34.1 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ត្រាលី​ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នៅ​ចុង​ខែ​កញ្ញា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​របស់​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម (CLV DTA) នៅ​ចុង​ខែ​កញ្ញា នេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​ដែល​នាំ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​វៀតណាម នៅ​ថ្ងៃ​អនាគត។

គណៈកម្មាធិការ​បាតុកម្ម​នៅ​ប្រទេស​អូស្ត្រាលី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា នេះ​ថា បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ នឹង​ប្រារព្ធ​នៅ​ទីក្រុង​កង់ប៊ែរ៉ា នៅ​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ ខាងមុខ​នេះ នៅ​មុខ​ស្ថានទូត​ខ្មែរ ដែល​ជា​មហា​បាតុកម្ម​ដ៏​ធំ ដោយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​លើ​ទឹកដី​អូស្ត្រាលី រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ផង​ដែរ។

សេចក្តី​ជូនដំណឹង​ដដែល​នេះ​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទីក្រុង​ម៉ែលប៊ន នឹង​ចេញ​ដំណើរ​ទៅ​កាន់​ទីក្រុង​កង់ប៊ែរ៉ា នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា វេលា​ម៉ោង ១១​ព្រឹក ដោយ​ជួបជុំ​គ្នា​នៅ​វត្ត​ពុទ្ធរង្ស៊ី ដើម្បី​ចូលរួម​បាតុកម្ម​នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែ​កញ្ញា ចាប់ពី​វេលា​ម៉ោង ៩.៣០​នាទី​ព្រឹក រហូត​ដល់​ម៉ោង ៣.០០​នាទី​រសៀល។

ការ​ប្រកាស​ធ្វើ​បាតុកម្ម​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​នៅតែ​រក្សា​បន្ត​ដាក់​ខេត្ត​ខ្មែរ​ទាំង​៤ ក្នុង​គម្រោង​អភិវឌ្ឍន៍​ដដែល ទោះបីជា​មាន​ការ​ទាមទារ​ពី​ពលរដ្ឋ​ជា​បន្តបន្ទាប់​យ៉ាងណា​ក៏ដោយ។

កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៤ អតីត​ចៅហ្វាយក្រុង Greater Dandenong ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន បាន​ជួបជុំ​គ្នា​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី ជាច្រើន​នាក់ ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ​ឱ្យ​បាន​ច្រើន​កុះករ។

លោក ជា យូហ៊ន លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ដែល​ស្នេហា​ជាតិ ស្រឡាញ់​ទឹកដី មិន​ទុកចិត្ត​ការ​សម្រេច​របស់​រដ្ឋាភិបាល​ខ្មែរ​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន នោះ​ទេ ព្រោះ​គម្រោង​នេះ​គឺជា​ផែនការ​របស់​វៀតណាម ដែល​មាន​មហិច្ឆតា​ឈ្លានពាន​ទឹកដី​ខ្មែរ​ប៉ុណ្ណោះ។

អតីត​ចៅហ្វាយក្រុង Greater Dandenong រូប​នេះ​បញ្ជាក់​ថា ដោយសារតែ​គម្រោង​នេះ​នឹង​នាំ​ឱ្យ​ប្រទេស​កម្ពុជា​បាត់បង់​ទឹកដី ដូច្នេះ​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​សុទ្ធតែ​មាន​កាតព្វកិច្ច​ក្នុង​ការ​ការពារ​ទឹកដី​របស់​ខ្លួន ដើម្បី​កុំ​ឱ្យ​ប្រទេស​ជិតខាង​មាន​ឱកាស​ឈ្លានពាន​ទឹកដី​របស់​ខ្លួន​ដូច​ដែល​ធ្លាប់​កើតមាន​ក្នុង​អតីតកាល​កន្លង​មក។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​មុន​ពេល​សមត្ថកិច្ច​របស់​លោក ហ៊ុន សែន ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា កន្លង​ទៅ​ថា ការ​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​រួម​គ្នា​រវាង​កម្ពុជា ឡាវ និង​វៀតណាម គឺ​ស្រប​តាម​បំណង​របស់​វៀតណាម ដែល​មាន​ផែនការ​បង្កើត​តំបន់​កន្ទុយ​នាគ​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​ប្រទេស​ឥណ្ឌូចិន នៅ​ថ្ងៃ​មុខ។

លោក ស្រ៊ុន ស្រ៊ន បញ្ជាក់​ថា នៅ​ពេល​ដែល​កម្ពុជា វៀតណាម និង​ឡាវ ត្រូវ​ដាក់​បញ្ចូល​គ្នា​ទៅ​ជា​ឥណ្ឌូចិន នោះ​គឺ​មាន​តែ​រដ្ឋាភិបាល​វៀតណាម តែ​មួយ​គត់​ដែល​ធ្វើ​ជា​អ្នក​គ្រប់គ្រង​លើ​រដ្ឋាភិបាល​ឥណ្ឌូចិន​ថ្មី​នេះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស