស្នងតំណែងជានាយករដ្ឋមន្ត្រីនៅពេលអនាគត ហើយការទម្លាយអាថ៌កំបាំងនេះ បង្ហាញថា គាត់មានសេចក្ដីប្រាថ្នាធំណាស់ក្នុងការស្រមៃប្រជែងយកតំណែងនាយករដ្ឋមន្ត្រីជាមួយលោក ហ៊ុន ម៉ាណែត។
លោក គឹម សុខ លើកឡើងថា បន្ទាប់ពីលោក ហ៊ុន សែន បង្ខំឲ្យអង្គសន្និបាតរបស់គណបក្សប្រជាជនកម្ពុជាប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ធ្វើជាអនាគតនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បាននាំគ្រួសារទៅលេងនៅប្រទេសមួយចំនួននៅសហគមន៍អឺរ៉ុបអស់ជាច្រើនថ្ងៃ ដែលជាការសម្ដែងនូវការខកចិត្តរបស់គាត់យ៉ាងខ្លាំងចំពោះការតែងតាំងនេះ។
អ្នកវិភាគរូបនេះអះអាងថា ការដែលលោក ហ៊ុន សែន បានបញ្ជូនលោក ហ៊ុន ម៉ានី ឲ្យទៅធ្វើធំនៅរដ្ឋសភា គឺដើម្បីឲ្យលោក ហ៊ុន ម៉ានី នៅឱ្យកាន់តែឆ្ងាយពីផែនការនយោបាយរបស់គាត់ ហើយវិធីនេះ គឺជារបៀបចាត់ចែងរបស់ពួកកុម្មុយនីស្តធ្លាប់ប្រើរហូតមក ព្រោះថា នៅពេលដែលគេរុញមន្ត្រីជាន់ខ្ពស់ណាម្នាក់ឲ្យកាន់តែខ្ពស់ក្នុងសភា មានន័យថា អ្នកនោះបានបាត់បង់ទំនុកចិត្តស្ទើរតែទាំងស្រុងពីមេដឹកនាំបក្សហើយ ឬគេហៅម្យ៉ាងទៀតថា អ្នកទោសនយោបាយរបស់មេបក្ស។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បញ្ជាក់ថា ការប្រឈមឧបសគ្គដែលឪពុកខ្លួនបាត់ទំនុកចិត្តមកលើខ្លួន និងប្រឹងលើកតម្កើងលោក ហ៊ុន ម៉ាណែត ជាកូនសំណព្វចិត្តបែបនេះ លោក ហ៊ុន ម៉ានី ក៏ប្រឹងបង្កើតវេទិកាជាច្រើនដែរដើម្បីលើកតម្កើងខ្លួនឯង ដូចជាកម្មវិធីពិភាក្សា “ក្តីសង្ឃឹម ហ៊ុន ម៉ានី” កាលពីថ្ងៃទី១០ ខែសីហា នៅខេត្តសៀមរាប ជាដើម។
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជាបានសម្រេចជាឯកច្ឆន្ទក្នុងការជ្រើសរើសកូនប្រុសច្បងរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ឲ្យក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីស្នងតំណែងពីឪពុក។ ចាប់តាំងពីពេលនោះមក គេសង្កេតឃើញលោក ហ៊ុន សែន តែងបង្ហោះរូបរបស់លោក ហ៊ុន ម៉ាណែត ដោយភ្ជាប់នឹងការលើកសរសើរផ្សេងៗជាច្រើន។
កាលពីឆ្នាំ២០១៥ ក្នុងការផ្សាយបន្តផ្ទាល់ដោយវិទ្យុក្នុងស្រុកមួយ បានចោទជាសំណួរទៅកាន់លោក ហ៊ុន ម៉ានី ថា តើលោកចង់ក្លាយជានាយករដ្ឋមន្ត្រីដែរឬទេ? ពេលនោះ លោក ហ៊ុន ម៉ានី បានឆ្លើយថា តួនាទីកំពូលនេះ គឺជាសុបិនរបស់យុវវ័យគ្រប់រូបទាំងអស់។
ចំណែកលោក ហ៊ុន ម៉ាណែត វិញក៏បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន ABC អូស្ត្រាលីដែរអំពីសំណួរដូចគ្នានេះ តែលោក ហ៊ុន ម៉ាណែត មិនបានឆ្លើយថា «បាទ ឬក៏ទេ» នោះឡើយ។
ប៉ុន្តែបើទោះបីជាលោក ហ៊ុន ម៉ាណែត មិនសារភាពក៏ដោយ ក៏គេស្តាប់ចម្លើយរបស់បងប្អូនបង្កើតទាំងពីរនេះច្បាស់ណាស់ថា ពួកគេសុទ្ធតែមានមហិច្ឆតាចង់ធ្វើជានាយករដ្ឋមន្ត្រីស្នងឪពុករបស់ខ្លួនដូចគ្នា៕
© 2022, ឌឹ ខេមបូឌា ដេលី. All rights reserved.
