The Cambodia Daily Khmer

លោក ហៃ វណ្ណា សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ប្រទេស​ជប៉ុន​សុំទោស​លោក ហ៊ុន សែន និង​ប្រកាស​ចុះចូល

លោក ហៃ វណ្ណា (កណ្ដាល) សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ប្រទេស​ជប៉ុន

សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ប្រកាស​ចូលរួម​រស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​អំពាវនាវ​ឱ្យ​បញ្ញវន្ត​ខ្មែរ​គ្រប់​រូប​នាំគ្នា​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច ដោយ​បញ្ឈប់​ការ​ចូលរួម​ក្នុង​ចលនា​ជ្រុល​និយម​របស់​ក្រុម​ប្រឆាំង។

សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ លោក ហៃ វណ្ណា ចេញ​វីដេអូ​ប្រកាស​ផ្ដាច់​ខ្លួន​ពី​លោក សម រង្ស៊ី និង​សុំទោស​លោក ហ៊ុន សែន រួម​ទាំង​សុំ​ចុះចូល​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៤ នេះ។

ក្នុង​វីដេអូ​ប្រវែង​ជាង ៣​នាទី លោក ហៃ វណ្ណា អះអាង​ថា អំពើ​ជ្រុលនិយម​របស់​លោក​ដែល​ប្រកាស​ពី​ការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក គឺ​ធ្វើ​តាម​ក្រុម​ប្រឆាំង​ជ្រុលនិយម​ប៉ុណ្ណោះ ដូច្នេះ​ចាប់ពី​ពេលនេះ​តទៅ លោក​នឹង​ចូល​ទៅ​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ម្តង។

លោក ហៃ វណ្ណា អំពាវនាវ​ឱ្យ​បញ្ញវន្ត​ខ្មែរ​គ្រប់​រូប​បញ្ឈប់​ទង្វើ​ជ្រុលនិយម ហើយ​នាំគ្នា​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កុំ​ឱ្យ​មាន​ការ​បង្ក​ចលាចល​ណា​មួយ​ដូច​កាលពី​ថ្ងៃទី​១៨ សីហា កន្លង​ទៅ និង​ដើម្បី​រួម​គ្នា​កសាង​ប្រទេស​ជាតិ​ឱ្យ​រួច​ផុត​ពី​ប្រទេស​ក្រីក្រ និង​មាន​ការ​អភិវឌ្ឍ​ទៅ​ថ្ងៃ​មុខ។

ជុំវិញ​ការ​ចេញ​វីដេអូ​ប្រកាស​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​នេះ លោក ហ៊ុន សែន បាន​សរសេរ​ភ្ជាប់​នឹង​វីដេអូ​នេះ​ថា ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា លោក​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក ហៃ វណ្ណា ដែល​បាន​ធ្វើការ​សូម​អភ័យ​ទោស​ចំពោះ​ការ​ខុសឆ្គង​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៤ និង​បាន​ប្រកាស​ផ្ដាច់​ខ្លួន​ចេញពី​ក្រុម​ប្រឆាំង​ជ្រុលនិយម​មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កសាង​ប្រទេស​ជាតិ​វិញ។

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​សមាជិក​បក្ស​កាន់​អំណាច​បញ្ឈប់​ការ​ខឹងសម្បា​នឹង​លោក ហៃ វណ្ណា ដើម្បី​ចាប់​ដៃ​គ្នា​កសាង​អនាគត​របស់​កម្ពុជា ហើយ​លោក​សង្ឃឹម​ថា​សមាជិក​បក្ស​ប្រឆាំង​ផ្សេង​ទៀត​នឹង​យក​គំរូ​តាម​លោក ហៃ វណ្ណា ដោយ​ផ្ដាច់​ខ្លួន​ចេញពី​មេ​ក្រុម​ជ្រុលនិយម ដើម្បី​មក​ចូលរួម​កសាង​ប្រទេស​ជាតិ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​ព្រមាន​ថា សូម​កុំ​ធ្វើ​នយោបាយ​ដង្ហែ​សព​មេ​ក្រុម​ប្រឆាំង​ជ្រុលនិយម​ចូល​រណ្តៅ​ធ្វើ​អ្វី ព្រោះ​ខ្លួន​គេ​មិន​អាច​ជួយ​ខ្លួនឯង​បាន​ផង ថែម​ទាំង​រត់​ចោល​ស្រុក​ថែម​ទៀត។

លោក ហៃ វណ្ណា ត្រូវ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំណត់​មុខសញ្ញា​ថា​ជា​មេដឹកនាំ​បាតុកម្ម​ប្រឆាំង​ដ៏​ធំ​ក្នុង​សំណុំរឿង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ (CLV) ដែល​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​តាមរយៈ​នៃ​ការ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៤ កន្លង​ទៅ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​លោក ហៃ វណ្ណា សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version