អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលខ្មែរជំនាន់សម័យសង្គមរាស្ត្រនិយម និងរដ្ឋាភិបាលសម័យសាធារណរដ្ឋខ្មែរ សុទ្ធតែទាមទារចំណែកកម្មសិទ្ធិលើកោះគុត ដូច្នេះរដ្ឋាភិបាលត្រកូលហ៊ុនក៏ត្រូវបញ្ជាក់ពីជំហររបស់ខ្លួនលើបញ្ហាកោះគុតក្នុងពេលនេះដែរ។
អ្នកនាំពាក្យក្រុមអ្នកតស៊ូមតិកម្ពុជាដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក មួង ណារ៉េត បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៧ វិច្ឆិកា នេះថា ទាំងមន្ត្រីយោធា មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋថៃ សុទ្ធតែអះអាងដូចៗគ្នាថា កោះគុតគឺជាកម្មសិទ្ធិរបស់ថៃ ផ្ដាច់មុខ ចំណែកកម្ពុជាគ្មានចំណែកកម្មសិទ្ធិលើកោះនេះសូម្បីតែមួយមិល្លីម៉ែត្រឡើយ។
លោក មួង ណារ៉េត លើកឡើងថា ទោះបីរដ្ឋាភិបាលខ្មែរដែលកំពុងដឹកនាំដោយត្រកូលហ៊ុនបច្ចុប្បន្នមិនបានប្រកាសជាផ្លូវការអំពីជំហររឿងកោះគុតយ៉ាងណាក៏ដោយ ប៉ុន្តែរដ្ឋាភិបាលខ្មែរជំនាន់មុនៗសុទ្ធតែបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានចំណែកកម្មសិទ្ធិលើកោះនេះ ទាំងសម្តេចព្រះនរោត្តម សីហនុ ទាំងអតីតនាយករដ្ឋមន្ត្រីខ្មែរ លោក លន់ នល់ និងបារាំង ដែលធ្លាប់ជាអាណាព្យាបាលខ្មែរកន្លងមក។
លោកបញ្ជាក់ថា ស្ថិតក្នុងភាពចម្រូងចម្រាសនៃការទាមទារសិទ្ធិលើការគ្រប់គ្រងកោះគុត និងភាពមិនច្បាស់លាស់នៃព្រំដែនកម្ពុជា-ថៃ ដែលតែងកើតមានជាយូរមកហើយនោះ ពេលនេះគឺជាវេលាដ៏ស័ក្តិសមបំផុតសម្រាប់រដ្ឋាភិបាលត្រកូលហ៊ុន ចេញមកបញ្ជាក់ពីជំហររបស់ខ្លួនឱ្យពលរដ្ឋខ្មែរបានដឹងច្បាស់ជាផ្លូវការលើបញ្ហាដែលកំពុងប្រទាញប្រទង់គ្នានេះ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានអះអាងទៅកាន់ពលរដ្ឋថៃ ថា គ្មានការសង្ស័យទេ កោះគុតជាទឹកដីអធិបតេយ្យភាពរបស់ថៃ ផ្ដាច់មុខទៅហើយ។
នាយករដ្ឋមន្ត្រីថៃ រូបនេះបញ្ជាក់ថា ទាំងថៃ និងកម្ពុជា បានទទួលស្គាល់រួមគ្នារួចហើយថា កោះគុតជាទឹកដីថៃ ក្រោមសន្ធិសញ្ញាបារាំង ដោយភាគីកម្ពុជាមិនបានទាមទារយកកោះនេះឡើយ។
កោះគុត គឺជាកោះធំជាងគេលំដាប់ទី២ នៅក្នុងខេត្តត្រាត ហើយក៏ជាកោះធំជាងគេលំដាប់ទី៤នៅក្នុងប្រទេសថៃ ដែរ។ កោះនេះលាតសន្ធឹងលើផ្ទៃដីទំហំ ១០៥គីឡូម៉ែត្រការ៉េ ដែលមានបណ្តោយប្រវែង ២៥គីឡូម៉ែត្រ និងទទឹងទំហំ ១២គីឡូម៉ែត្រ។
យ៉ាងណាក៏ដោយ យោងតាមសៀវភៅភូមិវិទ្យាកម្ពុជា មានចំណងជើងថា ភូមិសាស្ត្រប្រទេសកម្ពុជាដែលត្រូវបានបោះពុម្ពអំឡុងឆ្នាំ២០១៥ បានបញ្ជាក់នៅក្នុងជំពូក១ ដោយបង្ហាញលើផែនទីថា កោះគុត គឺជាកម្មសិទ្ធិរបស់ខ្មែរ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
