មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ព្រមានបំបែកក្រុមបក្សប្រឆាំងបន្តទៅទៀតដោយមិនទុកឱ្យពួកគេរួចខ្លួនដាច់ខាត ក្រោមហេតុផលថា អ្នកទាំងនោះព្យាយាមបំបែកបំបាក់សាមគ្គីផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជា។
អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន លើកឡើងក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ លោក ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន កាត់មុខនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ ដោយព្រមានទៅកាន់ក្រុមអ្នកនយោបាយប្រឆាំងថា សូមកុំព្យាយាមបំបែកផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាឱ្យសោះ ព្រោះថាបើអ្នកកាន់តែព្យាយាមបំបែកផ្ទៃក្នុងបក្សកាន់អំណាច គឺអ្នកខ្លួនឯងទៅវិញទេដែលបែកបាក់កាន់តែខ្លាំងនោះ។
លោក ហ៊ុន សែន លើកឡើងថា ទាំងបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា ទាំងនៅលើពិភពលោក គ្មានបក្សនយោបាយណារឹងមាំដូចគណបក្សប្រជាជនកម្ពុជាឡើយ ព្រោះគណបក្សប្រជាជនកម្ពុជាកើតចេញពីការច្របាច់បញ្ចូលគ្នាពីចលនាតស៊ូ ៥ក្រុម មកនៅតែមួយក្រុម និងបន្តរួមរស់សាមគ្គីជាកម្លាំងតែមួយអស់រយៈពេល ៤៨ឆ្នាំមកនោះ។
អ្នកតាមដាន និងវិភាគនយោបាយខ្មែរ ធ្លាប់និយាយថា គណបក្សប្រជាជនកម្ពុជា ដែលពីមុនហៅថា បក្សប្រជាជនបដិវត្តន៍កម្ពុជា ជាសាខាបក្សកុម្មុយនីស្តឥណ្ឌូចិន បង្កើតដោយមេដឹកនាំយៀកណាម ហើយជ្រោមជ្រែងទ្រទ្រង់ដល់សព្វថ្ងៃឲ្យតែបក្សនេះបម្រើប្រយោជន៍យៀកណាម ឬក៏ចិន។
មេដឹកនាំបក្សកាន់អំណាចរូបនេះបញ្ជាក់ថា នៅពេលដែលរដ្ឋាភិបាលប្រទេសកម្ពុជាស្ថិតក្រោមការដឹកនាំរបស់បក្សកាន់អំណាចកាន់តែរឹងមាំ នោះមានន័យថា ក្រុមប្រឆាំងដែលមានផែនការបំបែកសាមគ្គីផ្ទៃក្នុងបក្សកាន់អំណាច ក៏កាន់តែបែកបាក់ដោយខ្លួនឯងដែរ។ ជាក់ស្តែង បក្សនយោបាយដែលធ្លាប់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជាកន្លងមក បានបែកបាក់ និងរលំរលាយអស់ហើយ។
អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ហ៊ីង សុខសាន្ត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២១ មីនា នេះថា គណបក្សប្រឆាំងមិនអាចបំបែកបំបាក់គណបក្សប្រជាជនកម្ពុជាបានទេ។ ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជាទោះមានកម្លាំងនយោបាយ និងធនធានគ្រប់បែបយ៉ាងណាក៏ដោយ ក៏មិនអាចបំបែកបំបាក់គណបក្សប្រឆាំងបានដែរ។
លោក ហ៊ីង សុខសាន្ត អះអាងថា គណបក្សប្រឆាំងដែលបែកបាក់សាមគ្គីរលំរលាយដូចសព្វថ្ងៃនេះ មិនមែនដោយសារគណបក្សប្រជាជនកម្ពុជាទេ គឺដោយសារលោក សម រង្ស៊ី ជាអ្នកបំបែកដោយខ្លួនឯងប៉ុណ្ណោះ ព្រោះគាត់បានបោះបង់គណបក្សសង្គ្រោះជាតិ និងដៃគូនយោបាយរបស់ខ្លួន គឺលោក កឹម សុខា ចោល។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះលើកឡើងថា ការបែកបាក់កម្លាំងសាមគ្គីជាតិខ្មែរទាំងមូលរវាងបក្សកាន់អំណាច និងបក្សប្រឆាំង ក៏ដោយសារលោក ហ៊ុន សែន ដែរ ព្រោះគាត់ព្យាយាមកម្ចាត់នយោបាយប្រឆាំងគ្រប់បែបយ៉ាង ដើម្បីតែអំណាចបន្តត្រកូលក្នុងក្រុមគ្រួសាររបស់គាត់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

