32.5 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ជំហរ​ជុំវិញ​បញ្ហា​កោះ​គុត​ដូច​រដ្ឋាភិបាល​ជំនាន់​មុនៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​ខ្មែរ​ជំនាន់​សម័យ​សង្គម​រាស្ត្រ​និយម និង​រដ្ឋាភិបាល​សម័យ​សាធារណរដ្ឋ​ខ្មែរ សុទ្ធតែ​ទាមទារ​ចំណែក​កម្មសិទ្ធិ​លើ​កោះ​គុត ដូច្នេះ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ក៏​ត្រូវ​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​លើ​បញ្ហា​កោះ​គុត​ក្នុង​ពេល​នេះ​ដែរ។

អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក លោក មួង ណារ៉េត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា ទាំង​មន្ត្រី​យោធា មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ថៃ សុទ្ធតែ​អះអាង​ដូចៗ​គ្នា​ថា កោះ​គុត​គឺជា​កម្មសិទ្ធិ​របស់​ថៃ ផ្ដាច់មុខ ចំណែក​កម្ពុជា​គ្មាន​ចំណែក​កម្មសិទ្ធិ​លើ​កោះ​នេះ​សូម្បី​តែ​មួយ​មិល្លីម៉ែត្រ​ឡើយ។

លោក មួង ណារ៉េត លើកឡើង​ថា ទោះបី​រដ្ឋាភិបាល​ខ្មែរ​ដែល​កំពុង​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​បច្ចុប្បន្ន​មិន​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ជំហរ​រឿង​កោះ​គុត​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​ខ្មែរ​ជំនាន់​មុនៗ​សុទ្ធតែ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មាន​ចំណែក​កម្មសិទ្ធិ​លើ​កោះ​នេះ ទាំង​សម្តេច​ព្រះ​នរោត្តម សីហនុ ទាំង​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ លោក លន់ នល់ និង​បារាំង ដែល​ធ្លាប់​ជា​អាណាព្យាបាល​ខ្មែរ​កន្លង​មក។

លោក​បញ្ជាក់​ថា ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​នៃ​ការ​ទាមទារ​សិទ្ធិ​លើ​ការ​គ្រប់គ្រង​កោះ​គុត និង​ភាព​មិន​ច្បាស់លាស់​នៃ​ព្រំដែន​កម្ពុជា-ថៃ ដែល​តែង​កើតមាន​ជា​យូរ​មក​ហើយ​នោះ ពេលនេះ​គឺជា​វេលា​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ចេញ​មក​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​ដឹង​ច្បាស់​ជា​ផ្លូវការ​លើ​បញ្ហា​ដែល​កំពុង​ប្រទាញប្រទង់​គ្នា​នេះ។

កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បាន​អះអាង​ទៅ​កាន់​ពលរដ្ឋ​ថៃ ថា គ្មាន​ការ​សង្ស័យ​ទេ កោះ​គុត​ជា​ទឹកដី​អធិបតេយ្យភាព​របស់​ថៃ ផ្ដាច់មុខ​ទៅ​ហើយ។

នាយករដ្ឋមន្ត្រី​ថៃ រូប​នេះ​បញ្ជាក់​ថា ទាំង​ថៃ និង​កម្ពុជា បាន​ទទួលស្គាល់​រួម​គ្នា​រួច​ហើយ​ថា កោះ​គុត​ជា​ទឹកដី​ថៃ ក្រោម​សន្ធិសញ្ញា​បារាំង ដោយ​ភាគី​កម្ពុជា​មិន​បាន​ទាមទារ​យក​កោះ​នេះ​ឡើយ។

កោះ​គុត គឺជា​កោះ​ធំ​ជាងគេ​លំដាប់​ទី​២ នៅ​ក្នុង​ខេត្ត​ត្រាត ហើយ​ក៏​ជា​កោះ​ធំ​ជាងគេ​លំដាប់​ទី​៤​នៅ​ក្នុង​ប្រទេស​ថៃ ដែរ។ កោះ​នេះ​លាតសន្ធឹង​លើ​ផ្ទៃដី​ទំហំ ១០៥​គីឡូម៉ែត្រ​ការ៉េ ដែល​មាន​បណ្តោយ​ប្រវែង ២៥​គីឡូម៉ែត្រ និង​ទទឹង​ទំហំ ១២​គីឡូម៉ែត្រ។

យ៉ាងណា​ក៏ដោយ យោង​តាម​សៀវភៅ​ភូមិវិទ្យា​កម្ពុជា មាន​ចំណងជើង​ថា ភូមិសាស្ត្រ​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​បោះពុម្ព​អំឡុង​ឆ្នាំ​២០១៥ បាន​បញ្ជាក់​នៅ​ក្នុង​ជំពូក​១ ដោយ​បង្ហាញ​លើ​ផែនទី​ថា កោះ​គុត គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស