ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជា លើកឡើងថា ឱ្យតែប្រទេសកម្ពុជាបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូលហ៊ុន អំពើឃាតកម្មនានាកន្លងមក នៅតែមិនអាចរកមុខឃាតករពិតឃើញដាច់ខាត ខណៈអំពើឃាតកម្មថ្មីនឹងនៅតែបន្តកើតមាន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ កក្កដា នេះថា អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់អស់រយៈពេល ៨ឆ្នាំហើយ ប៉ុន្តែរដ្ឋាភិបាលថ្មីនេះនៅតែមិនអើពើវែកមុខឃាតករពិតមកផ្ដន្ទាទោសនៅឡើយ ខណៈឃាតករសិប្បនិម្មិតបានក្លាយជាជនរងគ្រោះជាប់គុកជំនួសឃាតករពិតទាំងអយុត្តិធម៌ដែរសព្វថ្ងៃនេះ។
ប្រភពដដែលបញ្ជាក់ថា ដើម្បីឱ្យកម្ពុជាចាកចេញពីក្នុងបញ្ជីប្រទេសដែលមានឧក្រិដ្ឋកម្ម លោក ហ៊ុន ម៉ាណែត ត្រូវតែសើរើឧក្រិដ្ឋកម្មនានាដែលបានកើតមានលើសកម្មជនសង្គមល្បីៗដែលកំពុងរង់ចាំពន្លឺយុត្តិធម៌សព្វថ្ងៃនេះ ដូចជា ឃាតកម្មលើបណ្ឌិត កែម ឡី ឃាតកម្មលើលោក ឈុត វុទ្ធី ឃាតកម្មលើអ្នកស្រី ពិសិដ្ឋ ពីលីកា ឃាតកម្មលើលោក ជា វិជ្ជា និងឃាតកម្មលើព្រះភិក្ខុ សំ ប៊ុនធឿន ជាដើម។
លោក ម៉ែន ណាត អំពាវនាវឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត ស្វែងរកយុត្តិធម៌ឱ្យជនរងគ្រោះដែលបានស្លាប់ក្នុងអំពើឃាតកម្មដែលបានកើតមានក្នុងការដឹកនាំរបស់លោក ហ៊ុន សែន ដូចជា ឃាតកម្មលើបណ្ឌិត កែម ឡី ជាដើម ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលខួបនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នឹងត្រូវមហាជនប្រារព្ធឡើងនៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ ខណៈយុត្តិធម៌នៅតែកប់បាត់អស់រយៈពេល ៨ឆ្នាំមកនេះ។
បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួនបីគ្រាប់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងភ្លាមៗនៅក្នុងហាងស្តារម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ត្រង់ចំណុចស្តុបបូកគោខណ្ឌចំការមន រាជធានីភ្នំពេញ។ ឃាតកម្មនេះកើតឡើង ២ថ្ងៃក្រោយពីបណ្ឌិត កែម ឡី បានលាតត្រដាងផែនការលក់ជាតិ និងការគ្រប់គ្រងជំនួញក្នុងប្រទេសកម្ពុជាស្ទើរតែទាំងអស់ ដែលមានទឹកប្រាក់រាប់រយពាន់លានដុល្លារសហរដ្ឋអាមេរិករបស់បក្ខពួកក្រុមគ្រួសារត្រកូល «ហ៊ុន» តាមរបាយការណ៍អង្គការ គ្លប៊ល វីនេស (Global Witness)។
រយៈពេល ៨ឆ្នាំមកនេះ រដ្ឋាភិបាលបន្តពូជរបស់លោក ហ៊ុន ម៉ាណែត នៅតែមិនព្រមចាប់ឃាតករពិតមកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេ ខណៈជនដែលត្រូវចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ក៏បានក្លាយជាជនរងគ្រោះទាំងអយុត្តិធម៌ពីអំពើឃាតកម្មដ៏ឧក្រិដ្ឋមួយនេះអស់រយៈពេល ៨ឆ្នាំមកហើយដែរ។
អតីតមន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា អះអាងមុនថ្ងៃខួបនេះថា ប្រសិនបើតុលាការបញ្ជាឲ្យសមត្ថកិច្ចប្រគល់ភស្តុតាងជាវីដេអូតាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ហាងស្តារម៉ាត និងវីដេអូកាមេរ៉ាសុវត្ថិភាពពីផ្ទះលោក ហ៊ុន តូ ក្មួយប្រុសលោក ហ៊ុន សែន ព្រមទាំងវីដេអូកាមេរ៉ាសុវត្ថិភាពរបស់ហាងកាហ្វេល្បីមួយនៅខាងក្រោយហាងស្តារម៉ាតកាល់តិច នោះច្បាស់ជាអាចរកឃើញឃាតករពិតដោយងាយ។
លោកបញ្ជាក់ថា ក្រោយអំពើឃាតកម្មនេះ លោកបានធ្វើការស្រាវជ្រាវលើឈ្មោះ អឿត អាង ដោយការសាកសួរម្តាយ បងប្អូន និងប្រពន្ធរបស់គេ រួមទាំងអាជ្ញាធរដែនដីនៅទីនោះ អាចបញ្ជាក់បានថា អ្វីៗដែលសមត្ថកិច្ច និងតុលាការបានបង្ហាញឲ្យសាធារណជនឃើញ មិនមែនជាការពិតឡើយ។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតលើករណីឃាតកម្មបណ្ឌិត កែម ឡី ឡើងវិញ។ លោកថា ការធ្វើបែបនេះ គឺដើម្បីឱ្យប្រាកដថា ការពិតដែលឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហ៊ានផ្តាច់ជីវិតបណ្ឌិត កែម ឡី ក្រោមហេតុផលជំពាក់លុយ ៣ពាន់ដុល្លារអាមេរិក ជាការពិតឬក៏អត់។
បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា នៅមានចម្ងល់ច្រើនណាស់ដែលពាក់ព័ន្ធនឹងឃាតកម្មនេះ ដូចជា អង្គចងចាំជុំវិញករណីឃាតកម្មនេះ មិនត្រូវបានបង្ហាញជាសាធារណៈ ការស៊ើបអង្កេតមិនត្រូវបានធ្វើឡើង ដោយគ្រាន់តែមានបុគ្គលម្នាក់អះអាងថាខ្លួនជាឃាតករនោះ ហើយតុលាការកាត់ទោសតែម្តង។
រហូតមកទល់ពេលនេះមានរយៈពេល ៨ឆ្នាំហើយ ដែលក្រុមគ្រួសារ និងសាច់ញាតិរបស់បណ្ឌិត កែម ឡី មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ចំណែកជនរងគ្រោះខ្លះទៀតបានរង់ចាំយុត្តិធម៌អស់រយៈពេលជិត ៣០ឆ្នាំផងដែរ ប៉ុន្តែពន្លឺយុត្តិធម៌សម្រាប់ពួកគេនៅតែងងឹតសូន្យសុង៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
