ប្រធានអង្គការសង្គមស៊ីវិលដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លើកឡើងថា រដ្ឋាភិបាលប្រទេសកម្ពុជាដែលផ្តុំទៅដោយឧក្រិដ្ឋជនបោកប្រាស់តាមអនឡាញ លាងលុយកខ្វក់ និងការចាប់ជំរិត នឹងប្រឈមនូវការផ្តាច់ទំនាក់ទំនងពីរដ្ឋាភិបាលប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២៨ តុលា ថា នៅពេលក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលមួយបណ្ដុំទៅដោយឧក្រិដ្ឋជនដូចប្រទេសកម្ពុជាសព្វថ្ងៃនេះ ទោះប្រទេសជិតខាងមានទំនាក់ទំនងទាំងវិនិយោគទុន និងការទូតក៏ដោយ ក៏មិនអាចផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកបានដែរ។
លោក ស៊ឹង សែនករុណា លើកឡើងថា បើនិយាយពីការវិនិយោគទុន គឺមានតែខាតបង់នៅពេលប្រទេសជិតខាងទៅបណ្ដាក់ទុនរកស៊ីនៅប្រទេសកម្ពុជា ព្រោះត្រូវស្ថិតក្នុង ឬប្រថុយនឹងអំពើឆបោកនានាពីរដ្ឋាភិបាលប្រភេទនេះ។ លោកថា បើនិយាយពីទំនាក់ទំនងការទូតវិញ ក៏មិនមែនស្ថិតក្នុងទំនាក់ទំនងរវាងរដ្ឋដែលតំណាងឱ្យប្រជាពលរដ្ឋដែរ គ្រាន់តែតំណាងឱ្យក្រុមគ្រួសារមួយក្រុមប៉ុណ្ណោះ។
ប្រធានអង្គការក្រៅរដ្ឋាភិបាលរូបនេះអះអាងថា ក្នុងពេលដែលកម្ពុជាកំពុងរងនូវការរិះគន់ជុំទិសពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មឆបោកដែលកំពុងមានការភ័យព្រួយពីបណ្តាប្រទេសជិតខាងសព្វថ្ងៃនេះ ដំណោះស្រាយមានតែមួយគត់ គឺត្រូវសម្អាតការដឹកនាំរបស់ខ្លួនរហូតអាចឱ្យគេទុកចិត្តបានថា មិនមានគ្រោះថ្នាក់សម្រាប់ពលរដ្ឋរបស់គេនៅពេលដែលពួកគេទៅលេង ឬទៅរកស៊ីនៅប្រទេសកម្ពុជា។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទូរទស្សន៍កូរ៉េខាងត្បូង KBS News និងពីសារព័ត៌មានឥណ្ឌា The Hindu បានចុះផ្សាយពីការចាប់ជំរិត និងការឆបោកតាមប្រព័ន្ធអនឡាញនៅប្រទេសកម្ពុជា តាមបណ្ដាញទំនាក់ទំនងសង្គមព្រោងព្រាត ខណៈរាជរដ្ឋាភិបាលខ្មែរចោទថា ការផ្សព្វផ្សាយនេះជាចេតនាបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា ករណីចាប់ជំរិតដែលបង្កឡើងដោយជនបរទេស មានជនជាតិចិនមួយចំនួនដែលកំពុងសម្ងំលាក់ខ្លួននៅស្រុកខ្មែរ បានបន្តកើតមាននៅតាមបណ្ដាខេត្តមួយចំនួន ដូចជារាជធានីភ្នំពេញ ពោធិ៍សាត់ កំពត ស្វាយរៀង កណ្ដាល និងខេត្តព្រះសីហនុ ជាដើម។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា ដើម្បីទប់ស្កាត់អំពើឧក្រិដ្ឋទាំងនេះឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលត្រូវតែវះកាត់សាច់ស្អុយលុបបំបាត់អំពើពុករលួយឱ្យអស់ពីទឹកដីខ្មែរ ព្រោះអំពើទាំងនេះបានកើតជាប្រព័ន្ធក្នុងចង្កោមមន្ត្រីរដ្ឋាភិបាលសព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សហរដ្ឋអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្មបង្ខាំងទ្រព្យសម្បត្តិសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច លោក លី យ៉ុងផាត់ និងអាជីវកម្មរបស់លោកមួយចំនួនផងដែរ ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការលាងលុយកខ្វក់ ការបង្ខំឲ្យធ្វើពលកម្មដោយខុសច្បាប់ និងការបោកប្រាស់តាមបណ្ដាញអ៊ីនធឺណិត ជាដើម៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
