អតីតប្រធានបក្សក្រៅរដ្ឋាភិបាលដែលកំពុងជាប់ឃុំ ច្រានចោលសេចក្តីសម្រេចពីសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែបែរជាបដិសេធប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ដោយសារតែអស់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅប្រទេសកម្ពុជា។
អតីតប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានចេញសេចក្តីថ្លែងការណ៍ពីពន្ធនាគារកាលពីពេលថ្មីៗនេះថា លោកបានស្គាល់តុលាការនៅប្រទេសកម្ពុជាគ្រប់ជាន់ថ្នាក់អស់ហើយ តាំងពីសាលាដំបូងរហូតដល់សាលាកំពូល គឺជាស្ថាប័នគ្មានឯករាជ្យ គ្មានយុត្តិធម៌ និងជាស្ថាប័នដែលពោរពេញដោយអំពើពុករលួយ ធ្វើតាមតែបញ្ជាអ្នកមានអំណាចតែប៉ុណ្ណោះ។
លោក ស៊ុន ចន្ធី លើកឡើងថា ការចាប់ខ្លួនលោកដាក់ពន្ធនាគារនៅពេលនេះ គឺជាហេតុផលនយោបាយសុទ្ធសាធ ដើម្បីបង្ក្រាបសំឡេងប្រឆាំងពិតប្រាកដនៅប្រទេសកម្ពុជា ព្រោះការដកសិទ្ធិនយោបាយរបស់លោកអស់មួយជីវិតនៅពេលនេះ គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា លោក ហ៊ុន ម៉ាណែត ដែលត្រូវឈរជាបេក្ខជននាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយៗទៀត គឺជាមនុស្សទន់ខ្សោយដោយសារតែបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត។
អតីតមន្ត្រីជាន់ខ្ពស់បក្សក្រៅរដ្ឋាភិបាលរូបនេះបញ្ជាក់ថា ការកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ២ឆ្នាំ និងដកហូតសិទ្ធិនយោបាយអស់មួយជីវិតបែបនេះ គឺបង្ហាញអំពីចរិតបង្ក្រាបដ៏សាហាវឃោរឃៅរបស់អ្នកនយោបាយបក្សកាន់អំណាចកាន់តែព្រៃផ្សៃមកលើរូបលោក និងអ្នកនយោបាយប្រឆាំងដទៃទៀតដែលមានឆន្ទៈចង់ជួយប្រទេសជាតិពិតប្រាកដ។
ការចេញសេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញសម្រេចដកហូតសិទ្ធិនយោបាយអតីតប្រធានគណបក្សកម្លាំងជាតិ អស់មួយជីវិត និងដាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំនៅពេលនេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ កុម្ភៈ នេះថា ការសម្រេចចិត្តរបស់លោក ស៊ុន ចន្ធី គឺជារឿងត្រឹមត្រូវ ព្រោះតុលាការក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះគ្រាន់តែជាស្ថាប័នតេឡេសម្រាប់អ្នកមានអំណាចបញ្ជាស្រេចតែនឹងចិត្តប៉ុណ្ណោះ ដូច្នេះទោះជាលោក ស៊ុន ចន្ធី ប្តឹងជំទាស់ក៏មិនទទួលបានយុត្តិធម៌ដែរ។
លោក អ៊ុំ សំអាន លើកឡើងថា ការសម្រេចចិត្តរបស់លោក ស៊ុន ចន្ធី បែបនេះ ក៏បង្ហាញពីការតំណាងឆន្ទៈឱ្យពលរដ្ឋខ្មែរជាច្រើនទៀតដែរ ដែលអស់ជំនឿលើប្រព័ន្ធយុត្តិធម៌ខ្មែរសព្វថ្ងៃនេះ គ្រាន់តែពួកគេរងនូវការគំរាមកំហែងមិនហ៊ានបញ្ចេញមតិប៉ុណ្ណោះ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា ការបាត់បង់ជំនឿចិត្តពីពលរដ្ឋលើប្រព័ន្ធយុត្តិធម៌បែបនេះ នឹងជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងទៅដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ដែលជាហេតុនាំឱ្យជនបរទេសទាំងអ្នកវិនិយោគ ទាំងអ្នកទេសចរ ជាដើម មិនហ៊ានចូលទៅប្រទេសកម្ពុជា ដើម្បីបណ្ដាក់ទុន ឬធ្វើដំណើរកម្សាន្តឡើយ។
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងអតីតប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ពេល ២ឆ្នាំ និងត្រូវដកហូតសិទ្ធិមិនឱ្យបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតមួយជីវិតថែមទៀត៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
