អង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ចាត់ទុកសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ ជាច្បាប់ដែលបំផ្លាញសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋដើម្បីការពាររបបដឹកនាំដែលមានលក្ខណៈសាហាវឃោរឃៅជាងរបបប្រល័យពូជសាសន៍។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមូលដ្ឋានក្នុងរដ្ឋវិចតូរីយ៉ា លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ ធ្នូ នេះថា ខ្លឹមសារពិត និងវត្ថុបំណងពិតប្រាកដរបស់អ្នកដែលផ្ដួចផ្ដើមសេចក្តីព្រាងច្បាប់នេះឡើង មិនមែនព្រោះខ្លាចគេមិនជឿថាមានការកាប់សម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យទេ ប៉ុន្តែមានចេតនាដើម្បីកុំឱ្យគេប្រៀបធៀបរបបដឹកនាំរបស់ខ្លួនថាមានលក្ខណៈសាហាវជាងរបបប្រល័យពូជសាសន៍តែប៉ុណ្ណោះ។
លោក ស៊ឹង សែនករុណា លើកឡើងថា ក្នុងមាត្រានៃច្បាប់នេះដែលបានកំណត់អំពីការផ្ដន្ទាទោសចំពោះអ្នកដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃសម័យកម្ពុជាប្រជាធិបតេយ្យ គឺបង្ហាញយ៉ាងច្បាស់ពីចេតនាក្នុងការបំបិទសិទ្ធិអ្នកដែលរិះគន់លើការដឹកនាំរបស់ខ្លួន ដែលកន្លែងខ្លះមានលក្ខណៈសាហាវឃោរឃៅជាងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ប្រធានអង្គការក្រៅរដ្ឋាភិបាលរូបនេះបញ្ជាក់ថា ទោះពួកគេខំប្រើវិធីបំបិទមាត់ពលរដ្ឋយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចបិទមាត់បានរហូតដែរ ព្រោះជាលក្ខណៈធម្មជាតិ បើមានការគាបសង្កត់ នោះការរើបម្រះក៏នឹងផ្ទុះចេញពីការគាបសង្កត់នោះយ៉ាងពិតប្រាកដដែរ។ ជាក់ស្តែង របបដឹកនាំរបស់លោក អាល់អាសាដ ដែលមានអាយុកាលរាប់សិបឆ្នាំមកហើយនោះ ក៏នៅតែដួលរលំដោយសារតែការគាបសង្កត់នេះដែរ។
សូមបញ្ជាក់ថា៖ ឃ្លាប្រយោគនេះជាពាក្យពេចន៍ភាសាដែលចលនាកុម្មុយនីស្តខ្មែរក្រហម និងយៀកមិញក្រហមប្រើដើម្បីឃោសនាអូសទាញប្រជារាស្ត្រឲ្យចូលព្រៃតស៊ូប្រឆាំងនឹងរបបសក្ដិភូមិសេរី នាយទុន មូលធននិយមក្នុងអតីតកាល។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហមពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
សេចក្តីព្រាងច្បាប់ថ្មីនេះបានបន្ថែម ២មាត្រាពីលើច្បាប់ចាស់ដែលមានត្រឹមតែ ៥មាត្រា ក្នុងការផ្ដន្ទាទោសចំពោះអ្នកដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ។
កាលពីឆ្នាំ២០១៣ ច្បាប់នេះត្រូវសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា អនុម័ត និងប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រមចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ម្តងរួចមកហើយ តាមសំណើរបស់លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនាពេលនោះ ក្រោយពីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអះអាងថាគ្មានការកាប់សម្លាប់ក្នុងគុកទួលស្លែង។
