The Cambodia Daily Khmer

ពលរដ្ឋ​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ពលរដ្ឋ​វៀតណាម មុន​សម្រេច​ដាក់​ខេត្ត​ខ្មែរ​ក្នុង​គម្រោង CLV

ជនជាតិ​វៀតណាម សរុប ២៥៧នាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scam) និង​បទល្មើស​អន្តោប្រវេសន៍ ត្រូវ​បាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បណ្តេញ​ចេញពី​កម្ពុជា នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣។ (រូបថត៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍)

ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​បណ្តេញ​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទុកចិត្ត​ជា​មុន​សិន មុន​នឹង​សម្រេច​ដាក់​ខេត្ត​ខ្មែរ​ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រួម​គ្នា​ជាមួយ​ប្រទេស​វៀតណាម។

ពលរដ្ឋ​តាម​បណ្តា​ខេត្ត​ជាច្រើន ដូចជា​ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ ជាដើម ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ពួកគេ​មិន​មាន​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​នឹង​អាច​រក្សា​ទឹកដី​របស់​ខ្លួន​ពី​ការ​ចង់​បាន​របស់​វៀតណាម ជុំវិញ​ការ​ដាក់​បញ្ចូល​ខេត្ត​ខ្មែរ ដើម្បី​អភិវឌ្ឍន៍​រួម​គ្នា​ក្នុង​តំបន់​ត្រីកោណ​ជាមួយ​វៀតណាម នោះ​ទេ។

ប្រភព​ដដែល​លើកឡើង​ថា សព្វថ្ងៃ​នេះ កម្ពុជា​មិន​បាន​ចំណេញ​អ្វី​ទាល់តែសោះ​ពី​ការ​សហការ​ជាមួយ​វៀតណាម ដូចជា ការ​ផ្តល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់​ការ​អនុញ្ញាត​ឱ្យ​បើក​ភាសា​វៀតណាម នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ការ​សាងសង់​ស្តូប​វៀតណាម ការ​ចុះ​កិច្ចព្រមព្រៀង​ផ្សេងៗ និង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​វៀតណាម ជាដើម។

ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ទាំងនេះ បញ្ជាក់​ថា ការ​ដាក់​ខេត្ត​ខ្មែរ​ចូល​ក្នុង​តំបន់​អភិវឌ្ឍន៍​រួម​គ្នា​រវាង​កម្ពុជា ឡាវ និង​វៀតណាម នេះ ពិបាក​នឹង​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទុកចិត្ត​ថា កម្ពុជា​នឹង​អាច​គេច​ផុត​ពី​ការ​ឈ្លានពាន​ទឹកដី​របស់​វៀតណាម​ខ្លាំង​ណាស់ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ដើមកំណើត​ពី​វៀតណាម ខណៈ​លោក ហ៊ុន សែន ក៏​វៀតណាម​លើក​បន្តុប​ដែរ ដូច្នេះ​ការ​បារម្ភ​ពី​ការ​ឈ្លានពាន​ទឹកដី​ពី​ប្រទេស​វៀតណាម គឺជា​រឿង​សម​ហេតុ​សម​ផល​បំផុត។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៤ ថា លោក ហ៊ុន សែន ទំនង​ជា​ឯកភាព​តាម​សំណើ​វៀតណាម ក្នុង​ការ​ដាក់​ប្រទេស​កម្ពុជា​ទាំងមូល​ចូល​ទៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រួច​ហើយ អំឡុង​ពេល​ដែល​គាត់​ដឹក​ដៃ​លោក ហ៊ុន ម៉ាណែត ទៅ​គោរព​វិញ្ញាណក្ខន្ធ​មេដឹកនាំ​វៀតណាម កាលពី​ពេល​ថ្មីៗ​នេះ។

ប្រភព​ដដែល​អះអាង​ថា ការ​យល់ព្រម​ដាក់​ប្រទេស​កម្ពុជា​ក្នុង​តំបន់​ត្រីកោណ​នេះ នឹង​ធ្វើ​ឡើង​តាមរយៈ​នៃ​ការ​ដាក់​ខេត្ត​ខ្មែរ​ម្តង​មួយ​ខេត្តៗ ដើម្បី​កុំ​ឱ្យ​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ ព្រោះ​ថា​បើ​លោក ហ៊ុន សែន ដាក់​ប្រទេស​ទាំងមូល​តែម្តង កុំ​ថា​ឡើយ​ពលរដ្ឋ​ដែល​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង សូម្បី​សមាជិក​បក្ស​របស់​ខ្លួន​ក៏​ប្រឆាំង​នឹង​គម្រោង​នេះ​ដែរ។

លោក គឹម សុខ បញ្ជាក់​ថា ការ​យល់ព្រម​តាម​សំណើ​របស់​វៀតណាម នេះ ក៏​ដើម្បី​ឱ្យ​វៀតណាម ជួយ​គាំទ្រ​កូនៗ​របស់​គាត់​កាន់​អំណាច​គ្រប់គ្រង​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ​ទៀត​ដែរ។ លោក​ថា លោក ហ៊ុន សែន ក៏​ទំនង​ជា​សន្យា​ជាមួយ​វៀតណាម ឱ្យ​លោក ហ៊ុន ម៉ាណែត បម្រើ​ផល​ប្រយោជន៍​វៀតណាម ដូច​ពេល​ដែល​គាត់​ត្រូវ​បាន​វៀតណាម លើក​បន្តុប​ដូច្នោះ​ដែរ។

លោក គឹម សុខ គូស​បញ្ជាក់​ថា តាមរយៈ​នៃ​កិច្ចព្រមព្រៀង​នេះ លោក ហ៊ុន ម៉ាណែត អាច​នឹង​ត្រូវ​តែងតាំង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២៦ ព្រោះ​ថា​បើ​វៀតណាម មិន​យល់ព្រម គ្រួសារ​ត្រកូល​ហ៊ុន​ក៏​មិន​អាច​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដែរ កុំ​ថា​ឡើយ​ដល់​អំណាច​ក្នុង​ការ​ដឹកនាំ​ប្រទេស​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា ទាំង​នាយករដ្ឋមន្ត្រី​វៀតណាម ប្រធានាធិបតី​វៀតណាម និង​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម តែងតែ​ជំរុញ​ឲ្យ​មេដឹកនាំ​ខ្មែរ​ត្រកូល​ហ៊ុន បន្ត​អនុវត្ត​កិច្ចសន្យា​រវាង​កម្ពុជា-វៀតណាម ឲ្យ​បាន​ល្អ ជាពិសេស​គឺ​ការ​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់ ខណៈ​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី មិន​បាន​បដិសេធ​នឹង​សំណើ​របស់​មេដឹកនាំ​វៀតណាម ម្តង​ណា​ឡើយ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version