មេដឹកនាំក្រាញអំណាចផ្ដាច់មុខនៅកម្ពុជា លោក ហ៊ុន សែន កំពុងជួបទុក្ខធំក្នុងគ្រួសារ ត្បិតភរិយារបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី កំពុងឆ្លងកាត់ដំណាក់កាលវះកាត់នៅមន្ទីរពេទ្យ ស្របពេលដែលលោក ហ៊ុន សាន ដែលត្រូវជាបងប្រុសបង្កើតរបស់លោក ក៏កំពុងមានរោគាព្យាធិដ៏ធ្ងន់ធ្ងរ។
លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ មីនា នេះថា ពេលនេះលោកកំពុងមានទុក្ខធ្ងន់ផ្ទួនៗព្រោះភរិយារបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី ត្រូវវះកាត់ក្នុងពេលជាមួយគ្នានេះ បងប្រុសបង្កើតរបស់លោក គឺលោក ហ៊ុន សាន ក៏នឹងអាចលាចាកលោកនេះដោយសារជំងឺក្នុងពេលឆាប់ៗនេះដែរ។
មេដឹកនាំបក្សកាន់អំណាចរូបនេះអះអាងថា បើទោះបីជាពេលនេះភរិយារបស់លោកបានឆ្លងផុតដំណាក់កាលគ្រោះថ្នាក់នៃការវះកាត់ហើយក៏ដោយ ប៉ុន្តែបងប្រុសទីមួយរបស់លោកបែរជាកំពុងប្រឈមនៃលាចាកលោកក្នុងដ៏ពេលខ្លីខាងមុខនេះទៅវិញ ហើយក្រុមគ្រួសាររបស់លោកក៏បានត្រៀមខ្លួនទទួលយកនូវការឈឺចាប់ដែលមិនអាចចៀសផុតនេះរួចហើយដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា ក្នុងករណីបងប្រុសរបស់លោកចែកឋានមែន នោះរាល់គ្រប់កម្មវិធីនៃពិធីបុណ្យសពទាំងអស់ ច្បាស់ជាមិនមានវត្តមានភរិយារបស់លោកឡើយ។
កាលពីចុងខែមករា ឆ្នាំ២០២៤ អ្នកស្រី ប៊ុន រ៉ានី ធ្លាប់ដួលសន្លប់ក្នុងបន្ទប់ទឹកបណ្តាលឱ្យប៉ះទង្គិចក្បាល និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតម្តងរួចទៅហើយ។
ការសង្គ្រោះបន្ទាន់របស់អ្នកស្រី ប៊ុន រ៉ានី នៅពេលនេះ គឺជាលើកទី៣ ហើយ បន្ទាប់ពីភរិយាមេដឹកនាំក្រាញអំណាចកំពូលនៅកម្ពុជារូបនេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅបរទេសជុំវិញជំងឺឆ្អឹងខ្នងកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។
អ្នកស្រី ប៊ុន រ៉ានី កើតនៅឆ្នាំ១៩៥៧ ហើយបើគិតមកដល់ពេលនេះ គឺមានអាយុ ៦៨ឆ្នាំហើយ ប៉ុន្តែក្នុងវ័យជិត ៧០ឆ្នាំរបស់គាត់ គេក៏រកឃើញថា អ្នកស្រីធ្លាប់មានបាតដៃប្រឡាក់ឈាម ដោយសារតែរឿងភ្លើងប្រច័ណ្ឌស្នេហាត្រីកោណរវាងលោក ហ៊ុន សែន ជាមួយនឹងនាដការីរបាំព្រះរាជទ្រព្យអ្នកស្រី ពិសិដ្ឋ ពីលីកា កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៩៩ កន្លងទៅ។
ជាក់ស្តែង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៩៩ ទស្សនាវដី្ត អ៊ិចប្រេស របស់បារាំង បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា «ការលាតត្រដាងនូវឧក្រិដ្ឋកម្មដែលបង្កឡើងដោយភ្នាក់ងាររដ្ឋ» ដែលបានចោទថា អ្នកស្រី ប៊ុន រ៉ានី ជាអ្នកបញ្ជាឃាតករឱ្យបាញ់សម្លាប់នាដការីរបាំព្រះរាជទ្រព្យ អ្នកស្រី ពិសិដ្ឋ ពីលីកា ដែលជាសហាយស្មន់របស់លោក ហ៊ុន សែន នៅឆ្នាំនោះ។
ជុំវិញបញ្ហានេះមានការបញ្ចេញមតិមួយចំនួនលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាហូរហែផងដែរ ក្នុងនោះអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាបន់ស្រន់ឱ្យអ្នកស្រី ប៊ុន រ៉ានី ឆាប់ជាសះស្បើយ។ ចំណែកអ្នកគាំទ្របក្សប្រឆាំងខ្លះសុំឱ្យលោក ហ៊ុន សែន គិតដល់គ្រួសារខ្មែរជួបទុក្ខក្រោមអំណាចគាបសង្កត់របស់គាត់ផង ព្រោះពលរដ្ឋខ្មែរច្រើនណាស់ដែលជួបទុក្ខព្រាត់ប្រាសគ្រួសារដោយការដឹកនាំរបស់គាត់ ក៏ជាទុក្ខដ៏ធំក្នុងជីវិតរបស់ពួកគេដូចលោក ហ៊ុន សែន ដែលកំពុងជួបទុក្ខក្នុងពេលនេះដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
