The Cambodia Daily Khmer

លោក ហ៊ុន សែន គំរាម​បន្ត​កម្ទេច​ក្រុម​ប្រឆាំង​មិន​ឈប់ឈរ​រហូត​ទាល់តែ​អស់​ពី​ទឹកដី​ខ្មែរ

អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន កាលពី​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៥។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​បំបែក​ក្រុម​បក្ស​ប្រឆាំង​បន្ត​ទៅ​ទៀត​ដោយ​មិន​ទុក​ឱ្យ​ពួកគេ​រួច​ខ្លួន​ដាច់ខាត ក្រោម​ហេតុផល​ថា អ្នក​ទាំងនោះ​ព្យាយាម​បំបែក​បំបាក់​សាមគ្គី​ផ្ទៃក្នុង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន កាត់​មុខ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន នៅ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៥ នេះ ដោយ​ព្រមាន​ទៅ​កាន់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ថា សូម​កុំ​ព្យាយាម​បំបែក​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​សោះ ព្រោះ​ថា​បើ​អ្នក​កាន់តែ​ព្យាយាម​បំបែក​ផ្ទៃក្នុង​បក្ស​កាន់​អំណាច គឺ​អ្នក​ខ្លួនឯង​ទៅវិញ​ទេ​ដែល​បែកបាក់​កាន់តែ​ខ្លាំង​នោះ។

លោក ហ៊ុន សែន លើកឡើង​ថា ទាំង​បក្ស​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​នៅ​លើ​ពិភពលោក គ្មាន​បក្ស​នយោបាយ​ណា​រឹងមាំ​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​កើត​ចេញពី​ការ​ច្របាច់​បញ្ចូល​គ្នា​ពី​ចលនា​តស៊ូ ៥​ក្រុម មក​នៅតែ​មួយ​ក្រុម និង​បន្ត​រួមរស់​សាមគ្គី​ជា​កម្លាំង​តែ​មួយ​អស់​រយៈពេល ៤៨​ឆ្នាំ​មក​នោះ។

អ្នក​តាមដាន និង​វិភាគ​នយោបាយ​ខ្មែរ ធ្លាប់​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពី​មុន​ហៅថា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ជា​សាខា​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន បង្កើត​ដោយ​មេដឹកនាំ​យៀកណាម ហើយ​ជ្រោមជ្រែង​ទ្រទ្រង់​ដល់​សព្វថ្ងៃ​ឲ្យ​តែ​បក្ស​នេះ​បម្រើ​ប្រយោជន៍​យៀកណាម ឬ​ក៏​ចិន។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​កាន់តែ​រឹងមាំ នោះ​មាន​ន័យ​ថា ក្រុម​ប្រឆាំង​ដែល​មាន​ផែនការ​បំបែក​សាមគ្គី​ផ្ទៃក្នុង​បក្ស​កាន់​អំណាច ក៏​កាន់តែ​បែកបាក់​ដោយ​ខ្លួនឯង​ដែរ។ ជាក់ស្តែង បក្ស​នយោបាយ​ដែល​ធ្លាប់​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា​កន្លង​មក បាន​បែកបាក់ និង​រលំរលាយ​អស់​ហើយ។

អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា លោក ហ៊ីង សុខសាន្ត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ មីនា នេះ​ថា គណបក្ស​ប្រឆាំង​មិន​អាច​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ។ ជាមួយ​គ្នា​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ទោះ​មាន​កម្លាំង​នយោបាយ និង​ធនធាន​គ្រប់បែប​យ៉ាងណា​ក៏ដោយ ក៏​មិន​អាច​បំបែកបំបាក់​គណបក្ស​ប្រឆាំង​បាន​ដែរ។

លោក ហ៊ីង សុខសាន្ត អះអាង​ថា គណបក្ស​ប្រឆាំង​ដែល​បែកបាក់​សាមគ្គី​រលំរលាយ​ដូច​សព្វថ្ងៃ​នេះ មិនមែន​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គឺ​ដោយសារ​លោក សម រង្ស៊ី ជា​អ្នក​បំបែក​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ព្រោះ​គាត់​បាន​បោះបង់​គណបក្ស​សង្គ្រោះ​ជាតិ និង​ដៃគូ​នយោបាយ​របស់​ខ្លួន គឺ​លោក កឹម សុខា ចោល។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ការ​បែកបាក់​កម្លាំង​សាមគ្គី​ជាតិ​ខ្មែរ​ទាំងមូល​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ក៏​ដោយសារ​លោក ហ៊ុន សែន ដែរ ព្រោះ​គាត់​ព្យាយាម​កម្ចាត់​នយោបាយ​ប្រឆាំង​គ្រប់​បែប​យ៉ាង ដើម្បី​តែ​អំណាច​បន្ត​ត្រកូល​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version