The Cambodia Daily Khmer

ទណ្ឌិត ៣៩០​នាក់ នឹង​ទទួល​បាន​ការ​បន្ថយ​និង​លើកលែង​ទោស​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​និង​បុណ្យ​អុំទូក

ទណ្ឌិត

ក្រសួង​យុត្តិធម៌ លើកឡើង​ថា ទណ្ឌិត​ចំនួន ៣៩០​នាក់​ដែល​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​រាជធានី-ខេត្ត​ចំនួន ២២ នឹង​ទទួល​បាន​ការ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ក្នុង​ឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខ​នេះ។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃទី​៦ វិច្ឆិកា នេះ បាន​ឲ្យ​ដឹង​ថា លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស បាន​ប្រជុំ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ចំនួន ៦៧១​នាក់ ដែល​បាន​ដាក់​ស្នើសុំ។

ប្រភព​ដដែល​អះអាង​ថា ក្នុង​ចំណោម​អ្នកទោស​ចំនួន ៦៧១​នាក់​ដែល​ស្នើសុំ​បន្ធូរបន្ថយ​ទោស មាន​ទណ្ឌិត​ចំនួន ៣៦៣​នាក់​បាន​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ក្នុង​ឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ទណ្ឌិត​ចំនួន ៣០៨​នាក់​បាន​ស្នើ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក។

ប្រភព​ដដែល​អះអាង​ថា ឆ្លងតាម​ការ​វាយតម្លៃ គណៈកម្មការ​ថ្នាក់​ជាតិ​ដែល​ទទួល​បាន​ពី​ពន្ធនាគារ​រាជធានី-ខេត្ត​ចំនួន​២២ មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ និង​មណ្ឌល​យុវនីតិសម្បទា បាន​រក​ឃើញ​ទណ្ឌិត​ដែល​មាន​លក្ខណៈ​សម្បត្តិ និង​លក្ខខណ្ឌ​គ្រប់គ្រាន់​អាច​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស និង​ការ​លើកលែង​ទោស​មាន​ចំនួន ៣៩០​នាក់ ក្នុង​នោះ​មាន​ស្រី ៣៥​នាក់។

ក្រសួង​យុត្តិធម៌ បាន​អះអាង​ថា ក្នុង​ចំណោម​ទណ្ឌិត ៣៩០​នាក់ មាន​ទណ្ឌិត​ចំនួន ៣០៤​នាក់​អាច​ទទួល​ការ​បន្ថយ​ទោស​រយៈពេល ៣​ខែ ទណ្ឌិត​ចំនួន ៨១​នាក់​អាច​ទទួល​ការ​បន្ថយ​ទោស​រយៈពេល ៦​ខែ ទណ្ឌិត​ចំនួន ៤​នាក់​អាច​ទទួល​ការ​បន្ថយ​ទោស​រយៈពេល ៩​ខែ និង​ទណ្ឌិត​ម្នាក់​អាច​ទទួល​ការ​លើកលែង​ទោស។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា ការ​សុំ​លើកលែង និង​បន្ធូរបន្ថយ​ទោស​កន្លង​មក តែងតែ​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​ជ្រើសរើស​ទណ្ឌិត ដោយសារ​តែ​មាន​ការ​ពាក់ព័ន្ធ​ករណី​អំពើពុករលួយ និង​រឿង​នយោបាយ។

លោក ស៊ឹង សែនករុណា អះអាង​ថា កន្លង​មក មន្ត្រី​អតីត​បក្ស​ប្រឆាំង សកម្មជន​ព្រៃឈើ សកម្មជន​ដីធ្លី កម្រ​នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្នើសុំ​បន្ធូរបន្ថយ ឬ​លើកលែង​ទោស​ណាស់ បើ​ទោះបីជា​ពួកគាត់​បាន​អនុវត្ត​ខ្លួន​ល្អ និង​អនុវត្ត​ទោស​បាន​ពីរ​ភាគ​បី​ក្នុង​ការ​ជាប់​ឃុំ​ក៏ដោយ។

លោក​ទទូច​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ធ្វើការ​ជ្រើសរើស​ដោយ​មាន​តម្លាភាព ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ទណ្ឌិត​ដែល​បាន​ខិតខំ​កែប្រែ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ។

កាលពី​ដើម​ឆ្នាំ​២០១៩ លោក ហ៊ុន សែន បាន​ជំរុញ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​មើល​លទ្ធភាព​ដោះ បន្ធូរបន្ថយ ឬ​លើកលែង​ទោស​ដល់​អ្នក​ជាប់​ឃុំ​ជា​ស្ត្រី ដើម្បី​ឱ្យ​ពួកគាត់​បាន​មក​ជួប​ក្រុម​គ្រួសារ ហើយ​មាន​ឱកាស​ប្រកប​មុខរបរ​ចិញ្ចឹម​គ្រួសារ​ឡើងវិញ ដោយ​លោក​ចាត់ទុក​ថា​ស្ត្រី​ជា​បង្គោល​គ្រួសារ​ដ៏​សំខាន់​ទៀត​ផង។

យោង​តាម​ព្រះរាជក្រឹត្យ​ស្ដីពី​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត ចុះ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២១ លើកឡើង​ថា ការ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ជាប់​ពន្ធនាគារ ធ្វើ​ឡើង​ចំនួន ៥​លើក​ក្នុង​មួយ​ឆ្នាំ គឺ​ក្នុង​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ បុណ្យ​វិសាខបូជា បុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះ​រាជពិធី​បុណ្យ​អុំទូក។

ការ​បន្ធូរបន្ថយ​ទោស លុះត្រាតែ​ទណ្ឌិត​បាន​អនុវត្ត​ទោស ១​ភាគ​៣ នៃ​ទោស​ដាក់​ពន្ធនាគារ​សរុប ដែល​តុលាការ​បាន​កំណត់ ហើយ​សម្រាប់​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត ទណ្ឌិត​ត្រូវ​ទទួល​រង​ទោស ១០​ឆ្នាំ​ជា​មុន​សិន៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version