30.9 C
Phnom Penh

លោក ហ៊ុន សែន៖ ភរិយា​កំពុង​សង្គ្រោះ​បន្ទាន់ ស្រប​ពេល​ដែល​បងប្រុស​របស់​លោក​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន កំពុង​ជួប​ទុក្ខ​ធំ​ក្នុង​គ្រួសារ ត្បិត​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី កំពុង​ឆ្លងកាត់​ដំណាក់កាល​វះកាត់​នៅ​មន្ទីរពេទ្យ ស្រប​ពេល​ដែល​លោក ហ៊ុន សាន ដែល​ត្រូវ​ជា​បងប្រុស​បង្កើត​របស់​លោក ក៏​កំពុង​មាន​រោគាព្យាធិ​ដ៏​ធ្ងន់ធ្ងរ។

លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា ពេលនេះ​លោក​កំពុង​មាន​ទុក្ខ​ធ្ងន់​ផ្ទួនៗ​ព្រោះ​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី ត្រូវ​វះកាត់​ក្នុង​ពេល​ជាមួយ​គ្នា​នេះ បងប្រុស​បង្កើត​របស់​លោក គឺ​លោក ហ៊ុន សាន ក៏​នឹង​អាច​លាចាក​លោក​នេះ​ដោយសារ​ជំងឺ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​អះអាង​ថា បើ​ទោះបីជា​ពេលនេះ​ភរិយា​របស់​លោក​បាន​ឆ្លង​ផុត​ដំណាក់កាល​គ្រោះថ្នាក់​នៃ​ការ​វះកាត់​ហើយ​ក៏ដោយ ប៉ុន្តែ​បងប្រុស​ទី​មួយ​របស់​លោក​បែរ​ជា​កំពុង​ប្រឈម​នៃ​លាចាក​លោក​ក្នុង​ដ៏​ពេល​ខ្លី​ខាងមុខ​នេះ​ទៅវិញ ហើយ​ក្រុម​គ្រួសារ​របស់​លោក​ក៏​បាន​ត្រៀម​ខ្លួន​ទទួលយក​នូវ​ការ​ឈឺចាប់​ដែល​មិន​អាច​ចៀស​ផុត​នេះ​រួច​ហើយ​ដែរ។

លោក ហ៊ុន សែន បញ្ជាក់​ថា ក្នុង​ករណី​បងប្រុស​របស់​លោក​ចែក​ឋាន​មែន នោះ​រាល់​គ្រប់​កម្មវិធី​នៃ​ពិធីបុណ្យ​សព​ទាំងអស់ ច្បាស់​ជា​មិន​មាន​វត្តមាន​ភរិយា​របស់​លោក​ឡើយ។

កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៤ អ្នកស្រី ប៊ុន រ៉ានី ធ្លាប់​ដួល​សន្លប់​ក្នុង​បន្ទប់ទឹក​បណ្តាល​ឱ្យ​ប៉ះទង្គិច​ក្បាល និង​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ម្តង​រួច​ទៅ​ហើយ។

ការ​សង្គ្រោះ​បន្ទាន់​របស់​អ្នកស្រី ប៊ុន រ៉ានី នៅ​ពេលនេះ គឺជា​លើក​ទី​៣ ហើយ បន្ទាប់ពី​ភរិយា​មេដឹកនាំ​ក្រាញ​អំណាច​កំពូល​នៅ​កម្ពុជា​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​បរទេស​ជុំវិញ​ជំងឺ​ឆ្អឹងខ្នង​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ។

អ្នកស្រី ប៊ុន រ៉ានី កើត​នៅ​ឆ្នាំ​១៩៥៧ ហើយ​បើ​គិត​មក​ដល់​ពេលនេះ គឺ​មាន​អាយុ ៦៨​ឆ្នាំ​ហើយ ប៉ុន្តែ​ក្នុង​វ័យ​ជិត ៧០​ឆ្នាំ​របស់​គាត់ គេ​ក៏​រក​ឃើញ​ថា អ្នកស្រី​ធ្លាប់​មាន​បាតដៃ​ប្រឡាក់​ឈាម ដោយសារតែ​រឿង​ភ្លើង​ប្រច័ណ្ឌ​ស្នេហា​ត្រីកោណ​រវាង​លោក ហ៊ុន សែន ជាមួយ​នឹង​នាដការី​របាំ​ព្រះ​រាជទ្រព្យ​អ្នកស្រី ពិសិដ្ឋ ពីលីកា កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩៩ កន្លង​ទៅ។

ជាក់ស្តែង កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​១៩៩៩ ទស្សនាវដី្ត អ៊ិចប្រេស របស់​បារាំង បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា «ការ​លាតត្រដាង​នូវ​ឧក្រិដ្ឋកម្ម​ដែល​បង្ក​ឡើង​ដោយ​ភ្នាក់ងារ​រដ្ឋ» ដែល​បាន​ចោទ​ថា អ្នកស្រី ប៊ុន រ៉ានី ជា​អ្នក​បញ្ជា​ឃាតករ​ឱ្យ​បាញ់​សម្លាប់​នាដការី​របាំ​ព្រះ​រាជទ្រព្យ អ្នកស្រី ពិសិដ្ឋ ពីលីកា ដែល​ជា​សហាយស្មន់​របស់​លោក ហ៊ុន សែន នៅ​ឆ្នាំ​នោះ។

ជុំវិញ​បញ្ហា​នេះ​មាន​ការ​បញ្ចេញមតិ​មួយ​ចំនួន​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ជា​ហូរហែ​ផង​ដែរ ក្នុង​នោះ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បន់ស្រន់​ឱ្យ​អ្នកស្រី ប៊ុន រ៉ានី ឆាប់​ជាសះស្បើយ។ ចំណែក​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ខ្លះ​សុំ​ឱ្យ​លោក ហ៊ុន សែន គិត​ដល់​គ្រួសារ​ខ្មែរ​ជួប​ទុក្ខ​ក្រោម​អំណាច​គាប​សង្កត់​របស់​គាត់​ផង ព្រោះ​ពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់​ដែល​ជួប​ទុក្ខ​ព្រាត់ប្រាស​គ្រួសារ​ដោយ​ការ​ដឹកនាំ​របស់​គាត់ ក៏​ជា​ទុក្ខ​ដ៏​ធំ​ក្នុង​ជីវិត​របស់​ពួកគេ​ដូច​លោក ហ៊ុន សែន ដែល​កំពុង​ជួប​ទុក្ខ​ក្នុង​ពេល​នេះ​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស