ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ប្រកាសធ្វើបាតុកម្មប្រឆាំងគម្រោងរបស់រដ្ឋាភិបាលកម្ពុជា ស្ដីពីតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV DTA) នៅចុងខែកញ្ញា នេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងដែលនាំឱ្យកម្ពុជាបាត់បង់ទឹកដីទៅវៀតណាម នៅថ្ងៃអនាគត។
គណៈកម្មាធិការបាតុកម្មនៅប្រទេសអូស្ត្រាលី បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១១ ខែកញ្ញា នេះថា បាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណនេះ នឹងប្រារព្ធនៅទីក្រុងកង់ប៊ែរ៉ា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នៅមុខស្ថានទូតខ្មែរ ដែលជាមហាបាតុកម្មដ៏ធំ ដោយមានការចូលរួមពីពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីអូស្ត្រាលី រួមទាំងពលរដ្ឋខ្មែរដែលមកពីបណ្តាប្រទេសផ្សេងៗផងដែរ។
សេចក្តីជូនដំណឹងដដែលនេះបញ្ជាក់ថា ពលរដ្ឋខ្មែរដែលរស់នៅទីក្រុងម៉ែលប៊ន នឹងចេញដំណើរទៅកាន់ទីក្រុងកង់ប៊ែរ៉ា នៅថ្ងៃទី២៩ ខែកញ្ញា វេលាម៉ោង ១១ព្រឹក ដោយជួបជុំគ្នានៅវត្តពុទ្ធរង្ស៊ី ដើម្បីចូលរួមបាតុកម្មនៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា ចាប់ពីវេលាម៉ោង ៩.៣០នាទីព្រឹក រហូតដល់ម៉ោង ៣.០០នាទីរសៀល។
ការប្រកាសធ្វើបាតុកម្មនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជានៅតែរក្សាបន្តដាក់ខេត្តខ្មែរទាំង៤ ក្នុងគម្រោងអភិវឌ្ឍន៍ដដែល ទោះបីជាមានការទាមទារពីពលរដ្ឋជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ អតីតចៅហ្វាយក្រុង Greater Dandenong ប្រទេសអូស្ត្រាលី លោក ជា យូហ៊ន បានជួបជុំគ្នាជាមួយពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ជាច្រើននាក់ ដោយអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណនេះឱ្យបានច្រើនកុះករ។
លោក ជា យូហ៊ន លើកឡើងថា ពលរដ្ឋខ្មែរដែលស្នេហាជាតិ ស្រឡាញ់ទឹកដី មិនទុកចិត្តការសម្រេចរបស់រដ្ឋាភិបាលខ្មែរដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នោះទេ ព្រោះគម្រោងនេះគឺជាផែនការរបស់វៀតណាម ដែលមានមហិច្ឆតាឈ្លានពានទឹកដីខ្មែរប៉ុណ្ណោះ។
អតីតចៅហ្វាយក្រុង Greater Dandenong រូបនេះបញ្ជាក់ថា ដោយសារតែគម្រោងនេះនឹងនាំឱ្យប្រទេសកម្ពុជាបាត់បង់ទឹកដី ដូច្នេះពលរដ្ឋខ្មែរគ្រប់គ្នាសុទ្ធតែមានកាតព្វកិច្ចក្នុងការការពារទឹកដីរបស់ខ្លួន ដើម្បីកុំឱ្យប្រទេសជិតខាងមានឱកាសឈ្លានពានទឹកដីរបស់ខ្លួនដូចដែលធ្លាប់កើតមានក្នុងអតីតកាលកន្លងមក។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងមុនពេលសមត្ថកិច្ចរបស់លោក ហ៊ុន សែន ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅថា ការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណរួមគ្នារវាងកម្ពុជា ឡាវ និងវៀតណាម គឺស្របតាមបំណងរបស់វៀតណាម ដែលមានផែនការបង្កើតតំបន់កន្ទុយនាគនេះឱ្យក្លាយទៅជាប្រទេសឥណ្ឌូចិន នៅថ្ងៃមុខ។
លោក ស្រ៊ុន ស្រ៊ន បញ្ជាក់ថា នៅពេលដែលកម្ពុជា វៀតណាម និងឡាវ ត្រូវដាក់បញ្ចូលគ្នាទៅជាឥណ្ឌូចិន នោះគឺមានតែរដ្ឋាភិបាលវៀតណាម តែមួយគត់ដែលធ្វើជាអ្នកគ្រប់គ្រងលើរដ្ឋាភិបាលឥណ្ឌូចិនថ្មីនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
