អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី លើកឡើងថា បើអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឌី វិជ្ជា សហការជាមួយរដ្ឋាភិបាលបារាំង វែកមុខរកឃាតករពិតនៅពីក្រោយឃាតកម្មលោក លិម គិមយ៉ា គឺស្មើនឹងវែកមុខឃាតករពិតដែលបានសម្លាប់ឪពុកលោក គឺលោក ហុក ឡង់ឌី កាលពី ១៧ឆ្នាំមុនដែរ។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ កុម្ភៈ នេះថា លោក ឌី វិជ្ជា គួរតែសហការជាមួយរដ្ឋាភិបាលបារាំង ដើម្បីវែកបង្ហាញមុខរកឃាតករពិតនៅពីក្រោយឃាតកម្មលោក លិម គិមយ៉ា ព្រោះពលរដ្ឋខ្មែរគ្រប់រូប រួមទាំងអន្តរជាតិផង សុទ្ធតែបានដឹងហើយថាឃាតករពិតនៅពីក្រោយឃាតកម្មលោក លិម គិមយ៉ា និងឃាតកម្មលោក ហុក ឡងឌី គឺជាមនុស្សតែមួយ។
លោក សម រង្ស៊ី លើកឡើងថា លោក ឌី វិជ្ជា គួរតែចេញមុខលាតត្រដាងអាថ៌កំបាំងខ្មៅកខ្វក់របស់លោក ហ៊ុន សែន ដើម្បីស្វែងរកយុត្តិធម៌ជូនលោក លិម គិមយ៉ា ក៏ដូចជាការស្វែងរកយុត្តិធម៌ជូនលោក ហុក ឡងឌី ឪពុករបស់លោកដែរ។
មេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា លោក ហ៊ុន សែន សម្រេចចិត្តសម្លាប់លោក ហុក ឡង់ឌី ដោយសារតែគាត់ដឹងរឿងអាក្រក់របស់ខ្លួនច្រើនពេក ជាពិសេសលោក ហុក ឡង់ឌី ត្រៀមលាតត្រដាងនូវបញ្ជាដែលគាត់បានទទួលពីលោក ហ៊ុន សែន ឲ្យសម្លាប់ប្រធានសហជីពសេរីកម្មករលោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ កន្លងទៅនោះ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Jacques Pellet បានជួបជាមួយអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្ដមសេនីយ៍ ឌី វិជ្ជា ដើម្បីពិភាក្សាអំពីវិធានការខាងអាជ្ញាធរខ្មែរក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតខាងប្រទេសថៃ ជុំវិញឃាតកម្មលើពលរដ្ឋបារាំង លោក លិម គិមយ៉ា។
ឯកអគ្គរដ្ឋទូតបារាំង លោក Jacques Pellet បញ្ជាក់ថា ប្រទេសបារាំងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីការស៊ើបអង្កេតដែលធ្វើឡើងដោយប្រទេសថៃ ដើម្បីស្វែងរកការពិតចំពោះករណីនេះ។
ជុំវិញបញ្ហានេះ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឌី វិជ្ជា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ កុម្ភៈ នេះ ដោយចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថាជាព័ត៌មានមិនពិត និងជាការចោទប្រកាន់គ្មានមូលដ្ឋានក្នុងចេតនាអាក្រក់ដើម្បីទម្លាក់កំហុសលើថ្នាក់ដឹកនាំប្រទេសកម្ពុជាប៉ុណ្ណោះ។
លោក ឌី វិជ្ជា បញ្ជាក់ថា ប្រទេសកម្ពុជាមានច្បាប់ទម្លាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីមួយតាមការនឹកឃើញនោះទេ។
ទោះជាយ៉ាងណាក៏ដោយ សកម្មជនសហគមន៍ខ្មែរនៃទីក្រុងឡងប៉ិច លោក មួង ណារ៉េត លើកឡើងថា ក្រៅពីរដ្ឋាភិបាលបារាំង ពិភពលោកទាំងមូលក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ដែរថា តើពេលណាទើបរដ្ឋាភិបាលកម្ពុជាបង្ហាញពីលទ្ធផលអំពីការស៊ើបអង្កេត និងការចាប់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ គឹមស្រ៊ិន និងឈ្មោះ លី រតនៈរស្មី និងអ្នកឯទៀតដែលនៅពីក្រោយអំពើឃាតកម្មលោក លិម គិមយ៉ា នោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