មាត្រា២ នៃច្បាប់ចាស់ បានកំណត់ថា អ្នកមិនទទួលស្គាល់ ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងសម័យខ្មែរក្រហម នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ២ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ១លានរៀលទៅ ៤លានរៀល។ ដោយឡែកមាត្រា៤ បានចែងអំពីទោសបន្ថែមសម្រាប់នីតិបុគ្គលផងដែរ ដែលនឹងត្រូវពិន័យជាប្រាក់ពី ៥០លានរៀលទៅ ៥០០លានរៀលឯណោះ។
គួរកត់សម្គាល់តាមចំណារប្រវត្តិសាស្ត្រថា៖ ក្រោយរបបខ្មែរក្រហមដួលរលំ របបថ្មី សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបន្តុបដោយកងទ័ព និងជំនាញការយៀកណាម បានបង្កើតសាលាជំនុំជម្រះក្តីអំពីករណីប្រល័យពូជសាសន៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត និង អៀង សារី ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ (ឬត្រឹមថ្ងៃ ៧មករា)។ សាលាក្ដីបើកសម័យជំនុំជម្រះក្តីនៅសាលសន្និសិទចតុមុខ ក្រុងភ្នំពេញ មានឈ្មោះថា តុលាការប្រជាជនបដិវត្តន៍ បានអញ្ជើញតំណាងប្រតិភូពីខេត្តនានាចំនួនពីរនាក់ចូលរួម។ សាលាក្ដីវិនិច្ឆ័យមេដឹកនាំខ្មែរក្រហមប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៩ មានការចូលរួមពីសាក្សី ៣៩នាក់ និងមានលោក កែវ ចន្តា ជាប្រធានអយ្យការ។ ការចោទប្រកាន់មេដឹកនាំខ្មែរក្រហមទាំងពីររូបអំពីបទប្រល័យពូជសាសន៍ គឺយោងតាមមាត្រា២ នៃក្រឹត្យច្បាប់លេខ១ តាក់តែងឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៧៩។
អ្នកសង្កេតការណ៍បស្ចិមប្រទេសចាត់ទុកសាលាវិនិច្ឆ័យគ្រានោះថាជាតុលាការឆាកល្ខោន ដែលរៀបចំដោយរដ្ឋអំណាចយៀកណាមទាំងស្រុង ពីព្រោះការចាប់កំហុស ចាប់ទោស ប៉ុល ពត និង អៀង សារី អំពីបទប្រល័យពូជសាសន៍លើប្រជាជនមិនរើសមុខ វាហួសពីអត្ថន័យចែងក្នុងអនុសញ្ញាអន្តរជាតិឆ្នាំ១៩៤៨។
អ្នកវិភាគខាងច្បាប់អន្តរជាតិ និយាយថា ការចោទប្រកាន់បែបនោះ ពោលគឺសម្លាប់មនុស្សមួយនគរពី ២ ទៅ ៣លាននាក់ ដោយមិនបញ្ជាក់អំពីជនជាតិទទួលការការពារ protected group គឺជនជាតិភាគតិច មិនមែនស្ថិតក្នុងន័យប្រល័យពូជសាសន៍ទេ។
អ្នកខ្លះទៀតនិយាយថា ការចោទថា ប៉ុល ពត និង អៀង សារី ប្រល័យពូជសាសន៍ខ្មែរ ជារឿងមិនពិត។ ផ្ទុយទៅវិញ វាជាលេសឲ្យក្រុងហាណូយ ឆក់យកឱកាសល្អនោះវាយលុកលុយ ឈ្លានពាន ត្រួតត្រាកាន់កាប់ប្រទេសកម្ពុជា ដោយសំអាងថាមកជួយសង្គ្រោះជីវិតពលរដ្ឋខ្មែរ។
រឿងពិតម្យ៉ាងទៀត សម័យខ្មែរក្រហមសឹងតែពុំមានជនជាតិយៀកណាម រស់នៅក្នុងស្រុកខ្មែរទេ ពីព្រោះរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ បានបញ្ជូនទៅប្រទេសយៀកណាមខាងត្បូងសឹងតែអស់ទៅហើយ ប៉ុន្តែបើនៅសល់ខ្លះមិនព្រមចាកចេញ គឺពួកទ័ពព្រៃយៀកកុង៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
